ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​សុំ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​សំណើរ​សុំ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​៣​រូប​នោះ គណបក្សកាន់អំណាច​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ស្នើ​សុំ​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ។ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​សំណើរ​សុំ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​៣​រូប​នោះ គណបក្សកាន់អំណាច​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ស្នើ​សុំ​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៨​សីហា ឆ្នាំ​២០២០ បាន​ស្វាគមន៍​ចំពោះ​ការ​ស្នើ​សុំ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​គណបក្សប្រឆាំង​ទាំង​៣​រូប​នេះ ។

លោក​សុខ ឥ​សាន បន្ត​ថា មិន​ចាំបាច់​ឆ្ងល់​ចំពោះ​ការ​សុំ​សិទ្ធិ​នយោបាយ​របស់​ពួក​គាត់​ទេ ព្រោះ​ច្បាប់​ស្តី​ពី​វិ​សោ​ន​ធ​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​នីតិវិធី​របស់​ក្រសួងមហាផ្ទៃ​បាន​បើក​ទូលាយ​ឲ្យ​ពួក​គាត់​ហើយ​ក្នុង​ចំណោម​១១៨​នាក់​ហ្នឹង បើ​គាត់​ចង់បាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើង​វិញ គឺ​គាត់​ធ្វើ​តាម​ច្បាប់​និង​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ។ លោក​បញ្ជាក់​ថា ៖«​បើ​គាត់​ចង់​ធ្វើ​នយោបាយ​ជា​សិទ្ធិ​នយោបាយ​របស់​គាត់​នៅ​ពេល​គាត់​ដាក់​ស្នើ​សុំ​ទៅ​បាន​ហើយ ។ ជាង​នេះ​បង្ហាញ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គាត់​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អតីត​មេ​របស់​គាត់ ។ ព្រោះ​កន្លែង​ទៅ​មេ​គាត់​ដែល​ទណ្ឌិត​ក្រៅច្បាប់ តែងតែ​លាប​ពណ៌​ឲ្យ សមាជិក​ក្នុង​ចំណោម​១១៨​នាក់​ហ្នឹង​ថា បើ​អ្នក​ណា​សុំ​នីតិសម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គឺជា​ការ​ត្បត់ ។ តែ​ពេល​នេះ​យើង​ឃើញ​ថា ទោះបី​មានការ​គំរាមកំហែង​ក្តី ក៏​ពួក​គេ​មិន​ខ្លាច​ដែរ​» ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា ការ​ដែល​សមាជិក​អតីត​គណបក្សប្រឆាំង​សុំ​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ ក៏​បង្ហាញ​ពី​ការ​អស់ជំនឿ​របស់​ពួក​គេ​លើក​មេ​របស់​គេ​ហើយ ។ ចំពោះ​ការ​សុំ​សម្បទាន​សិទ្ធិ​នយោបាយ​របស់​លោក សុ​ន ឆ័​យ ដែល​គេ​សង្កេត​ឃើញ​ថា ជា​អ្នកប្រឆាំង​ខ្លាំង​ជាងគេ​យ៉ាងណា​ក្តី លោក សុខ ឥ​សាន បាន​គូសបញ្ជាក់​ថា ទោះបី​គេ​ឃើញ​អ្នក​ណា​ប្រឆាំង​ខ្លាំង​ជាងគេ​ក្តី មិន​ប្រាកដ​ថា​អ្នក​នោះ​ច្បាស់​ប្រឆាំង​ទេ ផ្ទុយ​ទៅ​វិញ​គេ​ធ្វើ​ប្រឆាំង​ខ្លាំង​ទៅ តែ​តាម​ពិត​ធ្វើការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​ដែរ ។

លោក​បញ្ជាក់​ថា​៖«​យើង​មិន​មានការ​ព្រួយបារម្ភ​អ្វី​ចំពោះ​អ្នក​សុំ​នីតិសម្បទា​សិទ្ធិ​ធ្វើ​ន​យោ​យ​នេះ​ទេ តែ​យើង​ស្វាគមន៍​ការ​ធ្វើ​នីតិ​សម្បទាន​នយោបាយ​ទាំងនេះ ។ ហើយ​ការ​ដែល​គាត់​បង្កើត​គណបក្ស​នយោបាយ​ជា​សិទ្ធិ​របស់​គាត់ អត់​ព្រួយ​អ្វី​ទេ ហើយ​យើង​ក៏​មិន​ភ័យ​ពី​ការ​ប្រកួតប្រជែង​អ្វី​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន ក៏​លើក​ឡើង​ពី​ករណី​ទណ្ឌិត​សម រ​ង្ស៊ី​ថា មិន​អាច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​បាន​នោះ​ទេ ពីព្រោះ​ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រួច​ហើយ គឺ​មាន​តែ​ការ​ចាប់ខ្លួន​ចូល​គុក​ប៉ុណ្ណោះ ។ ទណ្ឌិត​នេះ​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ។ ជាង​នេះ​ទណ្ឌិត​នេះ​មិនមែន​ឈ្មោះ​ក្នុង​បញ្ជី​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់​នោះ​ទេ ដោយសារ​គាត់​លាលែង​ប្រធាន​គណបក្ស និង​សមាជិក​បក្ស​រួច​ហើយ ។

ដោយឡែក​ចំពោះ​ករណី​លោក​កឹ​ម សុខា វិញ ក៏​មិន​បាន​ធ្វើ​អ្វី​បាន​ដែល​ព្រោះ​គាត់​កំពុង ស្ថិត​ក្នុង​នីតិវិធីតុលាការ ។ លោក​បញ្ជាក់​ថា​៖« ទោះបី​កឹ​ម សុខា ចង់​សុំ​នីតិ​សម្បទាន សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក៏​មិន​បាន​ដែរ ពីព្រោះ​គាត់​ស្ថិត​ក្នុង​នីតិវិធីតុលាការ​» ។ ករណី​លោក​កឹ​ម សុខា នេះ​ដែរ លោក​សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​តុលាការ​មិន​ទាន់​ជម្រះក្តី​ចប់​សព្វគ្រប់​នោះ​ទេ គាត់​មិន​អាច​សុំ​នី​ត​សម្បទា​សិទ្ធិ​ធ្វើ នយោបាយ​បាន​នោះ​ទេ ។ ចំពោះ​ករណី​ស្នើ​សុំ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ទាំង​៣​នាក់ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អះអាង​មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ ។ នេះ​បើ​តាម​លោក​ខៀវ សុ​ភ័ក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​លោក សុ​ន ឆ័​យ អតីត​តំ ណា​ង​រាស្ត្រ​មណ្ឌល​ភ្នំពេញ និង​សមាជិក​គណៈកម្មការ​នាយក​២​រូប​ទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក តា​វ គឹ​ម​ឈ​ន និង​លោក វ៉ា សា​ម៉ុ​ន នៅ​ថ្ងៃ​ទី​២៧ ខែសីហា​នេះ បាន​ដាក់​លិខិត​ទៅ​កាន់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​លើក​បម្រាម ផ្តល់​នីតិសម្បទា​ឲ្យ​ពួក​គេ​អាច ធ្វើ​នយោបាយ​ឡើង​វិញ ។

នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​កោះ សន្តិភាព​ដឹក​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​ថា ក្រសួងមហាផ្ទៃ បាន​ទទួល​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​ទាំង​៣​នាក់​រួច​ហើយ ។ លោក​បន្ត​ថា លិខិតស្នើ​សុំ​ផ្តល់​សម្បទា​នយោបាយ​ឡើង​វិញ ត្រូវ​បាន​បញ្ជូន​ទៅ​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រួច​ហើយ ។ ប៉ុន្តែ​ការ​សម្រេច​បែប​ណា​មិន​ទាន់​ដឹង នោះ​ទេ​ព្រោះ​ទើប​ទទួល​បាន ។ លោក​បញ្ជាក់​ថា ៖«​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចារ​ឲ្យ​អគ្គលេខាធិការដ្ឋាន ចំនួន​៣ ពិនិត្យ សំណើរ​សុំ​នេះ​ហើយ ។ អី​ញ្ចឹ​ង​ចាំ​មើល​គេ​ប្រជុំ​គ្នា​សិន ព្រោះ​ទើប​ទទួល​បាន​ល្ងាច​មិ​ញ​(​ថ្ងៃ​ទី​២៧​សីហា​)​។ ចំពោះ​សំណួរ​ថា តើ​ពេល​អាច​នឹង​ដឹង​លទ្ធផល​នោះ​ខ្ញុំ​សុំ​មិន​និយាយ​ទេ ព្រោះ​រយៈពេល​លទ្ធផល​មិនដឹង​ច្បាស់​ដោយសារ​គេ​នៅ​ប្រជុំ​ពិភាក្សា​» ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ក្រសួង បាន​អះអាង​ក្រៅពី​អ្នក​ទាំង​៣​នាក់​ខាងលើ​នេះ​មិន​ទាន់​មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​ផ្សេង​ណា​មក​ដាក់​ពាក្យ​ស្នើ​សុំ​សម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ បន្ទាប់​ពី​មាន​សមាជិក​អតីត​គណបក្សប្រឆាំង​នេះ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​មួយ​ចំនួន ។ នៅ​ក្នុង​លិខិត​របស់​មន្ត្រី​ទាំង​បី​រូប បាន​ជម្រាប​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ថា រូប​ខ្លួន​ទាំង​បី​នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ករណី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ។

ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​បង្ក​លក្ខណៈ​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួល​បាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើង​វិញ​។ ដូចនេះ សូម​ស្នើ​សុំ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​ពួក​ខ្លួន​ដោយ​ក្តី​អនុគ្រោះ​។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ ក្រុម​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១២​នាក់​ហើយ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ដោយ​ក្នុង​នោះ​មាន ៩​នាក់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មាន​ដូច​ជា​: ១. លោក គង់ គាំ ២. លោក គង់ បូ​រ៉ា ៣. លោក រៀល ខេ​ម​រិ​ន្ទ្រ ៤. លោក ជីវ កត្តា ៥. លោក កង គឹ​ម​ហាក់ ៦. លោក អ៊ូ ច័ន្ទ​រ័​ត្ន ៧. លោក ច័​ន្ធ សិលា ៨. លោកស្រី ទេព សិ​ទ្ធី ៩. លោក ស៊ិ​ន សុវណ្ណ​នី ។ ហើយ​អតីតមន្ត្រី​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ គឺ​មាន​មួយ​ចំនួន​បាន​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង ។

ចំណែក​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​បី​រូប​ដែល​ទើបតែ​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មាន​ដូច​ជាៈ លោក សុ​ន ឆ័​យ លោក តា​វ គឹ​ម​ឈ​ន និង​លោក វ៉ា សា​ម៉ុ​ន ។ ការ​ស្នើ​សុំ​របស់​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​បន្ថែម​ទៀត​នា​ពេល​នេះ ធ្វើ​ឲ្យ​អ្នក​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​សរុប ១២​នាក់​ហើយ ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ដែល​ត្រូវ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ដោយ​សាលដីកា​តុលាការ​កំពូល​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ