ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុស​មាស សុខ​សោភា ទទួល​ស្គាល់​​ថា ហង្ស​មាស​ទាក់ទង​ប្អូនស្រី​ឱ្យ​ទៅ​ច្រៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ទស្សនិកជន ជា​ពិសេស​អ្នកគាំទ្រ​របស់​តារាចម្រៀង​នាង មាស សុខ​សោភា កំពុង​តែ​តាមដាន​យ៉ាង​ខ្លាំង​ពី​អនាគត​របស់​តារាចម្រៀង​រូប​នេះ ពី​ការ​ចូល​ក្នុង​ផលិតកម្ម​ណាមួយ​ឱ្យ​ប្រាកដ បន្ទាប់​នាង​បាន​សម្រេចចិត្ត​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​។ អ្នកវិភាគ​មួយ​ចំនួន​បាន​ដាក់​ការ​សន្មត់​របស់​ខ្លួន​ថា…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ទស្សនិកជន ជា​ពិសេស​អ្នកគាំទ្រ​របស់​តារាចម្រៀង​នាង មាស សុខ​សោភា កំពុង​តែ​តាមដាន​យ៉ាង​ខ្លាំង​ពី​អនាគត​របស់​តារាចម្រៀង​រូប​នេះ ពី​ការ​ចូល​ក្នុង​ផលិតកម្ម​ណាមួយ​ឱ្យ​ប្រាកដ បន្ទាប់​នាង​បាន​សម្រេចចិត្ត​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​។

អ្នកវិភាគ​មួយ​ចំនួន​បាន​ដាក់​ការ​សន្មត់​របស់​ខ្លួន​ថា មាស សុខ​សោភា អាច​នឹង​សម្រេច​ចូល​នៅ​ក្នុង​ផលិតកម្ម​ធំ​២ គឺ​ផលិតកម្ម​ហង្ស​មាស និង​ហ្គា​ឡាក់​ស៊ី ខណៈ​ពេល​ដែល​បងប្រុស​របស់ មាស សុខ​សោភា គឺ​លោក មាស សុខ​រត​នះ ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​ច្បាស់​នៅឡើយ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ផលិតកម្ម​ហង្ស​មាស ពិតជា​ទាក់ទង​ប្អូនស្រី​របស់​លោក​ឱ្យទៅ​ច្រៀង​ប្រាកដ​មែន។

លោក មាស សុខ​រត​នះ បាន​អះអាង​ប្រាប់​តាម​សា​អេ​ឡិច​ត្រូ​និ​ច​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រហូត​មក​ទល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា មាស សុខ​សោភា នឹង​ចូល​ទៅ​ច្រៀង​នៅ​ក្នុង​ផលិតក​មុ្ម​ណាមួយ​ឲ្យ​ពិតប្រាកដ ដោយសារ​តែ​លោក​មិនសូវ​បាន​ជួប មាស សុខ​សោភា ញឹកញាប់​ដូច​មុន​ឡើយ ព្រោះតែ​រវល់​ការងារ​រៀង​ៗ​ខ្លួន​។

លោក​បញ្ជាក់​ថា ចំពោះ​ការ​សម្រេចចិត្ត​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ណាមួយ​នោះ គឺជា​និច្ច​ជា​ការ​ប្អូនស្រី​របស់​លោក​តែងតែ​សាកសួរ និង​ឱ្យ​លោក​ផ្តល់​យោបល់​ជា​និច្ច ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ផលិតកម្ម​ណា​យ៉ាងម៉េច? ហើយ​ផលិតកម្ម​នោះ​ល្អ​ឬ​យ៉ាងណា?

លោក​បន្ថែម​ថា ចាប់តាំងពី មាស សុខ​សោភា បាន​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​នោះ​រួច​មក គឺ​មាន​ផលិតកម្ម​ជា​ច្រើន​ទាំង​ផលិតកម្ម​ចាស់ និង​ផលិតកម្ម​ថ្មី បាន​មក​ទាក់ទង​រូប​នាង​ជា​បន្តបន្ទាប់ ហើយ​កន្លង​មក​លោក​ក៏​បានដឹង​ថា ផលិតកម្ម​ហង្ស​មាស ក៏​បាន​ទាក់ទង​មក​ដែរ ប៉ុន្តែ​សម្រាប់​ផលិតកម្ម​ហ្គា​ឡា​ស៊ី​នោះ គឺ​ដូច​ជា​មិន​មាន​ដំណឹង​ទាក់ទង​មក​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក មាស សុខ​រត​នះ ការ​សម្រេច​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ណាមួយ​ពី មាស សុខ​សោភា នា​ពេល​នេះ​គឺ​លោក​បាន​ប្រគល់​សិទ្ធិ​ឲ្យ​រូប​នាង​ជា​អ្នក​ជ្រើសរើស​ម្តង ព្រោះ​បច្ចុប្បន្ន​លោក​ក៏​មានការ​មមាញឹក​ខ្លាំង​នៅ​ក្នុង​កិច្ច​ការងារ​របស់​លោក​ផង​ដែរ​។

លោក មាស សុខ​រត​នះ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​នាំ​គ្នា​លើក​ឡើង​ពី មាស សុខ​សោភា ចូល​ផលិតកម្ម​នេះ ផលិតកម្ម​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ វា​នៅ​តែ​មិន​មាន​ភាព​ច្បាស់លាស់​នៅឡើយ ហើយ​រូប​លោក​ជា​បងប្រុស​ក៏​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ដែរ គឺ​មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា​។

ដោយឡែក​សម្រាប់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​ថា មាស សុខ​សោភា បាន​សម្រេច​ចូល​ផលិតកម្ម​មួយ​ហើយ ហើយ​ក៏​ត្រៀម​ចេញ​បទ​ចម្រៀង​ឆាប់​ៗ​នេះ រូប​លោក​ក៏​មិន​មាន​អ្វី​អះអាង​ពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​បទ​ចម្រៀង​ថ្មី​ៗ​នោះ គឺ មាស សុខ​សោភា បាន​ត្រៀម​ជា​ប្រចាំ​។

ទោះជា​យ៉ាងណា លោក​ជឿ​ថា ការ​សម្រេចចិត្ត​ចូល​ផលិតកម្ម​ណា​ពី​មាស សុខ​សោភា គឺ​លោក​នៅ​តែ​គាំទ្រ ព្រោះ​ជា​ការ​សម្រេច​របស់​នាង ខណៈ​ពេល​បច្ចុប្បន្ន​ក្រៅពី​អាជីព​សិល្បៈ​ចម្រៀង​នោះ ប្អូនស្រី​របស់​លោក​ក៏​បាន​ចាប់ផ្តើម​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​ផង​ដែរ គឺ​ការ​ចែកចាយ​អាហារ​បំប៉ន និង​ទ្រទ្រង់​សុខភាព​។

ដោយឡែក មាស សុខ​សោភា ក៏​ធ្លាប់​បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា នាង​មាន​មិត្តភក្តិ​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស បាន​ស្នើ​ឲ្យ​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​នេះ​ដែរ ប៉ុន្តែ​យ៉ាងណា​ការ​ចូល​ផលិតកម្ម​ហង្ស​មាស ឬ​ផលិតកម្ម​ណាមួយ​នោះ នាង​មិន​ទាន់​អាច​បង្ហើប​ឲ្យ​ដឹង​នា​ពេល​នេះ​ឡើយ ដោយ​ទុក​ឱ្យ​ទស្ស​និក​មានការ​ភ្ញាក់ផ្អើល​។

ជា​ការ​កត់សម្គាល់ មានការ​លើក​ឡើង​ថា ប្រសិនបើ មាស សុខ​សោភា នឹង​ចូល​ផលិតកម្ម​ហង្ស​មាស​នោះ នាង​អាច​នឹង​មានឱកាស​ច្រើន​សម្រាប់​តាំង​ឈោង​ភាព​ល្បីល្បាញ​បន្ថែម ព្រោះ​ផលិតកម្ម​នេះ​កំពុង​តែ​ត្រៀម​នូវ​យុទ្ធសាស្ត្រ​ថ្មី​ៗ សម្រាប់​តារាចម្រៀង​ក្នុង​ផលិតកម្ម​របស់​ខ្លួន​។

ក្រៅ​ជា​ផលិតកម្ម​ជើង​ចាស់ និង​មាន​ភាព​រ៉ឹង​មាំ​នោះ ហង្ស​មាស អាច​នឹង​ផ្តល់​ឱកាស​សម្រាប់ មាស សុខ​សោភា ឲ្យ​ធ្វើ​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ណាមួយ​ឲ្យ​រូប​នាង ក្នុង​ពេល​ដែល​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​ចាកចេញ​ទៅ​ផលិតកម្ម​ថ្មី​នោះ​។

ចំណែក​ការ​លើក​ឡើង​មួយទៀត​នោះ គឺ មាស សុខ​សោភា អាច​នឹង​ចូល​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ព្រោះ​ផលិតកម្ម​ថ្មីថ្មោង​មួយ​នេះ​កំពុង​តែ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ទាក់ទាញ​តារាចម្រៀង​ល្បី​ៗ​ស្រាប់​ពី​ផលិតកម្ម​នានា ដើម្បី​ជា​យុទ្ធសាស្ត្រ​ស្រូប​ទាញ​ទីផ្សារ​ឲ្យ​ដើរ​ទាន់​ផលិតកម្ម​ធំ​ៗ​។

ផលិតកម្ម​នេះ ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ សម្រាប់​តារាចម្រៀង​ណា​ដែល​មក​ច្រក​ក្នុង​ផលិតកម្ម​របស់​ខ្លួន ដោយ​បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ បាន​អូស​ទាញ​តារា​ល្បី​ៗ​ពី​ផលិត​កម្ម​ផ្សេង​ៗ​ជា​បន្តបន្ទាប់​ដូច​ជា លោក ខេ​ម និង​លោក ព្រាប សុវត្ថិ ហើយ​ចុង​ក្រោយ​នេះ​គេ​រំពឹង​ថា អាច​នឹង​លេច​មាន​វត្តមាន​របស់ មាស សុខ​សោភា បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ