ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង អំពាវនាវ​សុំ​ឲ្យ​លើកលែង​ការ​បង់ពន្ធ​លើ​ការ​លក់​កសិផល

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រី រាជ្យ សារី ក្រុមប្រឹក្សាភិបាល​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង ហៅ​កាត់​ថា សាក់​(SAC)​តំណាង​ឲ្យ​សមាជិក​សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព ដែល​ជា​បន្លែ​សរី​រាង ចំនួន​៣០០​គ្រួសារ…

ខេត្តស្វាយរៀង ៖ លោកស្រី រាជ្យ សារី ក្រុមប្រឹក្សាភិបាល​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង ហៅ​កាត់​ថា សាក់​(SAC)​តំណាង​ឲ្យ​សមាជិក​សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព ដែល​ជា​បន្លែ​សរី​រាង ចំនួន​៣០០​គ្រួសារ នៅ​ខេត្តស្វាយរៀង​បាន​សំណូមពរ​សូម​ឲ្យ​រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន​សែន មេត្តា​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​លើកលែង​ការ​បង់ពន្ធ ដោយ​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង ជួប​បញ្ហា​ខាត​ទុន​ជាប់​គ្នា​២​ឆ្នាំ​មក​ហើយ​។

ក្នុង​១​ឆ្នាំ​ខាតដើម​ទុន​៥​ទៅ​៦​លាន​រៀល គឺ​បង់​ប៉ាតង់​១​ឆ្នាំ​១,២០០,០០០​រៀល និង​បង់ពន្ធ​ប្រចាំខែ​លើ​ការ​លក់​កសិផល​(​បន្លែ​)​ដែល​លក់​ចេញ​ទាំង​ដុល​ត្រូ​បង់ពន្ធ​ចំនួន​០១​ភាគរយ ដូច្នេះ​ក្នុង​១​ខែ​ត្រូវ​ខាតដើម​ទុន​៣៥០,០០០​រៀល​ទៅ​៤០០,០០០​រៀល ហើយ​បើ​នៅ​តែ​បង់ពន្ធ​បែប​នេះ​សហគមន៍ និង​ដួល​ក្ស័យ​ទុន​ជាក់​ជា​មិន​ខាន​។​លោកស្រី រាជ្យ សារី មាន​ប្រសា​ន៍​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា ២០២០ នៅ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កសិផល​ស្វាយ​រៀង​ស្ថិត​នៅ​ភូមិ​ភ្នៅ​ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

លោកស្រី រាជ្យ សារី បាន​ប្រាប់​កោះសន្តិភាព​ថា សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង ហៅ​ថា សាក់ បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ​មានការ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត អង្គការ​JICA ជប៉ុន និង​មានការ​គាំទ្រ​ពី​ក្រសួងកសិកម្ម​ផង​ដែរ​។ SAC មាន​គណៈកម្មការ​ចំនួន​០៦​រូប​ស្រី​៤​រូប និង​ក្រុមប្រឹក្សាភិបាល​ចំនួន​៧​រូប​ស្រី​៥​រូប​។ មាន​សមាជិក​ចំនួន​៣០០​គ្រួសារ ដែល​ប្រកប​មុខរបរ​កសិកម្ម ដាំ​បន្លែ​សុវត្ថិភាព តាម​គោលការណ៍​ធម្មជាតិ​សរីរាង្គ ដោយ​ដាំ​ជា​លក្ខណៈ​គ្រួសារ តាម​ទំហំ​ដី​រៀងខ្លួន​។ ហើយ​បង្កើត​ជា​ក្រុម​តាម​ភូមិ​១​ក្រុម​មាន​តំណាង​ម្នាក់​ជា​អ្នក​ប្រមូល​បន្លែ​ពី​សមាជិក​ដឹក​មក​មជ្ឈមណ្ឌល អ្នកបច្ចេកទេស​កសិកម្ម​នៃ​សហគមន៍ បាន​រៀបចំ​ផែនការ​ដាំ​បន្លែ បណ្តេញ កុំ​ឲ្យ​ជាន់​គ្នា គឺ​ធានា​ផ្គត់ផ្គង់​បន្លែ​តាម​តម្រូវការ​ថ្ងៃ​ដែល​ម៉ូយ​បញ្ជា​ទិញ​។

តម្លៃ​បន្លែ​សរី​រាង មាន​ប្រភេទ​ផ្លែ​ត្រសក់​១​គីឡូ ២,៥០០​រៀល ទៅ​៣,០០០​រៀល ពេល​មាន​ប្រទេស​ជិតខាង​នាំ​ចូល​ច្រើន​ចុះ​តម្លៃ​ដល់​២,០០០​រៀល​។ ត្រឡាច​១​គីឡូ ២,០០០​រៀល សណ្តែកកួរ ១​គីឡូ ៤,៥០០​រៀល​។ ប្រភេទ​ស្លឹក​ផ្ទី ជន្លង់​១​គីឡូ​២,២០០​រៀល ស្ពៃខៀវ ស្ពៃចង្កឹះ ១​គីឡូ​៤,០០០​រៀល ស្ពៃ​ក្រ​ញ៉ា​ញ់​១​គីឡូ​៣,០០០​រៀល​ទៅ​៥,០០០​រៀល ខាត់ណា ១​គីឡូ​៦,៥០០​រៀល ត្រកួន ១​គីឡូ​២,០០០​រៀល កញ្ឆែត ១​គីឡូ​៤,០០០​រៀល ជីគ្រប់មុខ​១​គីឡូ​៤,០០០​រៀល ស្លឹកគ្រៃ​២,០០០​រៀល​។ លោកស្រី​បន្ត​ទៀត​ថា សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង​បាន​ដំណើ​ការ​ពី​ខែវិច្ឆិកា​២០១១​មក មុន​ដំបូង​មាន​ចុះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​បន្លែ​ជាមួយ​កាស៊ីណូ​ឡា​ស្វី​ហ្គា​ស់​សាន់​ក្រុង​បា​វិត​ដល់​ឆ្នាំ​២០១២ សាក់​បាន​ពង្រីក​ខ្លួន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ផ្សារ​អ៊ី​អន នៅ​រាជធានី​ភ្នំពេញ មាន​០៤​សាខា និង​ហាង​លក់​បន្លែ​សុវត្ថិភាព​ចំនួន​៣​តូប​ទៀត​គឺ​បាន​ជោគជ័យ​ធ្វើ​ឲ្យ​សមាជិក​៣០០​គ្រួសារ​មាន​ជីវភាព​ល្អ​ប្រសើរ​។

ក៏​ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៨ -២០១៩ មាន​បញ្ហា​ប្រឈម និង​ចាប់​ខាតដើម​ទុន​ដោយ​មាន​ឈ្មួញ​នាំ​បន្លែ​ពី​ប្រទេស​ជិតខាង​ចូល​ច្រើន គ្នាន​ការ​បង់ពន្ធ​នាំ​ចូល ធ្វើ​ឲ្យ​តម្លៃ​បន្លែ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ធ្លាក់​ថ្លៃ ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ បន្លែ​សុវត្ថិភាព បន្លែ​សរី​រាង ត្រូវ​រៀបចំ​ថ្នាល រោង​សុវត្ថិភាព ត្រូវ​ចំណាយ​ប្រាក់​ក្នុង​១​រោង​៥,០០០​ដុល្លារ កសិករ​ត្រូវ​ខ្ចីប្រាក់​ពី​ធនាគារឯកជន​មក​ដើម្បី​រៀបចំ​រោង​សុវត្ថិភាព​តាម​ស្តង់ដា​បច្ចេកទេស រៀប​ប្រពន្ធ​ទឹក រៀបចំ​រោង​ជី​កំ​ប៉ុស្តិ៍​ធម្មជាតិ​។ ហើយ​បើ​ដាំ​ស្ពៃ​ត្រូវ​ប្រើ​រយៈពេល​២៧​ថ្ងៃ​ទៅ​៣០​ថ្ងៃ​ទើប​ប្រមូល​ផល សហគមន៍​ប្រឈម​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​។ អ្នក​បរិភោគ មិន​ទាន់​យល់​ដឹង​អំពី​គុណប្រយោជន៍ នៃ​ការ​បរិភោគ​បន្លែ​សុវត្ថិភាព បន្លែ​សរីរាង្គ បន្លែ​សុវត្ថិភាព គឺ​ដាំ​ក្នុង​រោង​សុវត្ថិភាព គ្រប​ស្បៃ​មុង​លី​ឡុ​ង ប្រើ​ប្រើស​ពូជ ជីធម្មជាតិ ជីសរីរាង្គ គ្មាន​ការ​ប្រើ​ជីគីមី និង​គ្មាន​ថ្នាំពុល ធ្វើ​ឲ្យ​សុខភាព​អ្នក​បរិភោគ​ល្អ​ប្រសើរ​។

រីឯ​បន្លែ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង គឺ​គេ​ប្រើ​ជីគីមី និង​ថ្នាំពុល​កសិកម្ម ជា​ពិសេស​ការ​ដាក់​បូ​រ៉ា​ក់​កសិកម្ម​ការពារ​សម្រស់​បន្លែ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​ឈ្មួញ​នាំ​ចូល​លក់​តម្លៃ​ថោក ប្រជាជន​ងាក​ទៅ​ទិញ​បន្លែ​ដែល​គ្មាន​សុវត្ថិភាព​។ លោកស្រី​បាន​បញ្ជាក់​ថា បើ​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​កសិកម្ម​មិន​បាន​ល្អ​បណ្តោយ​ឲ្យ​ឈ្មួញ​នាំ​ចូល​បន្លែ​គ្មាន​សុវត្ថិភាព ធ្វើ​ឲ្យ​បន្លែ​សុវត្ថិភាព​សហគមន៍​ខ្វះ​ទីផ្សារ និង​ដួល​នៅ​ពេល​ខាង​មុខ​នេះ​។​ប្រជា​សហគមន៍​៣០០​គ្រួសារ​អំពាវនាវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​គាំទ្រ និង​ផ្តល់​ទុន​សម្រាប់​ប្រកប​មុខរបរ​កសិកម្ម និង​បាន​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​និរន្តរភាព​។ សូម​លើកលែង​ដល់​ការ​បង់ពន្ធ លើ​ការ​លក់​កសិផល របស់​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង​នៅ​ពេល​កំពុង​ជួប​វិត្ត​កូ​វី​ដ​-១៩​នេះ​ដោយ​អនុគ្រោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ