ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃដែលកំពុងឈប់ចតនៅលើចិញ្ចើមថ្នល់ពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៦កក្កដា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦A ក្នុងភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៉ុក ដារ៉ា អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃវែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខប.ជ1L-4044 ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃឈ្មោះញ៉យ ផឿង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិតាវឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
បើតាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គោយន្តបានឈប់ចតនៅលើចិញ្ចើមថ្នល់ ទិសដៅពីត្បូងទៅជើង ដោយមិនបានដាក់ស្លាកសញ្ញាអ្វីជាសម្គាល់នោះទេ ស្របពេលនោះមានម៉ូតូ១គ្រឿងបានបើកក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនផងដែរ ដល់កន្លែងកើតហេតុបានបុករ៉ឺម៉កគោយន្តកន្ត្រៃពីក្រោយ បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់បែកក្បាលខាងស្តាំរបួសធ្ងន់ ហើយត្រូវបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជននៅក្រុងសិរីសោភ័ណ។
ចែករំលែកព័តមាននេះ