ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដឹង​អត់ថា «​មរតក​មនុស្ស​រស់​»​ មាន​ប្រភព​​កំណើត​​មក​ពី​ខេត្ត​ណាទៅ?

1 ខែ មុន
  • Phnom Penh

ក្នុង​ចំណោម ​«​មរតក​មនុស្ស​រស់​»​ របស់​កម្ពុជា​មិន​ច្រើន​ប៉ុន្មាន​នោះ ចំនួន​៤​រូប​មាន​ប្រភព​កំណើត​នៅ​ខេត្តតាកែវ ។ ទោះជា​យ៉ាងណា​ក្ដី​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​មាន​ទេព​កោសល្យ​ខាង​សិល្បៈ វប្ប​ធម៌ អក្សរសាស្ត្រ ដ៏​គួរ​ឲ្យ​កោតសរសើរ​ទាំង​៤​រូប​នោះ ភាគច្រើន​បាន​បង់ជីវិត​ទៅ​ហើយ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…

ក្នុង​ចំណោម ​«​មរតក​មនុស្ស​រស់​»​ របស់​កម្ពុជា​មិន​ច្រើន​ប៉ុន្មាន​នោះ ចំនួន​៤​រូប​មាន​ប្រភព​កំណើត​នៅ​ខេត្តតាកែវ ។ ទោះជា​យ៉ាងណា​ក្ដី​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​មាន​ទេព​កោសល្យ​ខាង​សិល្បៈ វប្ប​ធម៌ អក្សរសាស្ត្រ ដ៏​គួរ​ឲ្យ​កោតសរសើរ​ទាំង​៤​រូប​នោះ ភាគច្រើន​បាន​បង់ជីវិត​ទៅ​ហើយ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

«​មរតក​មនុស្ស​រស់​» គឺជា​បុគ្គល​មានចំណេះ​ដឹង មាន​ទេព​កោសល្យ​លើស​ពី​មនុស្ស​ធម្មតា ក៏​ដូច​ជា​​ការ​លើកទឹកចិត្ត​បុគ្គល​ដែល​មាន​ទេព​កោសល្យ និង​ស្នាដៃ​ចំពោះ​មនុស្សជាតិ​។

មរតក​មនុស្សរ​ស់មាន​ប្រភព​កំណើត​នៅ​ខេត្តតាកែវ​ទាំង​៤​រូប​ គឺ ៖

ព្រឹទ្ធាចារ្យ​ភិ​រម្យ​វោហារ​ប្រាជ្ញ ឈួ​ន បាន​ចូល​ច្រៀង​ចាប៉ី​ប្រចាំ​វិទ្យុជាតិ​នា​ឆ្នាំ​១៩៦១​។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៦២ គាត់​បាន​ចូលរួម​ប្រឡង​ចម្រៀង​ចាប៉ី​ដង​វែង ក្នុង​សមាជជាតិ​លើក​ទី​១១ ជាប់​ចំណាត់ថ្នាក់​លេខ​១ ។ មរតក​មនុស្ស​រស់ ដ៏​មាន​ទេព​កោសល្យ​ប្រាជ្ញ ឈួ​ន ទទួលមរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ​ដោយ​ជរា និង​រោគាពាធ នា​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្រុក​កំណើត​របស់​គាត់​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។

ចំណែក ​ព្រឹទ្ធាចារ្យ​កោសល្យ​តន្ត្រី​វិជ្ជាធរ​សុខ ឌុ​ច មាន​ទេព​កោសល្យ​ខាង​ភ្លេង​ការ និង​ភ្លេងអារក្ស ។ ព្រឹទ្ធាចារ្យ​បាន​ទទួល​ប័ណ្ណសរសើរ​នៅ​ឆ្នាំ​១៩៧៩ ទទួល​សញ្ញាបត្រ​កិត្តិយស​វរ​សិល្បករ​ឆ្នាំ​១៩៩៦ ផ្ដល់​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។ គាត់​បាន​ទទួល​វិញ្ញាបនបត្រ ព្រឹទ្ធាចារ្យ​វប្បធម៌ និង​សិល្បៈ​ខ្មែរ​នៅ​ឆ្នាំ​២០០១ និង​ប្រកាសនីយបត្រ គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ នៅ​ឆ្នាំ​២០០៩ ។

ព្រឹទ្ធាចារ្យ​សុខ ឌុ​ច បាន​បង្រៀន​ភ្លេងបុរាណ​ដល់​សិស្ស​៣​ក្រុម សរុប​៣៦​នាក់ ព្រមទាំង​បណ្ដុះ​បណ្ដាល​សិស្ស​ខ្មែរ និង​បរទេស​ជា​ច្រើន​នាក់​ទៀត ។ ព្រឹទ្ធាចារ្យ​រូប​នេះ​ទទួលមរណភាព​ក្នុង​វ័យ​៩២​ឆ្នាំ នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ ។

ចំពោះ ​ព្រឹទ្ធាចារ្យ​នាដ​ភក្ដី​និម្មិត​អ៊ុំ សា​មិត្ត ជា​ព្រឹទ្ធាចារ្យ​ល្ខោនបាសាក់​ដ៏​ឆ្នើម​។ ក្នុង​ចំណោម​ស្នាដៃ​ជា​ច្រើន គាត់​បាន​សម្ដែង​ជា​តួអង្គ​តេ​ជោ​មាស នៃ​ល្ខោនបាសាក់​រឿង​តេ​ជោ​យ៉​ត ដ៏​ល្បី​ដែល​ផលិត​ដោយ​វិទ្យុជាតិ ។

នាដ​ភក្ដី​និម្មិត​អ៊ុំ សា​មិត្ត ក្រៅពី​ជា​សិល្បករ គាត់​ជា​គ្រូបង្ហាត់​ល្ខោនបាសាក់ និង​និពន្ធ​រឿង​ទៀត​ផង ។ គាត់​ទទួល​បាន​សញ្ញាបត្រ​កិត្តិយស​ជាវរ​សិល្បករ​ឯកទេស​ល្ខោនបាសាក់ ឆ្នាំ​១៩៩៩-​២០០០ និង​គ្រឿង​ឥស្សរិយយស សិល្បករ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ថ្នាក់​មេដាយមាស ។ ព្រឹទ្ធាចារ្យ​អ៊ុំ សា​មិត្ត ទទួលមរណភាព ក្នុង​វ័យ​៧៦​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។

ដោយឡែក ​ព្រឹទ្ធាចារ្យ​គរុ​ពហុស្សូត បណ្ឌិត​ជិត ជន ជា​សាស្ត្រាចារ្យ​ភាសាបាលី សំស្ក្រឹត និង​ទស្សនៈវិជ្ជា នៅ​សាកលវិទ្យាល័យ ព្រះ​សីហ​នុ​រាជ ។ ព្រឹទ្ធាចារ្យ​វ័យ​៨៦​ឆ្នាំ​មានស្រុក​កំណើត​នៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ រូប​នេះ​ចេះ​ចាំ​ស្ទាត់​ភាសាបាលី និង​សំស្ក្រឹត និង​សម្ដែងធម៌ ។

គរុ​ពហុស្សូត​ជិត ជន មាន​ជំនាញ​និពន្ធ​កំណាព្យ​ជា​ភាសាបាលី និង​សំស្ក្រឹត ព្រមទាំង​បកប្រែ​កំណាព្យ​ពី​ភាសាបាលី​-​សំស្ក្រឹត មក​ជា​ភាសា​ខ្មែរ ។ គាត់​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ភាសាបាលី នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១១ ព្រមទាំង​គ្រឿង​ឥស្សរិយយស ផ្នែក​អប់រំ ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ។ ព្រឹទ្ធាចារ្យ​ជិត ជន ជាង​៤០​ឆ្នាំ​មក​ហើយ​បង្រៀន​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ៕