ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងរថយន្ត ដែលតាមការបញ្ជាក់សារភាពពីជនដៃដល់ថា ជាការរាលកៃកាំភ្លើងខ្លី ហើយត្រូវបានបុរសជាជនដៃដល់ដឹកទីកន្លែងកើតហេតុនៅខេត្តកំពង់ឆ្នាំងយកទៅសារភាពនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍ផ្ទុះអាវុធក្នុងរថយន្តនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង12 រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី16 ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ។

យ៉ាងនេះក្តី នៅព្រឹកថ្ងៃទី16 ខែកញ្ញានេះ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានទៅ ទទួលសព នារីរងគ្រោះយកមកដាក់នៅក្នុងមន្ទីរពេទ្យខេត្ត ដើម្បីធ្វើកោសល្យវិច្ច័យ និងទទួលជនដៃដល់ ដើម្បីធ្វើការសាកសួរផងដែរ ។
ព័ត៌មានជាជំហានដំបូងដែលជនដៃដល់បានសារភាពនៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា រូបគេមានឈ្មោះ ពាក់ ឌី អាយុ28ឆ្នាំ មានទីនៅរាជធានីភ្នំពេញ មានមុខរបរលក់អចលនវត្ថុ ។

នៅមុនពេលកើតហេតុរូបគេជាមួយសង្សារខ្លួនឈ្មោះ ធី លីហ្សា អាយុ18ឆ្នាំ និងបុរសម្នាក់ទៀត ឈ្មោះណយ បូរ៉ា នៅរាជធានីភ្នំពេញ បានធ្វើដំណើរត្រឡប់ពីពោធិ៍សាត់វិញ ក្នុងគោលបំណងទៅរាជធានីភ្នំពេញ ។ លុះពេលធ្វើដំណើរមកដល់ខេត្តកំពង់ឆ្នាំងឈ្មោះ ធី លីហ្សា ដែលជាសង្សារខ្លួនបានទាញយកកាំភ្លើងខ្លី ពីលើតាប់ឡូ រថយន្តមកលេង ពេលនោះខ្លួនក៏បានទាញត្រឡប់មកវិញ គាប់ជួនពេលនោះ រថយន្តបុកខឿនចិញ្ចើមផ្លូវក៏បណ្ដាលឲ្យផ្ទុះអាវុធ ត្រូវសង្សារខ្លួនចំគល់ដោះខាងឆ្វេង បណ្ដាលឱ្យស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុរូបគេបានដឹកសពសង្សារខ្លួនយកទៅសារភាពនៅកងរាជអាវុធហត្ថស្រុកឧដ្ដុង្គ ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី16 ខែកញ្ញានេះដែរ គេឃើញលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំង បានដឹកនាំមន្ត្រីសមត្ថកិច្ចធ្វើកោសល្យវិច័យ លើសពជនរងគ្រោះ ពិនិត្យក្នុងរថយន្តផងដែរ ។

សមត្ថកិច្ចក៏បានយកជនសង្ស័យទៅធ្វើការសាកសួរ ប៉ុន្តែជននេះនៅតែឆ្លើយសារភាពថារូបគេពិតជារាលកៃកាំភ្លើងពិតមែន ចំណែកឯឈ្មោះ ណយ បូរ៉ា ដែលជិះនៅខាងក្រោយរថយន្ត ឆ្លើយថា រូបគេដេកលក់មិនបានដឹងរឿងអ្វីទាំងអស់ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងក៏បានទទួលនូវរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស rx-200 T ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2 BH 9239 និងអាវុធខ្លីម៉ាកឡុកមួយដើមដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីផងដែរ ។ ចំណែកឯសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ