សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។
សម្តេចតេជោបានសរសេរសារនៅលើបណ្តាញសង្គមនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នេះថា ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង គឺជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម និងកន្លែងផ្សេងៗ។ សម្តេចតេជោក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីសូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានគ្រប់គ្នាជាពិសេសគឺសូមការពារខ្លួនជាឆ្ងាយពី Covid-19 ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាស់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានជាប្រចាំ។
សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិ សុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន៕ (កែសម្រួលដោយ ៖ ធីតា)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ