ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សហគមន៍បាគងភូមិខ្ញុំ»ផលិតផលទេសចរណ៍ថ្មីលើដី ខេត្តសៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្តសៀមរាបមានផលិតផលទេសចរណ៍ថ្មីៗ បន្ថែមលើសពីតំបន់បេតិកភណ្ឌពិភពលោកនោះ ឥលូវនេះ «សហគមន៍បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួនយ៉ាងស្រស់ឆើតឆាយលើទឹកដីឃុំបាគង ស្រុកប្រាសាទបាគង…

សៀមរាប ៖ ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្តសៀមរាបមានផលិតផលទេសចរណ៍ថ្មីៗ បន្ថែមលើសពីតំបន់បេតិកភណ្ឌពិភពលោកនោះ ឥលូវនេះ «សហគមន៍បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួនយ៉ាងស្រស់ឆើតឆាយលើទឹកដីឃុំបាគង ស្រុកប្រាសាទបាគង អាចបម្រើបានស្ទើរតែគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរក្នុងប្រទេស។

«សហគមន៍បាគងភូមិខ្ញុំ» នេះ បានបើកទទួលបម្រើសេវាកម្មជូនភ្ញៀវទេសចរ ក្នុងស្រុករយៈពេលជិតមួយខែមកហើយ ហើយទទួលបានការគាំទ្រពីភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញចលនាទេសចរផ្ទៃក្នុង ស្របពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩។

នាព្រឹក ថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានការគាំទ្រយ៉ាងពេញទំហឹងនៃវត្តមានរបស់សហគមន៍ទេសចរណ៍នេះ នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រី បានលើកឡើងថា «ដើម្បីឱ្យសហគមន៍មានភាពស្ថិតស្ថិរទៅបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានច្រើន និងត្រូវបែកចែកចំណូលប្រកប ដោយសមធម៌ទៅឱ្យពួកគាត់ មានន័យថា អ្នកធ្វើកិច្ចការងារណា ត្រូវតែទទទួលបានប្រាក់ចំណូលពីការងារនោះ ដោយអ្នកធ្វើតិចបានតិច ធ្វើច្រើនបានច្រើន។ នៅពេលដែលសហគមន៍អនុវត្តការបែងចែកនេះត្រឹមត្រូវ នោះប្រជាពលរដ្ឋនឹងទទួលបានចំណូលសមរម្យ អាចដោះស្រាយជីវភាពគ្រួសារបាន ប្រជាពលរដ្ឋនឹងមិនចំណាកស្រុកទៅណាឡើយ ហើយពួកគាត់នឹងនៅបម្រើការក្នុងវិស័យទេសចរណ៍ជាមួយសហគមន៍ ប្រកបដោយភាពរីករាយសុខដុមរមនីយ»។


លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ប្រធានសហគមន៍ ត្រូវផ្តោតលើការយកចិត្តទុកដាក់ចំពោះបដិសណ្ឋារកិច្ចនៅក្នុងសហគមន៍ និងត្រូវផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព រីឯបុគ្គលិកបម្រើសេវាកម្មត្រូវមានភាពញញឹមរួសរាយរាក់ទាក់ សំដីសំដៅក៏ត្រូវមានភាពសមរម្យដាក់ភ្ញៀវទេសចរ។

លោក ថោង ខុន ក៏បានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវជួយសហគមន៍បន្ថែមទៀត ពិសេសគឺការបណ្ដុះបណ្ដាលធនធានមនុស្ស (ជ្រើសរើសចេញពីក្នុងមូលដ្ឋានផ្ទាល់) អំពីការទទួលបដិសណ្ឋារកិច្ច ការបម្រើសេវាកម្មផ្សេងៗ និងគុណភាពសេវាកម្ម ព្រោះសេវាកម្មជាការទាក់ទាញភ្ញៀវទេសចរ។ ម្យ៉ាងវិញទៀត បញ្ហាអនាម័យ បរិស្ថាន និងសំរាមក៏ត្រូវគិតគូរឱ្យបានហ្មត់ចត់ផងដែរ មានន័យថា ក្នុងសហគមន៍មិនត្រូវមានសំរាម ត្រូវមានបរិស្ថានស្អាត ម្ហូបអាហារ និងរបស់របរប្រើប្រាស់ត្រូវមានអនាម័យជានិច្ច ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានស្នើដល់អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត គប្បីបន្តការជួយគាំទ្រដល់សហគមន៍បាគងភូមិខ្ញុំនេះ ដើម្បីឱ្យផលិតផលទេសចរណ៍ដ៏ល្អនេះកាន់តែមានការរីកចម្រើនទៅមុខ និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ ពោលគឺត្រូវដើរឱ្យស្របនឹងទស្សនទាន «ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ»។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញក្ដីសង្ឃឺមថា ការអនុវត្តរួមគ្នានេះនឹងនាំជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានជីវភាពរីកចម្រើនតទៅមុខ និងអភិរក្សបាននូវសម្បត្តិបេតិកភណ្ឌជាតិនៅទីនោះផងដែរ។

លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង គឺដើម្បី ១ – ជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។

និងទី ២- ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

លោកបានបន្តថា ចំណុចទី ៣- លើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ ចូលរួមជំរុញ និងអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ»។

លោក សូត្រ សួរ បានបន្តថា សហគមន៍បាគងភូមិខ្ញុំ បានចាប់ផ្ដើមរៀបចំខ្លួនបន្តិចម្ដងៗតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ន សហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ក្នុងនោះមានដូចជា ម្ហូបអាហារ ភេសជ្ជៈ តូបអង្គុយជុំវិញមាត់ទឹក ជិះទូកកម្សាន្ត សួនកម្សាន្តសម្រាប់កុមារ បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ក្រៅពីនេះ សហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗ ដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក ៕

អត្ថបទសរសេរ ដោយ