ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយអយស្ម័យយាន​ក្រុង​តូ​ក្យូ​ប្រារព្ធ​ខួប​100​ឆ្នាំ

9 ឆ្នាំ មុន

ស្ថានីយអយស្ម័យយាន​ក្រុង​តូ​ក្យូ គឺជា​មជ្ឈមណ្ឌល​គមនាគមន៍​ដ៏​សំខាន់​របស់​ជប៉ុន ដោយ​មាន​រថភ្លើង​ច្រើន​ខ្សែ​ចេញ​-​ចូល​ជាង​៣០០០​ជើង​ក្នុង​មួយ​ថ្ងៃ និង​មាន​អ្នកដំណើរ​ជាង​៤​សែន​នាក់​ក្នុង​មួយ​ថ្ងៃ

ស្ថានីយអយស្ម័យយាន​ក្រុង​តូ​ក្យូ គឺជា​មជ្ឈមណ្ឌល​គមនាគមន៍​ដ៏​សំខាន់​របស់​ជប៉ុន ដោយ​មាន​រថភ្លើង​ច្រើន​ខ្សែ​ចេញ​-​ចូល​ជាង​៣០០០​ជើង​ក្នុង​មួយ​ថ្ងៃ និង​មាន​អ្នកដំណើរ​ជាង​៤​សែន​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ក្នុង​រយៈពេល​១០០​ឆ្នាំ​កន្លង​មក​ស្ថានីយ​រថភ្លើង​នោះ​បាន​ក្លាយជា​ប្រវត្តិ​ចង​ចាំ​សម្រាប់​ប្រជាពលរដ្ឋ​ជប៉ុន ។

រដ្ឋាភិបាល​ជប៉ុន​ចាប់ផ្តើម​គម្រោង​សាងសង់​ស្ថានីយ​រថភ្លើង​តាំងពី​ឆ្នាំ​១៨៨៩ ប៉ុន្តែ​ការ​សាងសង់​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​សង្គ្រាម​រវាង​ចិន និង​ជប៉ុន និង​សង្គ្រាម​រុ​ស្ស៊ី​ជាមួយ​ជប៉ុន ។ លុះ​មក​ដល់​ឆ្នាំ​១៩៨០ ជប៉ុន​ចាប់ផ្តើម​សាងសង់​បន្ត ហើយ​រួចរាល់​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២០  ធ្នូ ១៩១៤ ។
ស្ថានីយអយស្ម័យយាន​តូ​ក្យូ​លេចធ្លោ​ដោយ​អគារ​មាន​លក្ខណៈ​បែប​អឺរ៉ុប ពណ៌​ក្រហម​ជា​និមិត្តរូប​នៃ​ការ​ចេញ​ម៉ូ​ដ​របស់​លោក​ថា​តស៊ូ​ណូ ឃី​ន​ហ្គោ ក្នុង​ឱកាស​ដែល​ជប៉ុន​ឈ្នះ​សង្គ្រាម​រុ​ស្ស៊ី និង​អ្វី្វ​គួរ​ឱ្យ​កត់សម្គាល់​ជាង​នេះ​គឺ​ពិតាន​អគារ​ជា​ស្ថាបត្យកម្ម​តាម​បែប​អឺរ៉ុប ។

ទោះជា​យ៉ាងណា​ក៏​ដោយ អគារ​មួយ​នោះ​រង​ការ​បំផ្លិចបំផ្លាញ​ខូចខាត​ក្នុង​សង្គ្រាមលោក​និង​ក្រោយ​ពី​បាន​បញ្ចប់​សង្គ្រាមលោក​បាន​ជួសជុល​ជា​ថ្មី ប៉ុន្តែ​បន្ថយ​ពី​៣​ជាន់​មក​នៅ​សល់​ត្រឹម​២​ជាន់ ។ នៅ​អំឡុង​ទស​វត្ស​១៩៨០ អភិបាលក្រុង​តូ​ក្យូ​មាន​គោល​គំនិត រុះរើ​អគារ​ស្ថានីយ​តូ​ក្យូ​សម្រាប់​សាងសង់​ថ្មី​ឱ្យ​ទាន់សម័យ ប៉ុន្តែ​ទទួល​ការ​ជំទាស់​ពី​មហាជន ។ ទីបំផុត​អភិបាលក្រុង​សម្រេច​អភិរក្ស​ទុក​ដោយ​កែ​លម្អ​បរិវេណ​នៅ​ជុំវិញ​អគារ​ឱ្យ​ទាន់សម័យ រួម​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បង្ក​លក្ខណៈ​ងាយស្រួល ។

ម្យ៉ាងទៀត​ស្ថានីយអយស្ម័យយាន​តូ​ក្យូ​ជាទី​តាំង​ដែល​កត់ត្រា​ពី «​ប្រ​វ​តិ្ត​លោហិត​ផ្នែក​នយោបាយ​» ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចំនួន​២​រូប ត្រូវ​គេ​លួច​ធ្វើឃាត​នៅ​ទីនោះ ។ លោកនាយក​រដ្ឋមន្ត្រី​ហា​រ៉ា ថា​កា​ស៊ី ត្រូវ​ជនល្មើស​លួច​ចាក់​សម្លាប់​នៅ​បរិវេណ​ទ្វារ​ខាងត្បូង​ស្ថានីយ​ក្នុង​ឆ្នាំ​១៩២១ ។ ចំណែក​នៅ​ឆ្នាំ​១៩៣០ លោកនាយក​រដ្ឋមន្ត្រី​អូ​សា​ស៊ី ហា​ម៉ា​គូ​ស៊ី ត្រូវ​ខ្មាន់កាំភ្លើង​លួច​បាញ់រង​របួស និង​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​បន្ទាប់ ។

ស្ថានីយអយស្ម័យយាន​នោះ​បាន​រៀបចំ​ប្រារព្ធ​ខួប​គម្រប់​១០០​ឆ្នាំ  តាំងពី​ខែធ្នូ ២០១៤ រហូត​ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៥ ដោយ​មាន​វី​ដេ​អូ​ឃ្លី​ប​រៀបរាប់​ពី​ប្រវត្តិ​ក្នុងអំឡុងពេល​១​សតវត្ស​កន្លង​ទៅ ៕