ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ២​ធ្នូ ជា​កំណើត​ចលនា​រំដោះជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​អបអរ​ខួប​លើក​ទី​៤២ ឆ្នាំ នៃ​ថ្ងៃ​២ ធ្នូ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ថ្ងៃ​២ ធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​អបអរ​ខួប​លើក​ទី​៤២ ឆ្នាំ នៃ​ថ្ងៃ​២ ធ្នូ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ថ្ងៃ​២ ធ្នូ គឺជា​ចលនា​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​៤២​ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​» ។ សម្តេច​បន្ត​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ ១៩៧៨ និង​បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់​ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

សម្តេច​បន្ត​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ី​ម សម្តេច​អគ្គ​មហា​បតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើ​រូប​ទៀត ក្នុង​ការ​រៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និង​ទទួល​បាន​ជ័យ​ជំនះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩​។ សម្តេច​បញ្ជាក់​ថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែល​ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​ឡើង​នៅ​ក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដក្រចេះ​។

ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​រណសិរ្ស ប្រជាជន​គ្រប់​ទិស​ទី​បាន​ក្រោកឈរ​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការ​គាំទ្រ​ពី​មិត្ដភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ ។

មហា​ជ័យជម្នះ ៧​មក​រា ១៩៧៩ បា​នប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​ឱកាស​ដើម្បី​ស្ដារ កសាង​មាតុភូមិ​របស់​ខ្លួន​ឡើង​វិញ​។ ប្រជាជន​គ្រប់​រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យ​ជំនះ ៧​មក​រា ទេ​នោះ ក៏​គ្មាន​អ្វី​ៗ​ដូច​ថ្ងៃនេះ​ដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រវត្ដិសាស្ដ្រ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ