ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទស្សន៍​ទាយ​អំពី​ការ​អស់​ទឹកភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​ពិនិត្យ​ផ្កាឈើបើ​តាម​ឯកសារ​រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ពណ៌នា​ថា គេ​ច្រើន​ពិនិត្យ​ផ្កា​ទន្ទ្រានខេត្ត និង​ផ្កា​កន្ទ្រាំ​ង​បា​យស ស្មៅ​អំបោស ក្នុង​ការ​កំណត់​ទំនាយ​។ បើកាលណា​គេ​ឃើញ​ដើម​ទន្ទ្រាន​ខេត្ត និង​ដើម​កន្ទ្រាំ​ង​បា​យស​ចេញ​ផ្កា​ហើយ​នោះ គេ​អាច​នឹង​ដឹង​បាន​ថា…

ដោយ​ពិនិត្យ​ផ្កាឈើ
បើ​តាម​ឯកសារ​រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ពណ៌នា​ថា គេ​ច្រើន​ពិនិត្យ​ផ្កា​ទន្ទ្រានខេត្ត និង​ផ្កា​កន្ទ្រាំ​ង​បា​យស ស្មៅ​អំបោស ក្នុង​ការ​កំណត់​ទំនាយ​។ បើកាលណា​គេ​ឃើញ​ដើម​ទន្ទ្រាន​ខេត្ត និង​ដើម​កន្ទ្រាំ​ង​បា​យស​ចេញ​ផ្កា​ហើយ​នោះ គេ​អាច​នឹង​ដឹង​បាន​ថា លែង​មាន​ភ្លៀង​ទៀត​ហើយ ។ រុក្ខជាតិ​ទាំង​ពីរ​ប្រភេទ​នេះ ចេញ​ផ្កា​ពុំ​មាន​ពេល​កំណត់​ទៀត​ទាត់​ច្បាស់លាស់​ទេ ។ ជួនកាល​វា​ឆាប់​ចេញ​ផ្កា ជួនកាល​វា​ក៏​ចេញ​ផ្កា​យឺត​ពេល ។

ដោយ​ស្តាប់​សម្គាល់​សំឡេង​សត្វ
ក្រោយ​ពេល​ចេញ​វស្សា ចាស់​ៗ​ច្រើន​សង្កេត​សត្វ​ពីរ​ពួក ដើម្បី​កំណត់​សម្គាល់ការ​អស់​ទឹកភ្លៀង​គឺ៖

កាលណា​គេ​ឮ​សំឡេង​កង្កែប​ដែល​ខំ​ស្រែក​ដោយ​ត្រូវ​ពស់​លេប​ឮ​សូរ វ៉ែ​ប​ៗ នៅ​ក្បែរ​អណ្តូង ម្តុំ​ភ្លឺស្រែ កៀន​ដំបូក នោះ​គេ​សម្គាល់ថា​អស់​ភ្លៀងហើយ ឯ​ទឹកជំនន់ ក៏​ស្រក​ទៅ​វិញ​ផង​ដែរ ។
កាល​ណា​គេ​ឮ​សូរ​កុកក្រក ដែល​ចុះ​រកស៊ី​ក្នុង​ស និង​ថ្លុក​ត្រពាំង​បន្លឺ​សំឡេង ក្រក​ៗ នោះ​គេ​ដឹង​ថា រដូវភ្លៀង​នឹង​ចប់​ហើយ ។ នេះ​ក៏​ជា​សញ្ញា​នៃ​រដូវ​ទឹកសម្រក​ផង​ដែរ ។

ចំណាំ​លើ​ការ​ប្រែប្រួល​ខ្យល់​រដូវ និង​ធាតុអាកាស
កាលណា​គេ​ឃើញ​មេឃ​ស្រឡះ​ខៀវស្រងាត់​រាត្រី​ខែអស្សុជ ឬ​កត្តិក ពុំ​មាន​ពពក​សោះ ហើយ​នៅ​ពេល​យប់ ផ្កាយ​ទាំងឡាយ​រះ​យា​៉​ង​ច្បាស់​ក្រឡែត​មើលទៅ​ឃើញ ធំ​ៗ​ជាង​សព្វ​ដងនោះ​គេ​ដឹង​ថា​នឹង​អស់​ទឹកភ្លៀង​ហើយ ។

កាលណា​ខ្យល់​រដូវ​ផ្លាស់​ប្តូរ​ទិស គឺ​ត្រឡប់​ជាប​ក់មក​ពី​ទិស​ខាងជើង ឬ​ពី​ឦសាន​វិញ​នោះ​គេ​ដឹង​ថា​របប​ទឹកភ្លៀង​ត្រូវ​បាន​បញ្ចប់​ហើយ ។

កាលណា​មាន​ភ្លៀង​ពេល​អធ្រាត្រ​ធ្លាក់​ចុះ​មក​ជា​មេ ធំ​ៗ​ភ្លៀង​របៀប​នេះ​គេ​ហៅ​ថា​ភ្លៀង​លាង​ស្លែ ។ នេះ​មិនមែន​ជា​ភ្លៀង​ធម្មតា​ទេ ប៉ុន្តែ​គឺជា​ភ្លៀង​ផ្តាំ ភ្លៀង​ចុង​ក្រោយ ឧបមា​ដូច​យើង​ខ្ពុរមាត់​ឈប់​បរិភោគ​ដូច្នេះ​ដែរ ។

ជួនកាល​ភ្លៀង​ធំ នា​ពេល​អធ្រាត្រ​នេះ មាន​រន្ទះបាញ់​ផូង​ផាំង​ផង​ដែរ ។ គេ​ច្រើន​និយម​ហៅ​ថា​រន្ទះបាញ់​ក្បាល​ត្រី​ក្រាញ់ ព្រោះ​ជា​ចៃដន្យ​នៅ​ពេល​ស្រប​ជាមួយ​នេះ​ដែរ ក្បាល​ត្រី​ក្រាញ់​ទាំងឡាយ​មាន​ស្នាម​របក​ពពាល​រលាត់​ទំពែក​។ នេះ​ក៏​ជា​សញ្ញា​ថា​អស់​ទឹកភ្លៀង​ដែរ ។

ដោយ​ពិនិត្យ​ភ្លៀង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិ​ណ
ចាស់​បុរាណ​លោក​ឱ្យ​ពិនិត្យ​ថ្ងៃ​ភ្ជុំ​បិ​ណ្យ​ដើម្បី​កំណត់​ឱ្យ​ដឹង​ថា​តើ​ឆ្នាំ​នេះ​ភ្លៀង​ជួន​ចុងរដូវ ឬ​ក៏​រាំងរឹះ ។

ឆ្លង​តាម​រយៈកាល​ពិនិត្យ​នេះ លោក​កំណត់​ថា​៖ ប្រសិនបើ​មាន​ភ្លៀង​នៅ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​នោះ គេ​សន្មត​ថា ស្រូវ​នឹង​ស្កក ព្រោះ​ភ្លៀង​មិន​ជូន​ចុងឆ្នាំ​ទេ ។

ប្រសិនបើ​គ្មាន​ភ្លៀង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ចាស់​ៗ​លោក​សប្បាយ​រីករាយ ហើយ​ប្រកាសប្រាប់​គ្នីគ្នា​ថា ឆ្នាំ​នេះ​ភ្លៀង​ជូន​ចុងឆ្នាំ​ស្រូវធ្ងន់​យើង​នឹង​បាន​ផល​ពេញលេញ​ជា​មិន​ខាន ។

ដោយ​ឮ​សំឡេង​ផ្គរលាន់ ឬ​ផ្គរ​ផ្តាំ​ក្តាម​ខ្យង​៖
នៅ​ចុងខែ​អស្សុជ ឬ​នៅ​ដើមខែ​កត្តិក​នា​ពេល​អធ្រាត្រ​ស្ងាត់ជ្រងំ គេ​តែង​ឮ​សូរផ្គរ​លាន់ឮ​ស្រាល​បន្លឺ​សំឡេង​បង្អូស​យា​៉​ង​វែង ឮ​ពី​ជ្រុង​ទិសនិរតី ឬ​ទក្សិណ ។ មុន​ដំបូង​ផ្គរ​នោះ​ឮ​សូរដូច​ជា​នៅ​ជិត ។ ប៉ុន្តែ​សំឡេង​ផ្គរ​ឮ​កាន់តែ ឆ្ងាយ​ទៅ​ៗ តិច​ទៅ​ៗ រហូត​បាត់​សូរ​សំឡេង​តែ​ម្តង ។ អ្នក​ទាំងឡាយ​ដែល​ធ្លាប់​ព្រាត់​គូ​ស្នេហា​ព្រាត់ប្រាស់​គ្រួសារ ឬ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​ស្រុក​កំណើត កាលបើ​បានឮ​ផ្គរ​នេះ​ហើយ​គេ​ច្បាស់​ជា​ស្រងេះស្រងោច​ហៀរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ។

ចាស់​ៗ​ឱ្យឈ្មោះ​ផ្គរ​ប្រភេទ​នេះ​ថា ផ្គរ​លា​ឬ​ផ្គរ​ផ្តាំ​ក្តាម​ខ្យង ។ ព្រះបាទ​រាជសម្ភារ​ជា​កវី​ដ៏​ឆ្នើម​នា​សតវត្ស​ទី​១៧ ទ្រង់​ព្រះរាជ​និពន្ធ​កំណាព្យ​មួយ​ឈ្មោះ​សរសើរ​ហេមន្តមាស ក្នុង​នោះ​កំណាព្យ​ក៏​បាន​និយាយ​ដល់​ផ្គរលាន់​ផ្តាំ​ក្តាម​ខ្យង​ដែល​ចាស់​ៗ​ពី​ដើម​តែង​ស្មូត្រ​ធ្វើ​បទ​យា​៉​ង​ពីរោះ​នៅ​ពេល​ដែល​ឮ​ផ្គរ​នេះ ។ ឧទាហរណ៍ ផ្គរ​ផ្តាំ​ក្តាម​ខ្យង​កង្កែប​គ្រំ​ឱ្យ​ខំ​កាយ​រន្ធ​ពូន​អាត្មា តែ​ទឹក​ខះ​អស់​កាលណា​ប្រយ័ត្ន​មនុស្ស​ប្រហារ​ឆី ។

ផ្គរលាន់​ផ្តាំ​ក្តាម​ខ្យង ឬ​ផ្គរលាន់​នេះ ជា​សំឡេង​ធម្មជាតិ​ឱ្យដំណឹង​ដល់​កសិករ​ថា​អស់​ទឹកភ្លៀង​ហើយ គួរ​ស្រវាស្រទេញ​តម្កល់​ទឹក​ទុក​ក្នុង​ស្រែ​ការពារ​ក្រែង​ស្រូវស្កក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ