ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​មហា​បុរស​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត

4 ឆ្នាំ មុន

សម្តេចព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោ​ត​ញ្ញា​ណោ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១ រោច ខែ​ផល្គុន…

សម្តេចព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោ​ត​ញ្ញា​ណោ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១ រោច ខែ​ផល្គុន ឆ្នាំវក ពុទ្ធសករាជ ២៤២៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមីនា គ្រិស្តសករាជ ១៨១៨ ។ ទ្រង់​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ពុទ្ធសករាជ ២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកញ្ញា គ្រិស្តសករាជ ១៩៦៩ នៅ​ក្នុង​ព្រះ​ជន្មាយុ ៨៦​ព្រះ​វស្សា​គត់ ដោយ​ព្រះ​រោគាពាធ ។

ប្រវត្តិ​សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ ព្រះ​សង្ឃរាជ​ថ្នាក់​ទី​១ គណៈ​ម​ហានិកាយ សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ពុទ្ធសករាជ ២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បិតា​នាម​ជួន មាតា​នាម យក់ ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គត់​គឺ​សម្តេច និង​ឧកញ៉ា​សោ​ភ​ណ​មន្ត្រី​ជួន នុ​ត ។

កាល​នៅ​ជា​កុមារ​បាន​សិក្សា​អក្សរ និង​លេខ​ដរាប​ដល់​ជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ​ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៤៤១ (​ឧសភា ១៨៩៧) នៅ​វត្ត​ពោធិ​ព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ បួស​ជា​សាមណេរ​បាន​ពីរ​ឆ្នាំ ក្នុង​ពុទ្ធសករាជ​២៤៤៣ គ្រឹ​ស្ត​សករាជ​១៨៨៩ សម្តេច​បាន​ចូល​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ​។ លុះ​បាន​ជន្មាយុ​គ្រប់​២១​ឆ្នាំ បាន​ទៅ​សូម​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅ​ថ្ងៃ​១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ​២៤៤៨ ( មិថុនា ១៩០៤) នៅ​វត្ត​ពោធិព្រឹក្ស ដែល​ជា​វត្ត​ដើម បាន​និមន្ត​ព្រះ​តេជគុណ ព្រះ​ពុទ្ធឃោ​សាចារ្យ ម៉ា កេ​ត សុវណ្ណ​ប្ប​ញ្ញោ កាល​នៅ​ជា​ចៅអធិការ​វត្ត​ពោធិ៍ព្រឹក្ស ជា​ឧបជ្ឈាយ៍ ព្រះ​តេជ​គុណ​កែ ម៉​ម មិ​ស្សនា​គោ ជា​គ្រូសូត្រ​ធម្ម​វាចា​ចា​រ្យ និង​ព្រះតេជព្រះគុណ អ៊ី​ន ខឹ​ម តិ​ក្ខ​ប្ប​ញ្ញោ ជា​គ្រូសូត្រ​អនុស្សាវនាចារ្យ ។ សម្តេច​បាន​ទ្រង់​ទទួល​នាមប្បញ្ញត្តិ​ថា ជោ​ត​ញ្ញា​ណោ ។ បាន​ទ្រង់​បំពេញ​ជា​ភិក្ខុ​ហើយ សម្តេច​និមន្ត​ត្រឡប់​មក​គង់នៅ​វត្ត​ឧណ្ណាលោម​វិញ ។

ចំណេះវិជ្ជា និង​កិច្ចការ​ដែល​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​ក្រៅពី​ភាសា​ខ្មែរ​ដែល​សម្តេច​ទ្រង់​បាន​ស្រាវជ្រាវ​យង់យល់​ឫសគល់​ពិតប្រាកដ សម្តេច​ចេះ​ភាសាបាលី​អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​ទាំងអស់ គឺ​សំនៀង​លង្កា ភូមា មន សៀម និង​លាវ បាន​ឥត​មាន​ទើស​ទាក់ ។

នៅ​ពុទ្ធសករាជ​២៤៦៦ និង​២៤៦៧ (១៩២២-១៩២៣) កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា បាន​ទៅ​បំពេញវិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលាចារឹក​ជាដើម នៅ​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស​នា​ក្រុង​ហាណូយ (​វៀតណាម​ខាងជើង​) ក្នុង​សំណាក់​លោក ល្វី ហ្វ៊ី ណូ​ត៍ ជាតិ​បារាំងសែស​ជា​ចាងហ្វាង​សាលា​នេះ ។

សម្តេច​ទ្រង់​ចេះអក្សរ និង​ភាសា​សៀម​-​លាវ យ៉ាង​ជាក់លាក់ និង​ភាសា​បារាំងសែស​ល្មម​ប្រាស្រ័យ​ការ​បាន ដោយ​សំនៀង​គួរ​សរសើរ ភាសា​អង់គ្លេស​និង​ភាសា​វៀតណាម​ផង ។
នៅ​ពុទ្ធសករាជ​២៤៥៧ គ្រឹ​ស្ត​សករាជ​១៩១៣ សម្តេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញប្រយោគ​ក្នុង​ព្រះ​ឧបោសថរតនារាម (​វិហារ​ព្រះ​កែវ​មរកត​) ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ ។

ពុទ្ធសករាជ​២៤៥៩​គ្រឹ​ស្ត​សករាជ​១៩១៥ សម្តេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់ ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ។

ពុទ្ធសករាជ​២៤៦៣ គ្រឹ​ស្ត​សករាជ​១៩១៩ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ចការ​ផ្ទាល់ លុះត្រា​បាន​ចាប់​ចុង​ចប់​ដើម ។

ពុទ្ធសករាជ​២៤៦៩ គ្រឹ​ស្ត​សករាជ​១៩២៥ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សេចក្តី​ខុស​ត្រូវ​នៃ​សៀវភៅ​នានា​ដែល​សាលា​បាលី​ជាន់ខ្ពស់​បោះពុម្ពផ្សាយ ។

ពុទ្ធសករាជ​២៤៧០ គ្រឹ​ស្ត​សករាជ​១៩២៦ តម​ក​ជា​ច្រើន​ឆ្នាំ សម្តេចព្រះសង្ឃរាជ​ជួន ណាត​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាបត្រ​បឋម​សិក្សា​ជាន់ខ្ពស់​បារាំង​-​ខ្មែរ នៅ​ក្រុងភ្នំពេញ ។

ពុទ្ធសករាជ​២៤៧១ គ្រឹ​ស្ត​សករាជ ១៩២៧ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​វចនានុក្រម​ខ្មែរ ហើយ​សម្តេច​ទ្រង់​បាន​ទទួល​ធ្វើ​វចនា​នុ​ក្រុម​តែ​មួយ​ព្រះ​អង្គ​ឯង​ដរាប​ដល់​បាន​ចប់​សព្វគ្រប់ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​១ និង​ភាគ​២ ។
ក្នុង​ឆ្នាំ​ដដែល​នេះ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្តាច់​ឆ្នាំ​សម្រាប់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ដែល​សព្វថ្ងៃ​ហៅ​ថា បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ ។

ពុទ្ធសករាជ​២៤៧៤ គ្រឹ​ស្ត​សករាជ​១៩៣០ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ក្នុង​មុខងារ​ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ទៀត ។

ពុទ្ធសករាជ ២៤៧៦ គ្រឹ​ស្ត​សករាជ​១៩៣២ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ ដើ​ម្បី​​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ ។

ពុទ្ធសករាជ​២៤៧៧ គ្រឹ​ស្ត​សករាជ​១៩៣៣ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សម​ជិ​ក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ ។

ពុទ្ធសករាជ​២៤៧៨ គ្រឹ​ស្ត​សករាជ​១៩៣៤ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជ​ការ ។

ពុទ្ធសករាជ​២៤៧៩ គ្រឹ​ស្ត​សករាជ​១៩៣៥ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​សាស្ត្រា​ចារ្យ​បង្រៀន​ភាសាបាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​នៅ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ ។

ពុទ្ធសករាជ​២៤៨៦ គ្រឹ​ស្ត​សករាជ​១៩៤២ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ (​ពុទ្ធិកវិទ្យាល័យ ព្រះ​សុរា​ម្រឹត​) ។

ពុទ្ធសករាជ​២៤៨៨ គ្រឹ​ស្ត​សករាជ​១៩៤៤ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម ។

ពុទ្ធសករាជ ២៤៨៩ គ្រឹ​ស្ត​សករាជ​១៩៤៥ សម្តេច​ទ្រង់​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរ​សភា​គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​ព្រះសង្ឃ ។

ពុទ្ធសករាជ​២៤៩១ គ្រឹ​ស្ត​សករាជ​១៩៤៧ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌ ផ្នែក​អក្សរ (​ក​) នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា ។

ពុទ្ធសករាជ​២៤៩២ គ្រឹ​ស្ត​សករាជ​១៩៤៨ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​ប្រធាន​នៃ​គណៈ​ក​ម្ម​ការ​ធម្ម​វិន័យ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ ក្នុង​ព្រះរា​ជាណាចក្រ ។

ពុទ្ធសករាជ​២៥០៥ គ្រឹ​ស្ត​សករាជ​១៩៦១ រហូត​មក សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​សំឡេង​វិទ្យុជាតិ​រាល់ថ្ងៃ​សុក្រ ។

គ្រឹ​ស្ត​សករាជ​១៩៦៨ ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​គណៈកម្មការ​ពិនិត្យ​ស្នាដៃ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ ។

គ្រឹ​ស្ត​សករាជ ១៩៦៩ ព្រះ​អង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ ។

គ្រឹ​ស្ត​សករាជ ១៩៦៩ សម្តេចព្រះសង្ឃរាជ​ជួន ណាត ទទួល​ការ​តែងតាំង​ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ ។

គ្រឿង​ឥស្សរិយយសដែលសម្តេច​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ដូច​តទៅ ៖

មេដាយ​អស្សរឹទ្ធិ​មុនី​សារា​ភរ​ណ៍​នៅ​ពុទ្ធសករាជ​២៤៦១ គ្រឹ​ស្ត​សករាជ ១៩១៧ ។
មេដាយ​អស្សរឹទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា ពុទ្ធសករាជ ២៤៧៦ គ្រឹ​ស្ត​សករាជ ១៩៣២ ។
មេដាយ​អស្សរឹទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ​នៅ​ពុទ្ធសករាជ ២៤៧៦ គ្រឹ​ស្ត​សករាជ ១៩៣២ ។
មេដាយ​សេនា​នៃ​បណ្ឌិត្យសភា សាធារណរដ្ឋ​បារាំង នៅ​ពុទ្ធសករាជ ២៤៨១ គ្រឹ​ស្ត​សករាជ​១៩៣៧ ។
មេដាយ​អស្សរឹទ្ធិ ដឺ​ឡា​ឡេ​ស្យុ​ង ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង នៅ​ពុទ្ធសករាជ ២៤៨៦ គ្រឹ​ស្ត​សករាជ ១៩៤២ ។
មេដាយ​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុទ្ធសករាជ ២៤៨៨ គ្រឹ​ស្ត​សករាជ​១៩៤៤ ។ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​នៅ​ពុទ្ធសករាជ ២៤៩២ គ្រឹ​ស្ត​សករាជ ១៩៤៨ ។
មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​នៅ​ពុទ្ធសករាជ ២៤៩២ គ្រឹ​ស្ត​សករាជ ១៩៤៨ ។
មេដាយ​មហា​សិរី​វឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពុទ្ធសករាជ ២៥០៥ គ្រឹ​ស្ត​សករាជ​១៩៦២ ។

មេដាយ​មហា​សិរី​វឌ្ឍន៍​សុ​វត្ថា​រា ពុទ្ធសករាជ​២៥០៦ គ្រឹ​ស្ត​សករាជ ១៩៦៣ ។

មេ​ដាយ​​ជា​តូប​ការ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពុទ្ធសករាជ ២៥១៣ គ្រឹ​ស្ត​សករាជ​១៩៦៩ ៕ សាន សារិន ស្រង់ពីឯកសារច្បាប់ដើម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ