ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​១៥​គ្រួសារ ចោទ​អ្នកមាន​លុយ​ថា​មាន​ចេតនា​បើក​ទំនប់​ទឹក

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ដែល​សង់ផ្ទះ​នៅ​លើ​ដី​ចំណី​ផ្លូវ នាំ​គ្នា​ដេក​មិន​លក់​បក់​មិន​ល្ហើយ ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​នាំ​គ្នា​ស្រែក​ទ្រហោយំ ដោយ​ចោទ​អ្នកមាន​លុយ​មាន​ដីចម្ការ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន សង់​ទំនប់​ខ្ពស់​ផុត​ដំបូលផ្ទះ លុះ​ពេល​ភ្លៀង​ខ្លាំង​ម្តង​ៗ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ដែល​សង់ផ្ទះ​នៅ​លើ​ដី​ចំណី​ផ្លូវ នាំ​គ្នា​ដេក​មិន​លក់​បក់​មិន​ល្ហើយ ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​នាំ​គ្នា​ស្រែក​ទ្រហោយំ ដោយ​ចោទ​អ្នកមាន​លុយ​មាន​ដីចម្ការ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន សង់​ទំនប់​ខ្ពស់​ផុត​ដំបូលផ្ទះ លុះ​ពេល​ភ្លៀង​ខ្លាំង​ម្តង​ៗ គេ​យក​គ្រឿងចក្រ បើក​ទំនប់​ទឹក ដោយ​មាន​ចេតនា​ពន្លិច​លំនៅ​ឋាន​របស់​ខ្លួន ដើម្បី​ឱ្យ​ពួក​គេ​រុះរើ​ផ្ទះ​ចេញ​។ ចំណែក​មេការ ដែល​មើល​ការ​ខុស​ត្រូវ​ឱ្យ​ថៅកែ អ្នកមាន​នោះ បាន​អះអាង​ថា ទឹក​ហូរ​បុក​ខ្លាំង​បណ្តាល​ឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ ដោយសារ​តែ​ភ្លៀង​ខ្លាំង​ទប់​អត់​ជាប់​។

ហេតុការណ៍​ប្រជាពលរដ្ឋ​ចោទ​អ្នកមាន​លុយ មាន​ដី​នៅ​ក្បែរ​ផ្ទះ មាន​ចេតនា​បើក​ទំនប់​ទឹក​ឱ្យ​ហូរ​លិច​ផ្ទះ​របស់​ខ្លួន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ដុំ ពៅ អាយុ​៣០​ឆ្នាំ ប្រពន្ធ​ឈ្មោះ ពិន មីនា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ពួក​គេ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ទឹក​នៅ​លើ​ទំនប់​ដី​អ្នកមាន​លុយ​ម្នាក់ ឈ្មោះ សា ចំរើន ហៅ​អឿ​ង អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន បាន​ហូរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន អស់​រយៈពេល​២​យប់​មក​ហើយ ព្រោះ​គេ​បិទ​ទំនប់​ខាងក្រោម​កន្លែង​ផ្សេង មិន​ឱ្យ​ហូរ​ចេញ ក៏​ចាល់​ហូរ​ចូល​មក​ផ្ទះ​របស់​ខ្លួន​នៅ​ក្បែរ​ផ្លូវជាតិ​តែ​ម្តង​។

ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ខណៈ​ដេក​យប់​មិន​លក់​ឡើយ ព្រោះ​ទំនប់​ស្រះ​ទឹក​របស់​អ្នកមាន​ខាងលើ ខ្ពស់​ជាង​ដំបូលផ្ទះ​របស់​ខ្លួន ហើយ​ទឹក​ហូរ​ពេញព្រៀប​នៅ​លើ​ខ្នង​ទំនប់ បើសិនជា​ភ្លៀង​ធ្លាក់​កាន់តែ​ខ្លាំង អាច​នឹង​ហូរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ពួក​គេ ជា​ពិសេស​នៅ​ពេល​យប់ បើសិនជា​កំពុង​តែ​ដេក​លង់លក់​នោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួន និង​កូន​តូច​ៗ ជាក់​ជា​មិន​ខាន​។ បើ​តាម​សម្តី​ស្ត្រី​ម្នាក់​ឈ្មោះ ទុំ ច្រិ​ប អាយុ​៥៣​ឆ្នាំ ប្តី​ឈ្មោះ សូ គឿ​ន អាយុ​៥៣​ឆ្នាំ បាន​រៀបរាប់​ទាំង​ហូរ​ទឹកភ្នែក​ឱ្យ​ដឹង​ថា ៖ ពេល​នេះ​មេការ​របស់​ថៅកែ ដែល​មាន​ដី​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ទំ​បន់​ទឹក បើក​បង្ហូរ​ឱ្យ​លិចលង់​ផ្ទះ​របស់​ខ្លួន បណ្តាល​ឱ្យ​ដាច់​ដី​គ្មាន​ផ្លូវ​ចូល​ទៅ​ក្នុងផ្ទះ​នោះ​ឡើយ​។

គាត់​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព ដោយសារ​តែ​ទឹក​ហូរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន មាន​កម្ពស់​ជាង​១​ម៉ែត្រ បណ្តាល​ឱ្យ​អណ្តែត​សម្ភារ​ឆ្នាំង ចាន អស់​មួយ​ចំនួន ហើយ​រាល់​យប់​ពេល​មេឃ​ភ្លៀង​ម្តង​ៗ ពួក​គាត់​ដេក​មិន​លក់​នោះ​ឡើយ ខ្លាច​ក្រែងតែ​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​បើក​ទំនប់​បង្ហូរ​មក​លើ​ផ្ទះ របស់​ខ្លួន​បណ្តាល​ឱ្យ​លង់​ស្លាប់​។ ប្រជាពលរដ្ឋ​ដទៃ​ទៀត ក្នុង​ចំណោម​១៥​គ្រួសារ បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គាត់​ក៏​មិន​ចង់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ខាងលើ ក្បែរ​ដី​អ្នកមាន​នេះ​ដែរ​។ តែ​ធ្វើ​ម៉េច បើ​ពួក​គាត់​ក្រីក្រ គ្មាន​លទ្ធភាព​ទិញ​ដី​សង់ផ្ទះ​ផ្ទាល់ខ្លួន​។ តែបើ​អាជ្ញាធរ​ខេត្ត ឬ​ម្ចាស់​ដី​នៅ​ខាងលើ ចង់ឱ្យ​ពួក​គេ​រុះរើ​ចេញ​សូម​រក​ដី​មួយ​កន្លែង សមរម្យ នោះ​ពួក​គេ​នឹង​ចេញ​ភ្លាម​តែ​ម្តង​។

ប៉ុន្តែ​នៅ​ពេល​នេះ ពួក​គេ​សុំ​ឱ្យ​ម្ចាស់​ដី​ខាងលើ មេត្តា​យោគយល់ និង​អាណិត​មេត្តា​ដល់​ពួក​គេ ដែល​ជា​មនុស្ស​ដូច​គ្នា កុំ​ធ្វើបាប​ដោយ​បើកទឹក​ទំនប់​បង្ហូរ ពន្លិច​ផ្ទះ បែប​នេះ​ទៀត​។ ចំណែក​មេការ​របស់​ថៅកែ​ដីចម្ការ​ខាងលើ​ម្នាក់ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ពួក​គេ​មិន​បាន​បើក​ទំនប់​ឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ​ទេ គឺ​គេ​ជីក​កកាយ​ដី​ឱ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ​ប៉ុណ្ណោះ ព្រោះ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​មិន​អាច​ឱ្យ​ហូរ​ទៅ​ទំនប់​ខាងក្រោម​ទាន់​ពេលវេលា ទើប​បណ្តាល​ឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សង់​នៅ​ក្បែរ​ប្រឡាយ​ទឹក លើ​ចិញ្ចឹម​ផ្លូវជាតិ​បែប​នេះ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ