ពិសោធអ៊័រម៉ូនមនុស្សតឿ
តំបន់រដ្ឋបាល Itabaianinha ក្នុងរដ្ឋ Sergipe ភាគខាងជើងប្រទេសប្រេស៊ីល ត្រូវបានចាត់ទុកជាពិភពមនុស្សតឿនៅប្រទេសប្រេស៊ីល ដែលទីនោះអ្នកទេសចរជាច្រើនចង់ឃើញផ្ទាល់ភ្នែក ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងឈ្វេងយល់ពីអាថ៌កំបាំងរបស់បាតុភាពនេះដូចគ្នា ។ ខែតុលា ២០១០ អ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយលោកសាស្ត្រាចារ្យ Roberto Salvatori ប្រកាសលទ្ធផលការពិសោធអស់រយៈពេលជាង១០ឆ្នាំរបស់ខ្លួនចំពោះសហគមន៍មនុស្សតឿនៅ Itabaianinha ដែលមានមនុស្សតឿសរុបជាង៤ម៉ឺននាក់ ។
សេចក្តីប្រកាសចុះផ្សាយលើទំព័រទស្សនាវដ្តី Journal of Clinical Endocrinology and Metabolism ។ ក្នុងសេចក្តីប្រកាសនោះ លោកសាស្ត្រាចារ្យ Roberto Salvatori និយាយថា គាត់ឮនិយាយពីពិភពមនុស្សតឿលើកដំបូងបង្អស់ក្នុងទសវត្ស៩០នៃសតវត្សទី២០ តាមទូរទស្សន៍ CNN ។ តាំងពីនោះមកសហគមន៍មនុស្សតឿចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយពាសពេញពិភពលោក, ពិសេសក្រោយពេលទូរទស្សន៍ប្រេស៊ីលបង្ហាញឱ្យឃើញស្ត្រីម្នាក់តឿទាបជាងគេនៅ Itabaianinha ។
លោកសាស្ត្រាចារ្យ Salvatori រួមជាមួយក្រុមអ្នកវិទ្យាសាស្ត្ររបស់គាត់ប្តេជ្ញាស្វែងរកចម្លើយចំពោះសំនួរដែលថា តើអ៊័រម៉ូនលូតលាស់អាចជួយឱ្យមនុស្សមានអាយុវែងឬទេ ដែលសំនួរបែបនេះសហគមន៍វេជ្ជសាស្ត្រនៅមិនទាន់ដាច់ស្រេចក្នុងចិត្តនៅឡើយ ។ ពួកគេស្រាវជ្រាវលើមនុស្សតឿ៦៥នាក់ ដែលមានកម្ពស់ពី១,០៤ដល់១,២៩ម៉ែត្រ រួមជាមួយបងប្អូនប្រុសស្រីរបស់អ្នកទាំងនោះចំនួន១២៨នាក់ទៀត ក្នុងចំណោម៣៤គ្រួសារ ដែលមានកម្ពស់មធ្យម ។ ជាលទ្ធផលឃើញថា អាយុកាលមធ្យមរបស់ក្រុមមនុស្សតឿ (ដែលខ្វះខាតអ៊័រម៉ូនលូតលាស់) និងក្រុមមនុស្សមានកម្ពស់ធម្មតា (ដែលមានបរិមាណអ៊័រម៉ូនលូតលាស់គ្រប់គ្រាន់) គឺប្រហាក់ប្រហែលគ្នា ឬដូចតែគ្នា ។ ប្រការនេះផ្ទុយទៅនឹងទស្សនៈពីមុនដែលថាអ្នកខ្វះខាតអ៊័រម៉ូនលូតលាស់ ក្រៅពីរាងកាយតឿទាប អាយុកាលក៏ទាបជាងអ្នកមានអ៊័រម៉ូនលូតលាស់គ្រប់គ្រាន់ដែរ ។
តាមភាពយន្តឯកសារមួយដែលទស្សនាវដ្តី Narrative រៀបចំបង្កើតឡើង បានបង្ហាញថា ពីដើមដំបន់ Itabaianinha គេហៅថា Acidade dos anoe ឬទីក្រុងមនុស្សតឿ ។ កាលពីជិត២សតវត្សមុន អាពាហ៍ពិពាហ៍រវាងអ្នកមានឈាមជ័រជិតគ្នារីករាលដាលខ្លាំងនៅតំបន់ Itabaianinha ដែលប្រការនេះអាចពន្យល់បានពីការខ្វះខាតអ៊័រម៉ូនលូតលាស់ធ្វើឱ្យប្រជាជននៅទីនោះក្លាយជាមនុស្សតឿខុសគេឯងក្នុងនគរ ។ លុះដល់ទសវត្ស៩០នៃសតវត្សទី២០ ក្មេងៗនៅទីនេះចាប់ផ្តើមបានទទួលការចាក់អ៊័រម៉ូនលូតលាស់ និងហាមយកប្តីយកប្រពន្ធមានឈាមជ័រកៀកគ្នា, អីុចឹងហើយទើបសព្វថ្ងៃអ្នកមានដងខ្លួនតឿទាបមានតែមនុស្សវ័យចាស់ប៉ុណ្ណោះ ចំណែកអ្នកដែលបានទទួលការចាក់អ័រម៉ូនលូតលាស់កាលពីទសវត្ស៩០នោះ ភាគច្រើនក្លាយជាមនុស្សមានកម្ពស់ធម្មតាវិញ ។ សង្ឃឹមថា ពីរបីជំនាន់ទៀត តំបន់ Itabaianinha លែងត្រូវអ្នកក្រៅហៅថាពិភពមនុស្សតឿនៅប្រេស៊ីលទៀតហើយ ។
ពិភពមនុស្សតឿនៅប្រទេសផ្សេងៗ
ពិភពមនុស្សតឿមិនមែនមានតែនៅប្រទេសប្រេស៊ីលទេ នៅប្រទេស ផ្សេងៗទៀតក៏មានដែរ គ្រាន់តែមិនច្រើនពេក ក្នុងប្រទេសខ្លះផុតពូជអស់ទៅហើយប៉ុណ្ណោះ ។ នៅប្រទេសបា៉គីស្ថាន គេរកឃើញមនុស្សតឿប្រមាណ៥០នាក់រស់ផ្តុំគ្នាក្នុងភូមិ តូចៗពីរនៅជ្រលង Indus ។ ដោយហេតុផលទៅណាមកណាច្រើនតែត្រូវគេសើចចំអកពីរូបរាងកាយរបស់ខ្លួន មនុស្សតឿទាំងនោះចូលចិត្តរស់ផ្តុំគ្នាដើម្បីបានជួយគ្នាទៅវិញទៅមក ។
និយាយពីពិភពមនុស្សតឿនៅប្រទេសអីុរ៉ង់វិញ, កាលពីខែសីហាឆ្នាំ២០០៥ សពអប់តូចមួយមានប្រវែង២៥សង្ទីម៉ែត្រ ត្រូវគេប្រទះដោយចៃដន្យក្រោយពីមនុស្សមួយក្រុមលួចគាស់កកាយអស់ពេល២ខនៅបន្ទាយបុរាណមួយដែលកសាងក្នុងសម័យ Sassanid (២២៤-៦៥១ឆ្នាំមុនគ.ស) ជាសម័យនៃចក្រភពអៀរ៉ង់ចុងក្រោយមុនពេលសាសនាអ៊ិស្លាមកើតមានឡើង ។ ការប្រទះឃើញសពអប់មាឌតូចនោះបង្កឱ្យមានការជ្រួលច្របល់សាធារណជនពិភពលោក បន្ទាប់ពិពួកអ្នកប្រាជ្ញពិសោធដឹងថា ជាសពមនុស្សតឿអាយុជំទង់ម្នាក់ ។ ភ្លាមៗសពនោះត្រូវបានរឹបអូសបន្ទាប់ពីពួករត់ពន្ធបម្រុងយកទៅលក់ថ្លៃ៣លានដុល្លារអាមេរិកនៅប្រទេសអាល្លឺម៉ង់ ។ អ្នកឯកទេសមួយក្រុមរកឃើញថាសពអប់រូបរាងសែនតូចនេះ ពេលស្លាប់មានអាយុ១៦ ឬ១៧ឆ្នាំទៅហើយ, ដូច្នេះគេជាពូជមនុស្សតឿដែលមានមាឌតូចមែនទែន ។
បន្ទាប់ពីឮអ្នកឯកទេសអះអាងដូច្នេះ ពាក្យចចាមអារា៉មមួយក៏កើតមានឡើងតាមក្រោយ គឺពាក្យចចាមអារ៉ាមពីទីក្រុងមនុស្សតឿក្នុងខេត្ត Kerman ប្រទេសអីុរ៉ង់ ។ ពួកអ្នកប្រាជ្ញខាងបុរាណវិទ្យាក៏កើតការសង្ស័យដូចពាក្យចចាមអារា៉មដែរ បាននាំគ្នាធ្វើកំណាយបន្តនៅបរិវេណបន្ទាយបុរាណដែលមានសពអប់តូចច្រមក់នោះ។ កំណាយធ្វើយា៉ងអំណត់បំផុតរហូតដល់លេចលទ្ធផលចេញមក គឺប្រទះឃើញស្លាកស្នាមផ្ទះជាច្រើន តែផ្ទះ នីមួយៗខ្ពស់បំផុតត្រឹម៨០សង្ទីម៉ែត្រ ដែលបញ្ជាក់ថា កាលពីប៉ុន្មានសិបពាន់ឆ្នាំមុន ទីនោះជាកន្លែងរស់នៅផ្តុំគ្នារបស់ពួកមនុស្សតឿម្យា៉ងដែលមានកម្ពស់ត្រឹមតែ៣០សង្ទីម៉ែត្រ ឬលើសបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនោះ តំបន់ដែលធ្វើកំណាយចាប់ផ្តើមលេចឡើងនូវឈ្មោះថ្មីមួយទៀត គឺ Shahse Kotouleha ឬទីក្រុងមនុស្សតឿ ។ ដូច្នេះមនុស្សតឿនៅតំបន់នេះជាពូជមនុស្សតឿតូចទាបបំផុតក្នុងលោក ។ ប្រសិនបើអំបូរមនុស្សតឿដែលមានកម្ពស់៣០សង្ទីម៉ែត្រនោះនៅមានវត្តមានដល់សព្វថ្ងៃប្រហែលមានការភ្ញាក់ផ្អើលខ្លាំងសម្បើមមិនខាន ។
រាជាណាចក្រមនុស្សតឿនៅប្រទេសចិន
ឆ្នាំ២០០៩សេដ្ឋីជនជាតិចិនម្នាក់ឈ្មោះចេង មិងជីវ ចំណាយប្រាក់ផ្ទាល់ខ្លួនកសាងសហគមន៍ដ៏ចម្លែកមួយឈ្មោះ «រាជាណាចក្រមនុស្សតឿ» បង្កឱ្យមានការជជែកគ្នាយា៉ងពុះកញ្ជ្រោល ។ ក្រោយកសាងរួចរាល់សេដ្ឋីចេងពណ៌នាប្រាប់អ្នកកាសែតថា «មនុស្សនៅរាជាណាចក្រនេះគ្មានអ្នកណាមានជំងឺឆ្លង, គ្មានអ្នកណាអាយុច្រើនជាង៥០ឆ្នាំ ហើយក៏គ្មានអ្នកណាមានកម្ពស់ជាង១,២ម៉ែត្រទេ ។ រាជាណាចក្រចម្លែកនៅឃ្លាតពីក្រុងគុនមីង ខេត្តវិនណាម៣៥គីឡូម៉ែត្រ ជាទីដែលគេស្រូបយកការចាប់អារម្មណ៍ពីអ្នកទេសចរយា៉ងឆាប់រហ័ស ។ រាជាណាចក្រមនុស្សតឿត្រូវបានកសាងសម្រាប់មនុស្សតឿដែលត្រូវគេរើសអើង ។ ប៉ុន្តែក៏មានអ្នករិះគន់ដែរថា ធ្វើដូច្នេះពួកមនុស្សតឿនឹងត្រូវឯកោពីសង្គមខាងក្រៅ ។
នៅរាជាណាចក្រមនុស្សតឿមានកងទាហានល្បាត ដែលប្រើឯកសណ្ឋានដូចសម័យបុរាណ, ដៃម្ខាងកាន់លំពែង ដៃម្ខាងកាន់ខែលធ្វើពីជ័រស្វិត ។ ក្រុមសិល្បករ-សិល្បការិនីរបស់រាជាណាចក្រមួយនេះ ពេលណាក៏តុបតែងខ្លួនយ៉ាងស្រស់ សើចញញឹមរីករាយលើកដៃស្វាគមន៍ភ្ញៀវទេសចរ ។ ក្នុងរាជាណាចក្រមានក្រុមពន្លត់អគ្គិភ័យច្បាស់លាស់, មានកងប៉ូលិសរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ, មានសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ គឺព្រះរាជាដែលប្រជាជនបោះឆ្នោតជ្រើសតាំង ។ ពលរដ្ឋតឿរូបណាមិនចេះសម្តែងសិល្បៈ ឬរាំច្រៀងទាក់ទាញអ្នកទេសចរ ត្រូវប្រគល់ភារកិច្ចឱ្យជួយការងាររក្សាសន្តិសុខ ធ្វើសិប្បកម្មផលិតរបស់ប្រើប្រាស់ ផ្តល់ស្បៀងឬធ្វើអនាម័យ ។ មនុស្សតឿក្នុងរាជាណាចក្រមនុស្សតឿសង់ផ្ទះនៅខ្លួនឯងរាងដូចផ្សិត, សម្ភារសាងសង់ធ្វើពីជ័រទាំងអស់ ។
អ្នកទេសចរដែលទៅកម្សាន្តនៅរាជាណាចក្រមនុស្សតឿមានឱកាសបានថតរូបអនុស្សាវរីយ៍ និងទស្សនាសិល្បៈសម្តែងដោយសិល្បករ-សិល្បការិនីតឿ ។ រាជាណាចក្រនោះទើបតែមានពលរដ្ឋប៉ុន្មានរយនាក់ប៉ុណ្ណោះ, ពួកគេចេញមកពីសមាសភាព ខុសៗគ្នា ខ្លះជាកម្មកររោងចក្រស្លដែក តែដោយចង់គេចពីជាតិពុលក្នុងរោងចក្រក៏ទៅនៅទឹកដីទើបមានឈ្មោះថ្មីនោះ ខ្លះជាអតីតអ្នកសុំទានក៏មាន ខ្លះជាអតីតចោរលួច ចោរឆក់ក៏មាន ។ គ្រប់ផ្ទះនៅរាជាណាចក្រមនុស្សតឿមានតែទ្វារសម្រាប់បើកបិទប៉ុណ្ណោះ អត់មានចាក់សោឡើយ ព្រោះនៅទីនោះអត់មានអ្នកប្រព្រឹត្តបទល្មើសធ្ងន់ទេ ។ រាល់បញ្ហាប្រទាំងប្រទើសគ្នាកើតឡើងត្រូវដោះស្រាយយ៉ាងឆាប់រហ័សដោយក្រុមប្រឹក្សារដ្ឋដែលរាស្ត្របោះឆ្នោតបង្កើតឡើង ៕
ចែករំលែកព័តមាននេះ