ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាប់ខ្លួន​១៧​នាក់ មាន​រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី និង​ភរិយា រឿង​ពុក​រលួយ​បន្លំអាជ្ញាប័ណ្ណ​នាំ​ចេញ​កូន​បង្កង

1 ខែ មុន

ទីក្រុង​ហ្សា​ការ​តា ៖ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​នេសាទ ឥណ្ឌូ​នេ​ស៊ី និង​ភរិយា ត្រូវ​បាន​មន្ត្រីនៃអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន កាលពី​ថ្ងៃ​ពុធទី​២៥ វិច្ឆិកា ២០២០…

ទីក្រុង​ហ្សា​ការ​តា ៖ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​នេសាទ ឥណ្ឌូ​នេ​ស៊ី និង​ភរិយា ត្រូវ​បាន​មន្ត្រីនៃអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន កាលពី​ថ្ងៃ​ពុធទី​២៥ វិច្ឆិកា ២០២០ ក្នុង​ចំណោម​មនុស្ស​សរុប ១៧​នាក់ ពាក់ព័ន្ធ​រឿង​ពុក​រលួយ ក្នុង​ការ​ក្លែងបន្លំ​អាជ្ញាប័ណ្ណ​នាំ​ចេញ​កូន​បង្កង ។

ប្រមុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅកាត់ (KPK) របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា លោក​រដ្ឋមន្ត្រី Edhy Prabowo និង​ភរិយា​របស់​គាត់ ត្រូវ​បាន​ឃុំខ្លួន​នៅ​ឯអាកាស​យានដ្ឋាន Soekarno-Hatta នៅ​ពេល​ពួក​គេ​វិល​ត្រឡប់​មកពី​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក​វិញ និង​មនុស្ស ១៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ជុំវិញ​រដ្ឋធានី​ហ្សា​ការ​តា ។

លោក Firli Bahuri ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (KPK) និយាយ​បន្ត​ថា ការ​ចាប់ខ្លួន​នេះ គឺ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ស៊ើបអង្កេត​ ក្នុង​ការ​ចេញ​លិខិតអនុញ្ញាត​នាំ​ចេញ​សម្រាប់​កូន​បង្កង ។ លោក​បន្ថែម​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ឃាត់ខ្លួន រួម​មាន​បុគ្គល​វិស័យ​ឯកជន និង​មន្ត្រី​ក្រសួង ។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​ការ​ចាប់ខ្លួន​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​របស់​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក គាំទ្រ​យ៉ាងពេញទំហឹង លើ​ការងារ​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ។

គណៈកម្មការ​លុប​បំបាត់​អំពើ​ពុក​រលួយ (KPK) រំពឹង​ថា នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នា​ពេល​ក្រោយ ដើម្បី​ពន្យល់​ព័ត៌មាន​លម្អិតលើ​ករណី​នេះ ។

លោក​រដ្ឋមន្ត្រី Edhy Prabowo ដែលត្រូវចាប់ខ្លួន ធ្លាប់​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​កាលពី ខែតុលា​ឆ្នាំ​២០១៩ ។ ដោយលោក​បាន​ច្រានចោល​បម្រាម​លើ​ការ​នាំ​ចេញ​សត្វ​បង្កង ដែល​ចេញ​ដោយ​អ្នក​កាន់​តំណែង​មុន គឺ​លោកស្រី Susi Pudjiastuti ជា​អតីតរដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ធ្លាប់ដាក់ចេញ​គោលនយោបាយ បាញ់​កម្ទេច និង​បំផ្ទុះ​នាវា​នេសាទ​ខុសច្បាប់ រួម​ទាំង​នាវា​មក​ពី​ប្រទេស​ចិន និង​វៀតណាម ។ លោកស្រី ក៏​បាន​ហាមឃាត់​ការ​នាំ​ចេញ​កូន​បង្កង ដើម្បី​អភិរក្ស ក្នុង​ឆ្នាំ​២០១៦ ជុំវិញ​ក្តី​បារម្ភ​អំពី​និរន្តរភាព ។

នៅ​ក្នុង​ខែកក្កដា ឆ្នាំ២០២០នេះ ទស្សនាវដ្តី​ឥណ្ឌូ​នេ​ស៊ី Tempo បាន​សរសេរនៅ​ក្នុង​របាយការណ៍​ពិសេស​មួយ​ថា ក្រសួង​មួយ​នេះ បាន​ផ្តល់​អាជ្ញាប័ណ្ណ អនុញ្ញាត​ដល់​អង្គភាព​ចំនួន ៣០ ដើម្បី​នាំ​ចេញ​កូន​បង្កង ក្នុង​នោះ​មាន ២៥ ដែល​ជា​ក្រុមហ៊ុន​មាន​ភាព​មិន​ប្រក្រតី គួរ​ឲ្យ​សង្ស័យដែល​ទើបតែ​បង្កើត​ឡើង​កាលពី​ប៉ុន្មាន​ខែ​មុន ។ ម្ចាស់​ក្រុមហ៊ុន​ខ្លះ ត្រូវ​គេ​និយាយ​ថា ជា​អ្នកនយោបាយ​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី បាន​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​ខាងលើ​នេះ នៅ​ពេល​នោះ ​លោក​បាន​ឆ្លើយ​តប​ថា ក្រុមហ៊ុន​ទទួល​បានសិទ្ធិ​អនុញ្ញាត ពីព្រោះ​ពួក​គេ​បាន​បំពេញគ្រប់​លក្ខន្តិក ​តាម​ច្បាប់​កំណត់ សម្រាប់​ការ​បង្កាត់​ពូជ​បង្កង និង​នាំ​ចេញ ៕