ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សព​ហួសចិត្ត​ថ្លែង​មិន​ចេញ ប្អូន​ប្រុស​ជួប​គ្រោះ និង​មាន​ជន​ឆ្លៀត​ឱកាស​​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ដើរ​លេង​វិញ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ចំណែក​រថយន្ត​បង្ក​ក៏​បើក​រត់​បាត់​ស្រមោល មិន​ត្រឹមតែ​ប៉ុណ្ណោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​ជនសង្ស័យ​បន្លំ​លួច​យក​ទៅ​បាត់​ទៀត ធ្វើ​ឲ្យ​បងប្អូន​ជន​រង​គ្រោះ​ហួសចិត្ត​រក​អ្វី​ថ្លែង​មិន​ចេញ​ឡើយ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ដើរ​លេង​វិញ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ចំណែក​រថយន្ត​បង្ក​ក៏​បើក​រត់​បាត់​ស្រមោល មិន​ត្រឹមតែ​ប៉ុណ្ណោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​ជនសង្ស័យ​បន្លំ​លួច​យក​ទៅ​បាត់​ទៀត ធ្វើ​ឲ្យ​បងប្អូន​ជន​រង​គ្រោះ​ហួសចិត្ត​រក​អ្វី​ថ្លែង​មិន​ចេញ​ឡើយ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​៣៦៩ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

សព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ កែវ ពុធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​ការ​បញ្ជាក់​ពី​បងប្រុស​បង្កើត​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ប្អូនប្រុស​របស់​គាត់​ទៅ​ហូប​បាយ និង​ផឹកស្រា​បៀរ​ផ្ទះ​ពូ​នៅ​ច្បារ​អំពៅ ក្រោយ​ពេល​ហូប​បាយ និង​ផឹកស្រា​បៀរ​តិច​តួច​រួច ប្អូន​របស់​គាត់​មិនដឹង​ថា​បាន​ទៅ​ផឹក​បន្ត​នៅឯណា​ទៀត​នោះ​ទេ លុះដល់​ម៉ោង​១​រំលង​អធ្រាត្រ​ក៏​មាន​នគរបាល​ទូរស័ព្ទ​មក​ប្រាប់​ថា «​ប្អូន​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទៅ​ហើយ​» ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ឮ​ដូច្នេះ រូប​គាត់​ក៏​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​ដល់​កន្លែង​កើត​ហេតុ ក៏​ឃើញ​ប្អូនប្រុស​ដួល​បោក​ក្បាល​ហូរ​ឈាម​ធ្វើ​ឱ្យ​បាត់បង់​ជីវិត ហើយ​រូប​គាត់​ក៏​បាន​ហៅ​រថយន្ត​ដឹក​សព​មក​យក​ទៅ​តំកល់​នៅ​វត្ត​ច្បារ​អំពៅ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្នុង​គ្រានោះ​ផង​ដែរ ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ក៏​បាន​ស្នើ​សុំ​ទទូច​ឱ្យ​នគរបាល​មេត្តា​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយសារ​រថយន្ត​មិន​ចាំ​ស្លាក​លេខ​ដែល​បុក​ជន​រង​គ្រោះ ហើយ​រត់គេច​ខ្លួន​បាត់​នោះ​ផង ។ មិនតែប៉ុណ្ណោះ​ទេ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៉ិច មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង ក៏​ត្រូវ​ជនសង្ស័យ​ដែល​ឆ្លៀតឱកាស​លួច​ម៉ូតូ​របស់​ប្អូន​គាត់​យក​ទៅ​បាត់​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយ​គ្រឿង​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​បុក​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ហូរ​ឈាម​រហូត​បាត់​បង់ជីវិត​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង នៅ​សល់​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​គួរ​ឱ្យ​អាណោចអាធ័ម ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ នគរបាល​ផ្នែក​វាស់វែង​ខណ្ឌ​ច្បារ​អំពៅ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ព្យាយាម​ស្វែងរក​សាក្សី​ឃើញ​ហេតុការណ៍ ក្រែង​ស្គាល់​ភិនភាគ និង​ស្លា​កល​ខ​រថយន្ត​បង្កហេតុ ប៉ុន្តែ​ព្រោះតែ​យប់​ជ្រៅ​ពេក គ្មាន​អ្នក​ណា​បានឃើញ​ហេតុការណ៍​នោះ​ឡើយ ។ ណាមួយ​យប់​ជ្រៅ​ផង មាន​តែ​រង់ចាំ​ព្រឹក​ឡើង​សហការ​ជាមួយ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​លួច​ម៉ូតូ និង​រថយន្ត​បង្កហេតុ​គ្រោះថ្នាក់​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នៅ​កន្លែង​កើតហេតុ ដែល​រត់​គេ​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ