ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2014 ប្រាក់​បញ្ញើ​នៅ​មីក្រូហិរញ្ញវត្ថុ​កើន​ទ្វេ​ដង ខណៈ​ប្រាក់​ឥណទាន​ក៏​មាន​កំណើន​ពាក់កណ្ដាល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ប៉ុន្តែ​ក្នុង​ចំណោម​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់នោះ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ប៉ុន្តែ​ក្នុង​ចំណោម​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់នោះ មាន​តែ​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​ប៉ុណ្ណោះ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន ។ នៅ​ដំណាច់ឆ្នាំ ២០១៤ នេះ មីក្រូហិរញ្ញវត្ថុ​ទាំង​៧​ដែល​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​៨៩៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

តាម​ប្រសាសន៍​របស់​លោក បណ្ឌិត ប៊ុ​ន មុន្នី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត បាន​ឲ្យ​ដឹង​ថា ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៨៩៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មាន​អតិថិជន​ដាក់​ប្រាក់​ចំនួន​១.១២២.៦៣០​នាក់ ។

លោក​បន្ត​ថា បើ​យើង​ប្រៀបធៀប​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៣ ឃើញ​ថា មាន​កំណើន​ទ្វេ​ដង​គឺ​១០០​ភាគរយ​ដែល​កាលពី​ឆ្នាំ​២០១៣​កន្លង​មកនេះ ប្រាក់​បញ្ញើ​ដែល​ទទួល​បាន​ពី​អតិថិជន​ក្នុង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រមាណ​៤៤៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។ នេះ​អាច​បញ្ជាក់​ថា អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត​មក​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ និង​អាច​បញ្ជាក់​ពី​ប្រាក់​ចំណូល​ប្រជាជន​កម្ពុជា​យើង​ផង​ដែរ ។

សម្រាប់​ប្រាក់​កម្ចី​ដែល​មីក្រូហិរញ្ញវត្ថុ​ចំនួន​៣៧​ក្នុង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ផ្ដល់​ជូន​អតិថិជន​មាន​ប្រមាណ​២.០២៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន​១.៧៧៩.១៧១​នាក់ ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ឃើញ​ថា​កើនឡើង​ប្រហែលជា​៥០​ភាគរយ ។

គួរ​បញ្ជាក់​ថា នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ មាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ​១០០​គ្រឹះស្ថាន​បាន​ចុះបញ្ជី​នៅ​ក្នុង​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ការ​ចុះបញ្ជី​នេះ​ដែរ មិនមែន​មាន​ន័យ​ថា ធនាគារជាតិ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​នោះ​ទេ លុះត្រាតែ​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន​របស់​ធនាគារជាតិ ដូច​ជា​មាន​ឆន្ទៈ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដោយ​យកការប្រាក់​ទាប​សម​ល្មម​ដែល​អតិថិជន​អាច​ទទួលយក​បានជា​ដើម ។ ការ​ចុះបញ្ជី​នេះ​គ្រាន់តែ​ជា​ការ​គេច​លេស​ឲ្យ​ផុត​ពី​ចំណាត់ការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចំពោះ​គ្រឹះស្ថាន​មួយ​ចំនួន​ផ្ដល់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ដោយ​យកការប្រាក់​ខ្ពស់​ហួស​ហេតុតែ​ប៉ុណ្ណោះ ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ លោក​បណ្ឌិត ប៊ុ​ន មុន្នី ក្នុង​នាម​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ប្រើប្រាស់​សេវាកម្ម​របស់​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​មាន​អាជ្ញា​ប​ណ្ណ័​ប្រកប​របរ​ត្រឹមត្រូវ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ម្យ៉ាងទៀត ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​នោះ​ដែរ មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញា​ប​ណ្ណ័​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង បង្កើត​សេវាកម្ម​ល្អ​ៗ​ដល់​អតិថិជន និង​កាត់​បន្ថយ​ការ​ប្រាក់​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​ឥណទាន និង​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​បន្ថែម​ទៀត​សម្រាប់​ប្រាក់​បញ្ញើ​របស់​អតិថិជន​ដែល​បាន​ដាក់​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នីមួយ​ៗ ៕