រាជធានីភ្នំពេញ ៖ អគ្គនាយកកសិកម្ម ក្រសួងកសិកម្មបានឲ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២០នេះកម្ពុជាបាននាំអង្ករចេញបាន៤៤៨ ២០៣តោនទៅកាន់៥៩ប្រទេស ។
ការនាំចេញនេះ បើប្រៀបធៀបរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩គឺមានការកើនឡើងជាង៣១%។ ការនាំចេញទៅសហភាពអឺរ៉ុបមានកំណើនប្រមាណជាង២៤%។ នៅក្នុងរបាយការណ៍ជម្រាបទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្ម អគ្គនាយកសិកម្ម បានឲ្យដឹងថា ក្នុងចំណោមអង្ករ ដែលបាននាំចេញនោះមានអង្ករក្រអូប ជាង៣៥ម៉ឺនតោន ស្មើប្រមាណ៧៨% អង្ករ.ស គ្រប់ប្រភេទចំនួនជិត៩ម៉ឺនតោន ដែលស្មើរប្រមាណ២០% ។
លោក ងិន ឆាយ អគ្គនាយកកិសកម្មនៃក្រសួងកសិកម្មបានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង៥៩ ដែលទទួលទិញអង្ករកម្ពុជា ប្រទេសចិនឈរលំដាប់ថ្នាក់លេខ ប្រទេសបារាំងលេខពីរ ។ ការកើនឡើងនៃការនាំចេញអង្ករកម្ពុជានេះ គឺមានទៅសហភាពអឺរ៉ុបចំនួនជិត៣ម៉ឺនតោន ដែលស្មើប្រមាណជាង២៤% ប្រទេសចិនកើនជាង២ម៉ឺនតោនស្មើជិត២០%និងទិសដៅប្រទេសក្នុងអាស៊ាន កើនជិត២ម៉ឺនតោន ៕
ចែករំលែកព័តមាននេះ