យោងតាមសៀវភៅ «ចម្រៀងចងក្រងឡើងវិញ» របស់សមាគមស៊ីន ស៊ីសាមុត លើកឡើងថា មានបទចម្រៀងមួយចំនួនជាបទចាប់ផ្តើមអ្វីមួយរបស់លោកស៊ីន ស៊ីសាមុត ក្នុងជីវិតសិល្បៈរបស់គាត់ ដូចជាបទ«ឧត្តមដួងចិត្ត» គាត់តែងសម្រាប់ភរិយា ក្នុងកំណើតកូនដំបូងរបស់គាត់ ។ បទ«ព្រែកឯងអស់សង្ឃឹម» ជាបទដែលលោកចូលច្រៀងដាក់វិទ្យុជាតិដំបូងគេ ។ ចំណែកបទ «ចម្ប៉ាបាត់ដំបង» ជាបទដែលលោកស៊ីន ស៊ីសាមុត ចេញថាសដំបូងបង្អស់នាឆ្នាំ១៩៦២ រួមនឹងបទចម្រៀងមួយទៀត ។
ពិតមែនតែឈ្មោះលោកស៊ីន ស៊ីសាមុត ត្រូវបានមហាជនកាលណោះទទួលស្គាល់ថា ជាសិល្បករចម្រៀងដែលមានសំឡេងពីរោះរួចស្រេចហើយក៏ដោយ តែពុំទាន់ចេញជាថាស ឬជាកាស្សែតនៅឡើយទេ ។ នៅសម័យនោះទៀតស្រុកយើងពុំទាន់មានឧបករណ៍អ្វីសម្រាប់ផលិតចេញជាថាសបាន ភ្លាមៗដោយខ្លួនឯង ពោលគឺត្រូវថតដាក់ក្នុងហ្វ៊ីលជា «Master» ឱ្យរួចរាល់សិនទើបទៅបញ្ចេញដាក់ថាសនៅហុងកុង ឬស្រុកបារាំងជាក្រោយ ហើយបន្ទាប់មកទើបនៅស្រុកខ្មែរមានចេញលក់ ។
បទ «ចម្ប៉ាបាត់ដំបង»អាចចាត់ទុកជាបទដែលធ្វើឱ្យលោកស៊ីន ស៊ីសាមុត ចាប់ល្បីខ្លាំងជាទីបំផុត ព្រោះសម័យនោះប្រទេសយើងពុំទាន់មានវិទ្យុ ម៉ាញ៉េ សម្បូរបែបដូចយើងឥឡូវនេះទេ ។ អ្នកចូលចិត្តចម្រៀងសម័យនោះ បើចង់ចេះបទអ្វីមួយ តោងព្យាយាមឧស្សាហ៍ខ្លាំងណាស់ ព្រោះត្រូវរង់ចាំពេលមានវិទ្យុផ្សាយ ហើយកត់ចម្លងតាមគ្នា ខ្លះបានតិចក៏ចេះតិចទៅ ឯខ្លះកត់បានច្រើនក៏ចេះច្រើនតាមហ្នឹងទៅ ។ បើអ្នកណាសំភីក៏ស្វះស្វែងរកផ្តុំគ្នា ដើម្បីផ្សំបានជាមួយបទពេញលេញ ដើម្បីច្រៀងតាមបាន ។ បើតាមការអះអាងរបស់តន្ត្រីករជើងចាស់ជាច្រើនបានសរសើរថា មិនគួរលោកស៊ីន ស៊ីសាមុត អាចច្រៀងបទនេះបានពីរោះល្បីសោះឡើយ ព្រោះបើស្តាប់តាមបទដើមពីហុងកុងនោះ គឺឮសូរភ្លេងស្តាប់ពិបាកយល់ណាស់ តែមិននឹកស្មានសោះលោកស៊ីន ស៊ីសាមុត អាចកែបទនេះជារបៀបខ្មែរ ហើយពីរោះ ល្បីល្បាញក្រៃលែង ។
បើតាមពាក្យចចាមអារ៉ាមខ្លះថាចំពោះតួអង្គនាងចម្ប៉ាបាត់ដំបង គឺជានារីក្នុងត្រកូលអ្នកខ្ពង់ខ្ពស់ម្នាក់ដែលជាមូលហេតុនាំឱ្យសុភមង្គលក្រុមគ្រួសារលោកស៊ីន ស៊ីសាមុត បែកបាក់ប្រេះស្រាំគ្នា អស់រយៈកាលជិតប្រាំពីរឆ្នាំនោះឯង តែដោយសារពុំមានឯកសារអ្វីមកបញ្ជាក់ច្បាស់លាស់ អ្នកចងក្រងពុំហ៊ានអះអាងថាវាពិត ឬមិនពិតយ៉ាងណានោះទេ ។
វាហាក់ដូចជាជួនគ្នាមែនសម្រាប់បទ «ចំប៉ីសៀមរាប» និងបទ «ចម្ប៉ាបាត់ដំបង» ព្រោះមានឃ្លាមួយនៅក្នុងបទចំប៉ីសៀមរាបថា៖ «កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង ដកចិត្តពុំរួចកួចគិតគេងផ្សង តែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ា។ ឥឡូវបានយល់ចំប៉ីសៀមរាប ក្រអូបជ្រួតជ្រាបពោរពេញឱរ៉ា… »។
ម្យ៉ាងទៀតតាមការរំលឹកអនុស្សាវរីយ៍ពីលោកស្រីខាវ ថងញ៉ុត ភរិយារៀបការពេញច្បាប់ក្រមុំ កំលោះរបស់លោកស៊ីន ស៊ីសាមុត បានបញ្ជាក់ថា នៅដើមទសវត្សទី៦០ ពោលគឺក្រោយពីព្យុះស្នេហាត្រីកោណដែលបានបោកបក់លើចំណងស្នេហាលោកស្រីអស់ប្រមាណជិតប្រាំពីរឆ្នាំមកនោះ នៅខេត្តសៀមរាប មានរៀបចំពិធីបុណ្យឡើងព្រះរាជដំណាក់ដ៏ធំមួយ ដែលស្ថិតក្រោមព្រះរាជាធិបតីភាព ព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រ ។ នាឱកាសនោះ លោកស៊ីន ស៊ីសាមុត និងក្រុមភ្លេងព្រះរាជទ្រព្យ ដែលតែងតែដង្ហែសម្តេចឪ យាងទៅសម្ពោធសមិទ្ធផលនានាគ្រប់ទីកន្លែងមិនដែលខាននោះ ក៏បានទៅចូលរួមនៅខេត្តសៀមរាបដូចសព្វដងដែរ ។ គឺក្នុងអំឡុងពេលនោះឯងចំណងចិត្ត អន្ទាក់បេះដូងដែលលោកស្រីថាវ ថងញ៉ុត និងលោកស៊ីន ស៊ីសាមុត ពុំដែលសន្មតថា នឹងព្រាត់និរាសគ្នាទេនោះក៏បានផ្សារភ្ជាប់ជាមួយគ្នាវិញ ហើយលោកស៊ីន ស៊ីសាមុត ក៏បានតែងបទ«ចំប៉ីសៀមរាប» ។
ដូច្នេះអាចសន្និដ្ឋានបានថា ទឹកដីសៀមរាប គឺពិតជាឋានសក្តិសិទ្ធិមែន មិនត្រឹមតែជាទីបុរាណប្រាសាទដ៏សម្បូរ ហើយជាក្រុងទេសចរណ៍លេខ១សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែសៀមរាបក៏ជាទឹកដីប្រៀបបាននឹងឋានឱសថ ដែលលោកស៊ីន ស៊ីសាមុត បានសន្មតចារចេញជាបទចម្រៀង ច្រៀងពីរោះគ្រលួចទុកជាអនុស្សាវរីយ៍នៃចំណងស្នេហ៍គ្រួសារដែលមិនអាចបំភ្លេចបានក្នុងបេះដូងភរិយា ព្រមទាំង កូនៗគ្មានថ្ងៃបំភ្លេចបានមែន ។
បទ«ចម្ប៉ាបាត់ដំបង» និពន្ធទំនុកច្រៀង និងច្រៀងដោយលោកស៊ីន ស៊ីសាមុត, បទភ្លេងបរទេស និងសម្រួលតន្ត្រីដោយលោកមែរ ប៊ុន។ បទនេះរាយទំនុកថា ៖
១-ឱ!បាត់ដំបងបណ្តូលចិត្តអើយ ខ្ញុំសូមលាហើយលាទាំងអាល័យ តាំងពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយ ខ្វល់ខ្វាយនឹកស្តាយពុំមានពេលល្ហែ។
២-ឱ!បាត់ដំបងកងកម្មវាសនា ដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរ បើសិនជាគូខ្ញុំពីបុព្វេ សូមឱ្យមានស្នេហ៍នឹកឃើញគ្រាដើម ។
បន្ទរ-កន្លងយូរឆ្នាំចាំទេស្ងួន មានតែរូបអូនដែលជាដង្ហើម ចំពោះនួនល្អងចិត្តបង សង្ឃឹមៗញញឹមថាបានជាគូវាសនា ។
៣-ឱ!បាត់ដំបងខ្ញុំប៉ងយូរហើយ តើថ្ងៃណាឡើយបានយល់ភក្ត្រា ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា ចង់បានចម្ប៉ាបាត់ដំបងអើយ ។
បទ«ចំប៉ីសៀមរាប» និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយលោកស៊ីន ស៊ីសាមុត និងសម្រួលតន្ត្រីដោយលោកមែរ ប៊ុន ។ បទនេះរាយទំនុកថា ៖
១-ឱខេត្តសៀមរាបប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង ដកចិត្តពុំរួចកួចគិតគេងផ្សង តែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ា ។
២-ឥឡូវបានយល់ចំប៉ីសៀមរាប ក្រអូបជ្រួតជ្រាបពោរពេញឱរ៉ា ទ្រូងបងបានស្បើយពីរឿងស្នេហា ដែលផ្កាចម្ប៉ាឱ្យរៀមក្រៀមក្រំ ។
បន្ទរ-រយព្រួយរយនឹករយសែនទន្ទឹង ពុំឃើញដំណឹងដែលច្រៀងផ្តែផ្តាំ កន្លងផុតទៅជាយូរខែឆ្នាំ តើឱ្យ ទ្រាំចាំៗៗម្តេចទៅ ។
៣-ពេលនេះចំប៉ីសៀមរាបបងអើយ មានតែអ្នកហើយព្រះលោកតម្រូវ ជួយផងគ្រាន់ឱ្យបងបានរស់នៅ ជាគ្នាតទៅនឹងចំប៉ីអើយ ៕
ចែករំលែកព័តមាននេះ