រាជធានីភ្នំពេញ៖ អតីតតារាសម្តែងស្រីសាច់សខ្ចី អ្នកនាង គីម លីហ្សា បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមួយរយៈពេលចុងក្រោយនេះ គេសង្កេតថា ឃើញស្រីស្អាតរូបនេះតែងបញ្ចេញអារម្មណ៍ប្លែកៗតាមរយៈការបង្ហោះសារនៅតាមបណ្តាញសង្គមពីជីវិតគូមិនសមប្រកបដូចបំណង។

ជាក់ស្តែងថ្មីៗនេះទៀតសោត តារាស្រីរូបនេះកាន់តែធ្វើអោយអ្នកគាំទ្រសង្ស័យពីជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីរបស់នាងកាន់តែខ្លាំងឡើង ព្រោះនៅសុខៗ គឹម លីហ្សា ប្រកាសធុញនឹងជីវិតគូដល់ថ្នាក់ទម្លាយអារម្មណ៍កម្សត់មួយថា ចង់លែងលះជាមួយនឹងស្វាមី ពីព្រោះតែហត់នឿយនៅក្នុងការរស់នៅ។


អ្នកនាង គឹមលីហ្សា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីបានរៀបរាប់ថាយ៉ាងចម្លែកដូច្នេហថា « ២០២១ ចង់លែងប្តីចោល ព្រោះធុញនឹងជីវិតគូហត់នឿយនឹងធ្វើអ្វីៗសម្រាប់តែភ្នែកគេ តែខ្លួនឯងអត់ដែលរស់នៅដើម្បីខ្លួនឯងសោះ មានឱកាសចង់ធ្វើអ្វីៗតាមបេះដូងខ្លួនឯងម្តង បំពេញក្តីសុខខ្លួនឯងម្តង មិនមែន លុយអាចទិញក្តីសុខបានទាំងអស់ទេ ហើយអ្វីដែលមាននៅពេលនេះក៏មិនមែនអ្វីដែល ខ្ញុំចង់បាននោះដែរ»។


យ៉ាងណាមិញ បន្ទាប់ពីឃើញសារមួយនេះរួចមក មានមហាជន និងជាពិសេសមិត្តនៅក្នុងសិល្បៈជាច្រើនបានសួរនាំ ប៉ុន្តែនៅតែមិនទាន់ដឹងថា តារាស្រី គឹម លីហ្សា មានបញ្ហាអ្វីនៅក្នុងគ្រួសារធ្ងន់ធ្ងរយ៉ាងណានោះទេ ទើបនាងដាច់ចិត្តបង្ហាញអារម្មណ៍ជាបែបនេះជាសាធារណៈ។

គួរបញ្ចាក់ផងដែរថា នៅក្នុងនោះក៏មានមហាជនជាច្រើនបានលើកឡើងថា នេះក៏ព្រោះតែបច្ចុប្បន្ននេះ គឹម លីហ្សា ប្រហែលមានភាពមមាញឹកនឹងការងារខ្លាំង ក្នុងមុខជំនួញអនឡាញ និង បំពេញតួនាទីជាម្តាយដ៏ល្អសម្រាប់កូនៗទាំងពីរផងដែរ ៕
ចែករំលែកព័តមាននេះ