ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​តំណាង​ UN ​ថ្មី ដាក់​គោលដៅ​បន្ត​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ជំនាញ

3 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី វ្ល៉ា​ដាន់​កា អាន់​ឌ្រេ​វ៉ា…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី វ្ល៉ា​ដាន់​កា អាន់​ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ថ្មី ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​អង្គារ ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ ចំពោះ​លោកស្រី ដែល​ត្រូវ​បាន​តែងតាំង​ជា អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ថ្មី ប្រចាំ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​អនុវត្ត​កម្មវិធី​នានា ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​គួរ​ជាទី​មោ​ទ​នៈ តា​មរយៈ​ទំនាក់ទំនង​ដ៏​យូរអង្វែង ​នា​ពេល​កន្លង​មក ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម បាន​មាន​ប្រសាសន៍​អំពី​យុទ្ធសាស្ត្រ​ សម្រាប់​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ជំនាញ តាម​រយៈ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក៏​ដូច​ជា​កម្មវិធី​ការងារ​សម្រាប់​យុវជន តាម​រយៈ​កម្មវិធី​ការងារ​សមរម្យ​ ប្រចាំ​ប្រទេស​កម្ពុជា (DWCP), កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​ សម្រាប់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ (DEY III) និង​ការ​អនុវត្ត​ផែនទី​បង្ហាញផ្លូវ​កាតាលីករ​សកល​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ ក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ ឱ្យ​កាន់តែ​ប្រសើរ​, ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​, ការ​ផ្តល់​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម និង​ការ​ផ្តល់​ឱកាស​ការងារ​សម្រាប់​យុវជន ជា​ពិសេស​បងប្អូន​អតីត​ពលករ​ត្រឡប់​ មក​ពី​ប្រទេស​ថៃ​ តាម​រយៈ​ការ​រៀបចំ​វេទិកា​ការងារ​នៅ​ទូ​ទាំង​ប្រទេស ​។

ឯកឧត្តម បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​អង្គការសហប្រជាជាតិ ដោយ​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​ដំណាក់កាល​បន្ទាប់​នេះ នឹង​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​យុវជន និង​កម្លាំង​ពលកម្ម​កម្ពុជា ប្រកបដោយ​ផលិតភាព​ខ្ពស់ ប្រសិទ្ធភាព និង​សក្ដិ​សិទ្ធ​ភាព ដែល​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​ប្រកបដោយ​ចីរភាព ​។

ជា​ការ​ឆ្លើយ​តប លោកស្រី អាន់​ឌ្រេ​វ៉ា បាន​កោតសរសើរ​ ចំពោះ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ អង្គការសហប្រជាជាតិ ដែល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​បន្ត​កិច្ចសហការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព តាម​រយៈ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ភាព​រហ័សរហួន និង​ការ​សម្របសម្រួល​យ៉ាង​ល្អ ដើម្បី​កសាង​អនាគត​ ដែល​រួម​បញ្ចូល និង​មាន​ភាព​ធន់​សម្រាប់​ប្រជាជន​កម្ពុជា ​។

លោកស្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ភាព​ជា​ដៃគូ​ដ៏​ចាំបាច់​នេះ ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជានា​ពេល​អនាគត ​៕ អត្ថបទសហការ