ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកបើកឡានប្រាប់​មូលហេតុ ក្រោយ​បុកបន្តបន្ទាប់ដល់ទៅ​៣​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​ម្ចាស់​អះអាង​ថា ហ្វ្រាំង​មិន​ស៊ី ក៍បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​គា​មួយ​គ្រឿង​ពីក្រោយ រង​ការ​ខូចខាត​ខ្ទេច​គូថ​ខាង​ក្រោយ​ ហើយ​រថយន្ត​នោះ​ក៍បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ក្បាល​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​មួយ​គ្រឿងទៀត​ ដែល​កំពុង​ឈប់ ហើយ​ក៍​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​ម្ចាស់​អះអាង​ថា ហ្វ្រាំង​មិន​ស៊ី ក៍បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​គា​មួយ​គ្រឿង​ពីក្រោយ រង​ការ​ខូចខាត​ខ្ទេច​គូថ​ខាង​ក្រោយ​ ហើយ​រថយន្ត​នោះ​ក៍បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ក្បាល​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​មួយ​គ្រឿងទៀត​ ដែល​កំពុង​ឈប់ ហើយ​ក៍​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ បុក​​រ៉ឺ​ម៉ក​លក់​ទា​អាំង ​បណ្តាល​អោយ​ក្រឡាប់​រង​ការ​ខូចខាត​។ ​ទោះបីជា​យ៉ាងណា គ្រោះថ្នាក់​ខាងលើ​នេះ ពុំ​បណ្តាល​អោយ​មនុស្សណាម្នាក់​​រង​របួស​ឡើយ​។

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​ឈ្នះ ឈ្នះ កែង​ផ្លូវ​ឡុ​ង ឈិ​ន ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

រថយន្ត​ដឹកដី​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ៣A-២០៣៧ បើកបរ ដោយ​ឈ្មោះ សាំង ជឿន ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មាន​លំនៅ​ភូមិ ព្រៃវែង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច ​ក្នុង​​ល្បឿន​លឿន ។​ លុះ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្តុ​បដែលជា​​កន្លែង​កើតហេតុ​ខាងលើ​ ក៍បាន​ជ្រុល​ទៅ​បុក រថយន្ត​ម៉ាក KAI​ ពណ៌​ខ្លាញ់​ក្តាម មួយ​គ្រឿង ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​​រងការ​ខូចខាត​ខ្ទេច​គូថ​ខាងក្រោយ​។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​មក រថយន្ត​បង្ក​ក៍បាន​ជ្រុល​ទៅ​​ខាងស្តាំ​ដៃ​បុក ចំ​ក្បាល​រថយន្ត​ស៊ីទែនដឹក​ប្រេង ពាក់​ស្លាក​លេខ ភ្នំពេញ ​៣A-៦៣៣៤​ ដែល​កំពុង​ឈប់​ស្តុ​ប នៅ​កែង​ផ្លូវ​ឡុ​ង​ឈិ​ន បណ្តាល​អោយ​ខ្ទេច​មុខ ហើយ​រថយន្ត​ដឹក​ដី​ក៍បាន​ជ្រុល​ឡើង​ចិញ្ចើម ផ្លូវ​ទៅ​បុក​​រ៉ឺ​ម៉ក​លក់​ទា​អាំង បណ្តាល​អោយ​ក្រឡាប់ រង​ការ​ខូចខាត ​ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​នោះទេ​ ដោយសារ​​២​នាក់​ប្តី​ប្រពន្ធ​បានរត់​គេច​ខ្លួន​ទាន់​។

តាម​ប្រភពពី​អ្នកបើកបរ​រថយន្ត​បង្ក បានអោយ​ដឹង​ថា មុន​ពេល​កើត​មាន​គ្រោះថ្នាក់​ខាងលើ ​គាត់​បាន​ដឹក​ដី​ទន្លេ​មក​ពី​ស្រុក​ខ្សាច់កណ្តាល យក​ទៅ​ដាក់​នៅ​ខណ្ឌ​សែន​សុខ លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ហ្វ្រាំង​មិន​ស៊ី​ក៍បាន​ជួប​គ្រោះ​ថ្នាក់​បែបនេះ​តែ​ម្តង​។

ស្របពេលគ្នា​នោះដែរ​ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ក៍បាន​បើក​សរសៀ​ៗ​ក្បែរ​រថយន្ត​ស៊ីទែន​ប្រេង​ក៍បាន​ផុង​ដី​ជាប់​ផង​ដែរ​ ។​ បន្ទាប់​ពី​កើតមាន​គ្រោះថ្នាក់​​ខាងលើ​ នគរបាល​មូលដ្ឋាន ក៍បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​បាន​សម្របសម្រួល​ ដោយ​ម្ចាស់​រថយន្ត​ដឹក​ដី​ព្រម​ចេញ​ថ្ងៃ​ជួសជុល ៕​ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ