រាជធានីភ្នំពេញ ៖ នារីជានិស្សិតឆ្នាំទី៤ម្នាក់ បានរត់ទ្រហោយំ រួចមករកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ខណៈរូបនាងជិះម៉ូតូចេញទៅធ្វើការក៏ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជិតនឹងសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
នារីរងគ្រោះខាងលើមានឈ្មោះ ចន រស្មី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងជានិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកឯសំភារៈដែលបាត់បង់រួមមាន ទូរស័ព្ទចំនួន២គ្រឿង ម៉ាក iphone X មួយគ្រឿង និងម៉ាកហូវ៉ៃមួយគ្រឿង អត្តសញ្ញាណប័ណ្ណ ២សន្លឹក កាត់ ATM ចំនួន២សន្លឹក និងលុយមួយចំនួនផងដែរ ។
តាមសំដីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាកហុងដាគុបជ្រុង សេ៩០ ពណ៌ទឹកប៊ិចមួយគ្រឿង ចេញពីផ្ទះជួល ក្នុងគោលបំណងទៅធ្វើការនៅម្តុំកោះពេជ្រ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់យកកាបូបរបស់នាងដែលបានស្ពាយជាប់នឹងខ្លួនយកទៅបាត់ដោយសុវត្ថិភាពតែម្តង ។
នារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកភ័យស្លន់ស្លោ និងអារម្មណ៍សោកស្ដាយទ្រព្យសម្បត្តិ ថា បន្ទាប់ពីត្រូវជនសង្ស័យឆក់យកកាបូបនាងហើយ រូបនាងភ័យស្លន់ស្លោមិនដឹងទៅណា ក៏បានសំរេចចិត្តជិះម៉ូតូទៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ដើម្បីឱ្យសមត្ថកិច្ចចរាចរណ៍ក្រុងភ្នំពេញជួយអន្តរាគមន៍ ហើយពេលទៅដល់សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅទីនោះ ក៏បានបោះដៃតាមវិទ្យុទាក់ទងឱ្យខាងសមត្ថកិច្ចមូលដ្ឋានចុះទៅជួបជនរងគ្រោះផ្ទាល់ផងដែរ។
លុះបន្តិចក្រោយមក ក៏ឃើញមានវត្តមានលោកមេប៉ុស្តិ៍ទំនប់ទឹក បានម៉ូតូទៅដល់ រួចហើយក៏បាននាំជនរងគ្រោះទៅចង្អុលបង្ហាញនៅកន្លែងកើតហេតុ រួចហើយក៏បន្តនាំទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកំណត់មុខសញ្ញាផងដែរ ដើម្បីតាមស្វែងរកក្រុមជនសង្ស័យនាំយកមកចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ