រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍នៅវេលាព្រឹកថ្ងៃទី២៤ មីនា ២០១៥ នេះ នារីម្នាក់ដែលរួមដំណើរជាមួយនារីរងគ្រោះដែលបានស្លាប់ក្នុងរថយន្តធ្លាក់ប្រឡាយទឹកនោះ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ បន្ទាប់ពីបាននាំយកទៅសាកសួរកាលពីថ្ងៃទី២៣ មីនា ២០១៥ នោះ ។
ប្រភពបានឱ្យដឹងថា នារីខាងលើឈ្មោះវ៉ាន់ ស្រីណយ អាយុ២៤ឆ្នាំ ជាជាងកាត់ក្រចក ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
គួរបញ្ជាក់ថា ជុំវិញហេតុការណ៍ដែលបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើង ត្រូវបានប្រភពព័ត៌មានរៀបរាប់ឱ្យដឹងថា កាលពីថ្ងៃទី២១ មីនា នាងនិងក្រុមគ្រួសារបានទៅចូលរួមពិធីជប់លៀងនៅហាងមួយទល់មុខ ទីបញ្ជាការត្រែទ័ព។ លុះចេញពីកម្មវិធី នាងនិងប្អូនស្រីម្នាក់បានជិះរថយន្តឡិចស៊ីស RX ៣០០ ពណ៌ស របស់នាងចេញមកក្នុងអាការស្រវឹង ។ តាំងពីពេលនោះមក ស្រាប់តែបាត់នាងរហូតមក មិនដឹងថា នាងទៅណានោះទេ ។ តែអ្វីដែលឈានដល់ការស្វែងរកឃើញរថយន្តឡិចស៊ីសក្នុងប្រឡាយទឹក គឺបានទទួលព័ត៌មានពីបងប្អូនស្រីម្នាក់ ដែលជិះរថយន្តមកជាមួយនិយាយថា «ពេលនោះស្រីហ៊ាង មានសភាពស្រវឹង បានជិះរថយន្តតាមផ្លូវលេខ២០០១ រួចបត់ចូលផ្លូវលំមួយ ក៏ធ្លាក់ក្រឡុកធ្វើឱ្យនាងបោកក្បាលរបួស ។ ដោយសារមានការភ័យខ្លាច នាងបានសុំចុះពីរថយន្ត ហើយស្រីហ៊ាង ក៏បន្តបើករថយន្តទៅមុខទៀតក្នុងល្បឿនលឿន ។ ការតាមរកនៅចំណុចផ្លូវដែលអ្នកជិះជាមួយសុំចុះ ហើយបានឈរមើលឃើញនាង ឯម ស្រីហ៊ាង បើករថយន្តចេញទៅយ៉ាងលឿន »
ចែករំលែកព័តមាននេះ