ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺមហារីក​ក្រពះ ពោះ​វៀន នឹង​រោគ​សញ្ញា​ដ៏​គ្រោះថ្នាក់​ត្រូវ​ប្រយ័ត្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ទិន្នន័យ​ដែល​មាន​កន្លង​មក គេ​សង្កេត​ឃើញ​ថា មហា​រី​ក្រពះ និង​ពោះ​វៀន​មាន​អត្រា​ខ្ពស់ ហើយ​អត្រា​មរណភាព​របស់​វា​ក៏​ខ្ពស់​ក្នុង​ពិភពលោក​ទាំងមូល​។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​ប្រទេស​កម្ពុជា​យើង ការ​សិក្សា​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ទិន្នន័យ​ដែល​មាន​កន្លង​មក គេ​សង្កេត​ឃើញ​ថា មហា​រី​ក្រពះ និង​ពោះ​វៀន​មាន​អត្រា​ខ្ពស់ ហើយ​អត្រា​មរណភាព​របស់​វា​ក៏​ខ្ពស់​ក្នុង​ពិភពលោក​ទាំងមូល​។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​ប្រទេស​កម្ពុជា​យើង ការ​សិក្សា​បាន​បង្ហាញ​ថា មាន​ករណី​អ្នកជំងឺ​ដែល​មាន​មហារីក​កើត​មាន​ក្នុង​អាយុ​តិច​ជាង​៤០​ឆ្នាំ​ក៏​មាន​ចំនួន​មិន​តិច​ដែរ​។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ បាន​បញ្ជាក់​ថា ៖ អ្វី​ទៅ​ជា​ជំងឺមហារីក​ក្រពះ និង​ពោះ​វៀនធំ?
ជំងឺ​មួយ​ដែល​គេ​ជួប​ប្រទះ​ភាគច្រើន​លើ​មនុស្ស​ចាស់ (​អាយុ​លើស​ពី​៥០​ឆ្នាំ​)​។ វា​គឺជា​ការ​ដុះ​នូវ​ដុំ​សាច់​ដែល​មានការ​វិវត្តន៍​រីក​ធំ​លឿន​ខុសធម្មតា​ក្នុង​ក្រពះ ឬ​ពោះវៀនធំ​។

ហើយ​អ្វី​ទៅ​ជា​ការ​ឆ្លុះ​ក្រពះ​ពោះវៀន​រុករក​ជំងឺមហារីក​ក្នុង​ដំណាក់កាល​ដំបូង? តើ​វា​មាន​សារៈ​ប្រយោជន៍​អ្វីខ្លះ?
គឺជា​ការ​ឆ្លុះ​ក្រពះ​ពោះវៀន​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី (​ដោយ​ម៉ាស៊ីន Endoscopy ទំនើប បំពាក់​ដោយ​ប្រព័ន្ធ NBI) ដែល​ប្រទេស​ជឿនលឿន​ជា​ច្រើន​កំពុង​អនុវត្ត​ប្រកបដោយ​ជោគជ័យ ដើម្បី​រុករក​មើល​នូវ​វត្តមាន​នៃ​កោសិកា​មហារីក​ក្រពះ​ពោះវៀន​ក្នុង​ដំណាក់​ដំបូង​។ វា​មាន​សារៈ​ប្រយោជន៍​សំរាប់​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា និង​ធ្វើការ​ព្យាបាល​ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះ​កាត់។

ហេតុ​អ្វី​ចាំបាច់​ត្រូវ​រក​ជំងឺមហារីក​នេះ​ឱ្យ​ឃើញ​ក្នុង​ដំណាក់កាល​ដំបូង?
ជា​ទូទៅ​ជំងឺមហារីក​ក្រពះ និង​ពោះវៀន វា​មិន​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​អ្វី​ដែល​គួរ​ឱ្យ​កត់​សំគាល់​​ទេ​នៅ​ដំណាក់កាល​ដំបូង​។ ពេល​ដែល​លេច​ចេញ​រោគ​សញ្ញា គឺ​បញ្ជាក់​ថា​ជំងឺ​បាន​ធ្វើការ​វិវត្តន៍​​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​ការ​ព្យាបាល​មានការ​លំបាក និង​មិន​អាច​ធានា​បាន​ថា ជា​ដាច់​បាន​១០០% ដោយ​ការ​ព្យាបាល​ភាគច្រើន​ជា​ការ​សម្រន់​។ ផ្ទុយ​ទៅ​វិញ បើ​យើង​អាច​រក​ឃើញ​ជំងឺ​នេះ​ទាន់​នៅ​ដំណាក់​ការ​ដំបូង នោះ​ការ​ព្យាបាល​មាន​សភាព​ងាយស្រួល និង​អាច​ជា​បាន​១០០% ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់ ឬ​ប្រើ​ថ្នាំ​គីមី​ឡើយ​។

តើ​វា​មាន​រោគ​សញ្ញា​អ្វីខ្លះ?
ជា​ទូទៅ​ក្នុង​ដំណាក់កាល​ដំបូង ជំងឺមហារីក​ក្រពះ ពោះវៀន​មិន​មាន​រោគ​សញ្ញា​ច្បាស់លាស់​ទេ​។ រោគ​សញ្ញា​អាច​កើត​មាន លុះត្រា​ណា​តែ​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ រោគ​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​ត្រូវ​ប្រយ័ត្ន​រួម​មាន ៖

  • ពិបាក​លេប ឬ​លេប​មានការ​ឈឺចាប់​តាម​បំពង់​អាហារ
  • ក្អួត​មិន​បាត់
  • មាន​ភាពស្លេកស្លាំង
  • ដុំ​ពោះ​នៅ​ចុងដង្ហើម
  • ឈឺពោះរ​រ៉ាំរ៉ៃ
  • ឈឺ​ងើប​ពេល​យប់
  • ប្រវត្តិ​គ្រួសារ​មាន​ជំងឺមហារីក​បំពង់​អាហារ ក្រពះ​ពោះវៀន និង​ការ​បត់ជើង​មាន​ឈាម​។

តើ​ជំងឺមហារីក​ក្រពះ ពោះវៀន​អាច​បង្ការ​បាន​ដែរ​ឬទេ?
មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​យើង​បង្ការ​ជំងឺមហារីក​នឹង​ក្រពះ និង​ពោះវៀនធំ​បាន​ដូច​ជា ៖

  • ការ​ធ្វើតេស្ត និង​ព្យាបាល​មេរោគ​ក្រពះ
  • បញ្ឈប់​ការ​ពិសា​ស្រា បារី និង​ចៀសវាង​ការ​បរិភោគ​ប្រចាំ​ថ្ងៃ នូវ​អាហារ​រហ័ស និង​សាច់​ក្រហម ឬ​អាហារ​កែ​ច្នៃ (Fast food and red meat or processed food) ចៀសវាង​ការ​បរិភោគ​អាហារ​ប្រៃ និង​ចំណីអាហារ​ផ្អាប់
  • ការ​ធ្វើការ​ឆ្លុះ​ក្រពះ និង​ពោះវៀន​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំទៅ
  • ធ្វើតេស្ត​រក​គ្រាប់​ឈាមក្រហម​នៅ​ក្នុង​លាមក ។

លោក​វេជ្ជបណ្ឌិត ម៉ក់ សុ​ភក្តិ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​សំណូម​ពរ​ដល់​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ជួប​ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ជាមួយ​ជំនួយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​ទាន់​ពេលវេលា ចៀសវាង​ការ​យឺត​យាវ និង​ផលវិបាក​អាយុជីវិត​។ «​ការ​បង្ការ និង​ការ​ទប់ស្កាត់​ផ្តើម​ពី​ការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា​!» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ