នៅក្នុងឯកសារដែលនិយាយអំពីគុណសម្បត្តិរបស់អ្នកដឹកនាំជោគជ័យបានពន្យល់យ៉ាងដូច្នេះថា អ្នកដឹកនាំល្អក្រៅពីមានសមត្ថភាព ចំណេះជំនាញច្បាស់លាស់ហើយនោះ គេក៏ប្រកបព្រមដោយសីលធម៌ សុជីវធម៌ និងគុណធម៌ក្នុងខ្លួនផងដែរ ។ នៅក្នុងស្ថាប័នមួយបើមានអ្នកគ្រប់គ្រងប្រកបដោយលក្ខណសម្បត្តិបែបនេះ នឹងធ្វើឱ្យស្ថាប័នទទួលបានជោគជ័យជាក់ជាមិនខាន ។
អ្នកដឹកនាំដែលល្បីល្បាញខាងគ្រប់គ្រងកិច្ចការអង្គភាពស្ថាប័នភាគច្រើនគឺដើរតាមគន្លងគុណធម៌៤ប្រការគឺៈ
១- យកគុណធម៌ជាគោល ជាទង់ជ័យ ហើយចាត់ការគ្រប់គ្រងដោយត្រឹមត្រូវតាមច្បាប់វិន័យរបស់អង្គភាពដល់បុគ្គលិកក្រោមឱវាទ
២-ផ្តល់ប្រាក់បៀវត្សឱ្យដល់បុគ្គលិកគ្រប់ផ្នែករស់នៅក្នុងជីវភាពសមរម្យ
៣-បង្ក្រាបមិនឱ្យមានការប្រព្រឹត្តបក្ខពួកនិយម ប្រព្រឹត្តអំពើអាក្រក់ ឬអំពើមិនប្រក្រតីណាមួយនៅក្នុងអង្គភាពជាដាច់ខាត
៤-ប្រឹក្សាសាកសួរដល់អ្នកប្រព្រឹត្តល្អ ធ្វើការបានល្អ ប្រព្រឹត្តត្រូវជានិច្ចតាមវិន័យការងារ ដើម្បីលើកទឹកចិត្តដល់គាត់កាន់តែប្រឹងប្រែងបន្តទៀត ។
លក្ខណសម្បត្តិស្នូលទាំងបួនចំណុចនេះចាត់ថា ជាការងារដ៏សំខាន់លើកតម្លៃកិត្តិនាមអ្នកគ្រប់គ្រងដែលមានគុណធម៌ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះពីរោះខ្ពស់ឡើង ៕ សាន សារិន
ចែករំលែកព័តមាននេះ