ហេតុអ្វីបានជាអ្នកប្រាជ្ញពោលថា អកុសលមូលទាំងបីនេះនាំសត្វទៅកាន់អបាយភូមិ ?
ព្រោះថា អកុសលមូលទាំងបីនេះជាកិលេសធំសត្រូវនឹងពុទ្ធសាសនា ហើយក៏ជាសត្រូវជាមួយនឹងសត្វលោកផងដែរ ដោយហេតុថា ទោសៈ ខឹងក្រោធច្រើន នាំសត្វទៅកាន់នរក, លោភៈ សេចក្តីលោភលន់ នាំសត្វទៅកើតជាប្រេត, មោហៈ ការមិនដឹងខុសត្រូវ ល្ងង់ខ្លៅ នាំសត្វទៅកើតជាសត្វតិរច្ឆាន នេះជាទោសរបស់អកុសលមូល ។
ព្រះពុទ្ធតែងអប់រំបរិស័ទឲ្យកម្ចាត់នូវកិលេសធំគឺអកុសលមូលទាំងបីដែលកប់ត្រាំនៅក្នុងសន្តានរបស់ខ្លួនជារឿយៗ បើមិនបានជម្រះឱ្យស្អាតបរិសុទ្ធទាំងស្រុងទេ ត្រឹមតែធ្វើឱ្យស្រាលចុះក៏សមល្មម កុំឱ្យជាប់ស្អិត ក្រាស់ឃ្មឹកពេក ។ តែបើបុគ្គលណាកម្ចាត់នូវកិលេសក្នុងសន្តានឱ្យជ្រះស្រឡះបាន បុគ្គលនោះឈ្មោះថាជាបុគ្គលដ៏ប្រសើរ មានចិត្តបរិសុទ្ធហើយ និងបានជាអ្នកបម្រើព្រះពុទ្ធសាសនាដោយពិត ។
ចំណែកបុគ្គលណាដែលលុះក្នុងអំណាចនៃកិលេស ជាប់ស្អិតនឹងទោសៈ លោភៈ មោហៈខ្លាំងពេក នឹងមិនបាននាមថាជាអ្នកប្រព្រឹត្តតាមឱវាទព្រះពុទ្ធសាសនាឡើយ ព្រោះអកុសលមូលហ្នឹងហើយជាសត្រូវធំនឹងពុទ្ធសាសនា ហើយជាសត្រូវនឹងសត្វលោកផងដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ