ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម…

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៦​ ។

កម្ពុជា និង វៀតណាម បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧​។ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម កាន់តែ​មាន​ភាពល្អូកល្អឺន​ជា​បន្តបន្ទាប់ ដោយ​ភាគី​ទាំង​ពីរ​បន្ត​រក្សា​បាន​នូវ​ទំនាក់ទំនង​កម្រិត​ខ្ពស់​និង​គ្រប់​កម្រិត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​នៅ​ក្នុង​វេទិកា​ពហុភាគី​។ កិច្ច​សហប្រតិបត្តិការ​រវាង​បក្ស​និង​បក្ស បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បំ​ផុ​ក្នុង​ការ​កំណត់​ទិស​ដៅ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បាន​បន្ត​អភិវឌ្ឍ​ឥត​ឈប់​ឈរ និង​ប្រកបដោយ​ទំនុកចិត្ត នា​រយៈពេល​ចុង​ក្រោយ​នេះ ហើយ​ចំណងមិត្តភាព​រវាង​ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពរឹងមាំ និង​កាន់តែ​ជិត​ស្និទ្ធ​។

កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ នៅ​តែ​បន្ត​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​និង​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ឡើង​។ ភាគី​ទាំង​ពីរ​តែងតែបាន​អះអាង​ពី​គោលការណ៍​មិន​អនុញ្ញាត​ឱ្យ​កងកម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​មួយ​ដើម្បី​បំផ្លិចបំផ្លាញ​សន្តិសុខ​របស់​ប្រទេស​មួយទៀត​។ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​អនុសា​រណៈ​នៃ​ការ​យោគយល់​គ្នា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ស្ថាប័ន​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​តែងតែ​សម្របសម្រួល​គ្នា​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​កិច្ចការ​បោះបង្គោល​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​។ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវច្បាប់​ចំនួន​ពីរ ទទួលស្គាល់​ការ​សម្រេច​បាន​នូវ​ការ​បោះបង្គោល​ខ័​ណ្ឌ​សីមា​ចំនួន ៨៤% នៃ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ហើយ​កំពុង​បន្ត​ចរចា​ជា​បន្តបន្ទាប់​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ទាំងស្រុង​នៃ​ការ​បោះបង្គោល​ខ័​ណ្ឌ​សីមា​ដែល​នៅ​សល់​ចំនួន ១៦% ឱ្យ​បាន​ឆាប់​ៗ​។

កិច្ច​សហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ​និង​ទេសចរណ៍ គឺជា​ចំណុច​ដ៏​ភ្លឺស្វាង​និង​មាន​កំណើន​ប្រកបដោយ​ស្ថិរភាព​។ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី មានការ​កើនឡើង​ដល់ ១១,៣៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅ​ក្នុង ២០២៥ គឺ​កើនឡើង​ជាង ១១,៧% បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។ បច្ចុប្បន្ន វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​បី​របស់​កម្ពុជា (​បន្ទាប់​ពី​ចិន និង​សហរដ្ឋ​អាម៉េរិក​) និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​។ ភាគី​ទាំង​ពីរ​កំពុង​សម្របសម្រួល​យ៉ាង​សកម្ម​ដើម្បី​ឱ្យ​សម្រេច​បាន​គោលដៅ​នៃ​ការ​សម្រេច​បាន​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ទាក់ទង​នឹង​ការ​វិនិយោគ បច្ចុប្បន្ន ប្រទេស​វៀតណាម មាន​គម្រោង​វិនិយោគ​សកម្ម​ចំនួន ២២៩ នៅ​កម្ពុជា មាន​ដើមទុន​ចុះបញ្ជី​សរុប​ប្រមាណ ២,៩៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ចំណោម​ប្រទេស​ចំនួន ៨៥ ដែល វៀតណាម​បាន​ដាក់​ទុន​វិនិយោគ​នៅ​បរទេស (​បន្ទាប់​ពី​ឡាវ​) ហើយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ៥ ដែល​ដាក់​ទុន​វិនិយោគ​ផ្ទាល់​ច្រើន​ជាងគេ​នៅ​កម្ពុជា បន្ទាប់​ពី​ចិន កូរ៉េ​ខាងត្បូង សិង្ហ​បុរី និង​ជប៉ុន​។

ក្នុង​ឆ្នាំ ២០២៥ ប្រទេស​វៀតណាម ជា​ប្រទេស​នាំមុខ​គេ ដែល​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ១,២ លាន​នាក់​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ ហើយ​វៀតណាម​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​កម្ពុជា​ជាង ៦០០,០០០ នាក់ ទៅ​ទស្សនា​នៅ​ប្រទេស​ជិតខាង​មួយ​នេះ​។

វិស័យ​នៃ​សហប្រតិបត្តិការ​ផ្សេង​ទៀត ដូច​ជា អប់រំ​និង​បណ្តុះបណ្តាល ដឹក​ជញ្ជូន វប្បធម៌ សុខភាព​និង​ទូរគមនាគមន៍ ក៏​កំពុង​ត្រូវ​បាន​លើកកម្ពស់​យ៉ាង​សកម្ម​ផង​ដែរ​។ ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម និង​អង្គការ​មហាជន​ត្រូវ​បាន​បន្ត​រក្សា​និង​បន្ត​លើកកម្ពស់​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី​។

ប្រទេស​ទាំង​ពីរ​ក៏​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ទាំង​នៅ​ក្នុង​វេទិកា​អន្តរជាតិ តំបន់ និង​អនុ​តំបន់ ជា​ពិសេស​នៅ​ក្នុង​យន្តការ​អង្គការសហប្រជាជាតិ អាស៊ាន​និង​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន យន្តការ​សហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ ដែល​រួមចំណែក​ដល់​ការ​លើកកម្ពស់​កិត្យានុភាព​និង​តួនាទី​របស់​ប្រទេស​នីមួយ​ៗ នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ដំបូង​របស់​លោក​អគ្គលេខាធិការ​បក្ស តូ ឡឹម បន្ទាប់​ពី​លោក​ត្រូវ​បាន​ជ្រើសតាំង​ជា​ថ្មី ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត វៀតណាម នៅ​ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៤ ។ នេះ​ក៏​បាន​បង្ហាញ​អំពី​សារៈសំខាន់​របស់​បក្ស និង​រដ្ឋ​វៀតណាម ក៏​ដូច​ជា​ក្នុង​នាម​លោក​អគ្គលេខាធិការ តូ ឡឹម ផ្ទាល់ ក្នុង​ការ​ភ្ជាប់​និង​លើកកម្ពស់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ រវាង​វៀតណាម និង​កម្ពុជា​។
ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​យ៉ាង​មុតមាំ​បំផុត របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​ទាំង​ពីរ និង​ប្រទេស​ទាំង​ពីរ ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​សារៈសំខាន់ មាន​ប្រសិទ្ធភាព និង​សម​ស្រប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​និង​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​ប្រទេស​នីមួយ​ៗ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​អគ្គលេខាធិការ តូ ឡឹម នឹង​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល រវាង​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រវាង​ប្រមុខ​បក្ស​នៃ​បក្ស​ទាំង ៣ របស់​វៀតណាម កម្ពុជា និង​ឡាវ នៅ​ប្រទេស​កម្ពុជា តប​តាម​ការ​អញ្ជើញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជា ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ៕ (ដោយ ​៖ លឹ​ម វ​ណ្ណា​រា) អត្ថបទសហការ