ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​រីករាយ​សប្បាយចិត្ត ព្រោះ​ទិន្នផល​ស្រូវ​វស្សា​បាន​ខ្ពស់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​អំណោយផល​ពី​ធម្មជាតិ​ដែល​មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ពី​ដើមរដូវ ធ្វើ​ឲ្យ​ស្រូវ​វស្សា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ល្អ​នៅ​គ្រប់​ទីកន្លែង​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​។ យ៉ាងនេះ​ក្តី​ដោយសារ​ស្ថានភាព​ជំនន់​ទឹកជំនន់ បាន​បណ្ដាល​ឱ្យ​ស្រូវប្រាំង​របស់​បងប្អូន​ប្រជា​កសិករ ប្រមាណ​ជិត​២​ពាន់​ហិ​កតា​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ​។ លោក…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​អំណោយផល​ពី​ធម្មជាតិ​ដែល​មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ពី​ដើមរដូវ ធ្វើ​ឲ្យ​ស្រូវ​វស្សា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ល្អ​នៅ​គ្រប់​ទីកន្លែង​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​។ យ៉ាងនេះ​ក្តី​ដោយសារ​ស្ថានភាព​ជំនន់​ទឹកជំនន់ បាន​បណ្ដាល​ឱ្យ​ស្រូវប្រាំង​របស់​បងប្អូន​ប្រជា​កសិករ ប្រមាណ​ជិត​២​ពាន់​ហិ​កតា​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ​។

លោក កែវ រិ​ទ្ធី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​៖ ដោយសារ​ស្ថានភាព​ទឹកភ្លៀង ដែល​ទទួល​បាន​ពី​ដើមរដូវ ជា​មធ្យម​ប្រមាណ ជាង​១៣០០ មី​ល្លី​ម៉ែត្រ ច្រើន​ជាង​ឆ្នាំ​ចាស់ ធ្វើ​ឱ្យ​បងប្អូន​ប្រជា​កសិករ បង្កបង្កើន​ផល​បាន​ច្រើន និង​ទទួល​បាន​ទិន្នផល​ខ្ពស់​។ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​បាន​ប្រមូល​ផល​ស្រូវ​វស្សា បាន​ជាង​១​ម៉ឺន​៧​ពាន់​ហិ​កតា គិត​ជា​មធ្យម ទិន្នផល​ស្រូវ​ជាង​៣​តោន​កន្លះ ក្នុង​១​ហិ​កតា បរិមាណ​សរុប​កសិករ​ទូរ​ទាំង​ខេត្ត ប្រមូល​ផល​ស្រូវ​បាន ជាង​៦៣​ពាន់​តោន​។

ដោយឡែក​ស្រូវ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត មិន​ទាន់​ទុំ និង​ខ្លះ​កំពុង​ទុំ​បន្ត​នៅឡើយ ដែល​ការងារ​ប្រមូល​ផល​ស្រូវ​វស្សា អាច​ចប់​សព្វគ្រប់​នៅ​បំណាច់​ខែធ្នូ​។ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​៖ សម្រាប់​ស្រូវប្រាំង​របស់​ប្រជា​កសិករ​វិញ​បាន​រង​ការ​ខូចខាត​ជិត​២​ពាន់​ហិ​កតា​ផង​ដែរ ដោយ​ស្ថានភាព​ជំនន់​ទឹកទន្លេ​។ ស្រុក​ដែល​រង​ការ​ខូចខាត​ដំណាំ​ស្រូវប្រាំង​ទាំងនោះ​រួម​មាន ស្រុក​បរិបូរណ៍​, ជល​គី​រី​, កំពង់លែង​, កំពង់ត្រឡាច​, រលាប្អៀរ ,​និង​ក្រុង​កំពង់ឆ្នាំង ។

ដោយឡែក នៅ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រជា​កសិករ កំពុង​តែ​រីករាយ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន ដោយ​ពួក​គាត់​អះអាង​ថា​ស្រូវ​ឆ្នាំ​នេះ​បាន​ផល​ល្អ​ណាស់ ព្រោះ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​។ បើ​ប្រៀបធៀប​ឆ្នាំ​ចាស់ ឆ្នាំ​នេះ​ផល​ល្អ​ជាង ព្រោះ​ឆ្នាំ​ចាស់​ទឹកភ្លៀង​បាន​អស់​ពេល​ស្រូវ​ចាប់ផ្តើម​ដាក់​គ្រាប់​។

បងប្អូន​ប្រជា​កសិករ​បាន​បញ្ជាក់​ពី​មូលហេតុ ក្នុង​ការ​ប្រមូល​ផល​ថា​៖ បានជា​មាន​ខ្លះ​ជួល​ម៉ាស៊ីន​ច្រូតស្រូវ ខ្លះ​ទៀត​ច្រូត​ដោយ​ដៃ គឺ​ដោយសារ អ្នក​ដែល​ច្រូត​ដោយ​ដៃ គាត់​ចង់បាន​ស្រូវ​សុទ្ធ​ល្អ យក​មក​ធ្វើ​ពូជ ខ្លះ​ទៀត​ជា​ស្រូវដំណើប​ក៏​ចង់បាន​អង្ករ ដំណើប​សុទ្ធ​ល្អ​ដែរ​។ ចំណែកឯ​ការ​ច្រូត​ដោយ​ម៉ាស៊ីន​វិញ គេ​មិន​ខ្វល់​រឿង​ស្រូវ​លាយ​គ្នា​នោះ​ទេ​។ ចំណែក​តម្លៃ​ស្រូវ​វិញ ស្រូវ​ធម្មតា​ស្ងួត​ល្អ​ថ្លៃ​១ ១០០​រៀល ស្រូវ​ក្រអូប​ស្ងួត​ល្អ​ថ្លៃ​១៣០០​រៀល​ក្នុង​១​គីឡូក្រាម គឺ​ប្រហាក់ប្រហែល​ឆ្នាំ​ចាស់ ២០១៩៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ