រាជធានីភ្នំពេញ ៖ នាងខ្ញុងក្នុងនាមជាតារាកំប្លែងល្បីឈ្មោះមមាញឹកជាមួយការងារបន្តកន្ទុយគ្នា ដូចជាកាត់សក់ក្នុងពិធីមង្គលការ សម្តែងភាពយន្ត សម្តែងកំប្លែងនៅទូរទស្សន៍ស៊ីធីអិុន និងការងារសម្តែងសិល្បៈតាមខេត្តមួយចំនួនទៀត ។ តាំងពីល្បីឈ្មោះមក នាងខ្ញុងទទួលបានតម្លៃខ្លួនក្នុងការសម្តែងកាន់តែល្អប្រសើរជាងមុនអាចគ្រប់គ្រងគ្រួសារដែលមានសមាជិកច្រើននាពេលនេះបាន។ ជួបផ្ទាល់ជាមួយអ្នកយកព័ត៌មានកោះសន្តិភាពក្នុងពិធីក្រុងពលីរឿង«ក្រមុំ៣១កំលោះ៥២» នាពេល ថ្មីៗកន្លងមក នាងខ្ញុងដែលមានឈ្មោះពិតស្រេង សុកាន់ដា បានឱ្យដឹងទាក់ទិននឹងប្រាក់កម្រៃដែលនាងទទួលបានក្នុងពេលបំពេញការងារ គឺច្រើនជាងកាលពីពេលចាប់អាជីពសិល្បៈដំបូង ។ នេះជាអ្វីដែលនាងខ្ញុងសប្បាយចិត្តបំផុត ។ ចូលរួមសម្តែងភាពយន្តឱ្យបណ្តាផលិតកម្មនានាកន្លងមក នាងខ្ញុងមិនទទួលប្រាក់តាមបែបក្នុងមួយរឿងប៉ុន្មានទេ គឺយកលុយប្រចាំថ្ងៃដោយក្នុងមួយថ្ងៃនាងយក៣៥០ដុល្លារ។ សម្រាប់តម្លៃនេះគឺពេញមួយថ្ងៃនាងខ្ញុងមិនទទួលយកការងារផ្សេងទៀតទេ ដោយសារតែមិនចង់ឱ្យគេថា «ស៊ីថ្ងៃ» គេហើយធ្វើឱ្យយឺតយ៉ាវការងារគេ ហើយនាំឱ្យខូចឈ្មោះ ។ ក្នុងមួយរឿងដែលថតចប់គឺអាស្រ័យទៅលើតួអង្គ នីមួយៗ ជាក់ស្តែងដូចថានាងខ្ញុងក្នុងតម្លៃថតមួយថ្ងៃ៣៥០ដុល្លារ បើបានតំណែងជាតួឯក គឺថតបានច្រើនថ្ងៃពី១៩ទៅ២០ថ្ងៃឬជាង១០ថ្ងៃ តែបើជាតួ ធម្មតាៗពី៥ទៅ៦ថ្ងៃឬ១០ថ្ងៃ ។
នាងខ្ញុងដែលមានស្រុកកំណើតនៅស្រុកកៀនស្វាយឱ្យដឹងថា នាងសុំមិនបញ្ជាក់ពីប្រាក់សរុបក្នុងមួយខែទទួលបានប៉ុន្មានទេ ។ ចំពោះច្រៀងកាត់សក់មង្គលការនាងខ្ញុងទទួលសម្រាប់តែសម្អាងការ «សុខគាបូតា» មួយប៉ុណ្ណោះព្រោះម្ចាស់សម្អាងការគឺជាបងស្រីធម៌របស់នាង ដោយចាប់ដៃគូជាមួយនាយពែកមី ។ កាត់សក់មង្គលការនាងខ្ញុងចាប់ដៃគូជាមួយអ្នកផ្សេងទៀត ក៏បានដែរឱ្យតែគេយកសម្អាងការ «សុខគាបូតា» ។
ការខិតខំប្រឹងប្រែងរបស់នាងខ្ញុងសព្វថ្ងៃនេះ ទី១ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដូចជាឪពុកម្តាយ បងប្អូននិងកូនប្រុស សរុបសមាជិកដល់ទៅ៦នាក់ដែលនាងទទួលបន្ទុករ៉ាប់រងទាំងអស់ ។ ទី២គឺនាងត្រូវខិតខំស្តារកេរ្តិ៍ឈ្មោះឱ្យកាន់តែលូតលាស់ទៅមុខទៀត ព្រោះអ្វីដែលនាងចង់បានតាំងពីតូចធ្វើជាអ្នកសិល្បៈ គឺបានដូចបំណងប្រាថ្នា ទើបចង់ឱ្យល្បីល្បាញកាន់តែខ្លាំង និងមហាជនទទួលស្គាល់ ។ លើសពីនេះធ្វើអ្វី ល្អៗក្នុងសង្គមដែលគេឱ្យតម្លៃទោះបីមិនបានស្ថិតស្ថិរយូរអង្វែងក៏អាចបន្សល់ស្នាដៃខ្លះក្នុងសង្គម ។
នាងខ្ញុងនិយាយថា «ក្នុងពេលដែលយើងមានគេស្គាល់រហូតទទួលបានតម្លៃការងារ បានប្រាក់រាប់រយដុល្លារបែបនេះ គឺឆ្លងកាត់បញ្ហាច្រើនដែរដូចជាការរិះគន់គ្រប់បែបយ៉ាង ។ អ្នកខ្លះរិះគន់ថាខ្ញុំវាយឫក ។ អ្នកខ្លះរិះគន់ថាសិចស៊ីពេក ។ យើងជាអ្នកសិល្បៈបើទទួលបានការរិះគន់ គឺជាអ្វីមួយដែលធ្វើឱ្យយើងកាន់តែខិតខំប្រឹងប្រែងតទៅទៀត ព្រោះខ្ញុំគិតថាគាត់ស្រឡាញ់យើង ចូលចិត្តយើងទើបគាត់បានបង្ហាញចំណុចល្អ និងអាក្រក់ឱ្យយើងឃើញដើម្បីកែលម្អទើបនាងខ្ញុំមិនខឹងអ្វីនោះទេ ។ ទោះជាយ៉ាងណាក្តីអ្នកសិល្បៈខ្លះវាយឫកដែរ តែយើងចេះតែខំធ្វើខ្លួនកុំឆ្មើងទៅជាការប្រសើរ» ។
ជីវិតលូតឡើងដល់ចំណុចនេះនាងខ្ញុងពុំធ្លាប់់ស្មានដល់ទាល់តែសោះ ។ នាងខ្ញុងដឹងគុណឪពុកព្រោះគាត់ជាអ្នកទិញពាក្យប្រឡងកំប្លែង ហើយឱ្យនាងចូលរួមសម្តែងជាមួយគាត់ដែរ ។ ទីបំផុតនាងខ្ញុងជាប់បានក្លាយជាតារាកំប្លែង តែបុរសជាឪពុកធ្លាក់ ។
នាងខ្ញុងថ្លែងអំណរគុណមហាជនដែលគាំទ្រនាងឱ្យឈរជើងបានលើពិភពសិល្បៈ ហើយយល់ថាអ្នកគាំទ្រនេះហើយ ជាទីផ្សារធំបំផុតរបស់នាង ៕




ចែករំលែកព័តមាននេះ