ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផ្កាយ​១ ទទួលស្គាល់​កំហុស ព្រម​ប្រគល់​អាវុធ និង​ទទួល​វិន័យ​របស់​កងកម្លាំង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បំភ្លឺ ករណី​មាន​ជម្លោះ​ក្នុង​ហាង​ផឹកស៊ី យីហោ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បំភ្លឺ ករណី​មាន​ជម្លោះ​ក្នុង​ហាង​ផឹកស៊ី យីហោ «​វិមាន​ព្រិល​» ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បង្ក​ដោយ​លោក​ផ្កាយ​១ ជិន សាមី​ឌី អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន កាលពី​យប់​ថ្ងៃ​ទី​១១ សីហា ២០២០ ។

បើ​តាម​សេចក្ដី​បំភ្លឺ​នេះ លោក​ឧត្តមសេនីយ៍ត្រី ជិន សាមី​ឌី បាន​សារភាព​ទទួលស្គាល់​កំហុស ពិតជា​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ពាក្យ​សម្ដី​ជាមួយ​មិត្តភក្តិ អំឡុង​ពេល​ហូប​ចុក​នោះ​ពិតប្រាកដ​មែន ប៉ុន្ដែ​ពុំ​បាន​ប្រើ​អាវុធ​បាញ់​គំរាម ឬ​បង្ក​របួស​ស្នាម​ដល់​ម្ចាស់​ហាង វិមាន​ព្រិល នោះ​ទេ រីឯ​រឿងហេតុ​នេះ ភាគី​ពាក់ព័ន្ធ​បាន​ព្រមព្រៀង​គ្នា​ដោយ​ជម្រើស​ផ្សះផ្សា​បញ្ចប់រឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រួចរាល់​ផង​ដែរ ។

ដោយឡែក នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បាន​ធ្វើការ​អប់រំ ណែនាំ លោក​ឧត្តមសេនីយ៍ត្រី ជិន សាមី​ឌី ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឆ្គាំឆ្គង​បែប​នេះ នៅ​ទី​សាធារណៈ​បន្ដ​ទៀត និង​ក៏​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​អាវុធ ព្រមទាំង​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ។

គួរ​រម្លឹក​ឡើង​វិញ​ដែរ​ថា លោក​ផ្កាយ​១​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​នាយកដ្ឋាន មាន​ជម្លោះ​ក្នុង​ហាង​ផឹកស៊ី ស្រាប់តែ​ដក​កាំភ្លើង​គំរាម​គូ​ជម្លោះ ហើយ​ព្យាយាម​រត់គេច​ផ្អើល​សមត្ថកិច្ច​ដេញ​តាម​ឆ្លង​ខណ្ឌ​ធ្វើការ​ឃាត់ខ្លួន​បាន​មក​វិញ នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ ទី​១២ សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ «​វិមាន​ព្រិល​» ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ដែល​ម្ចាស់​ហាង​ត្រូវ​បាន​ស្គាល់ មានឈ្មោះ លី​លី ស្នាក់​នៅផ្ទះ​១៣៦ ក្នុង​ហាង «​វិមាន កែវ​ព្រិល​»​តែ​ម្តង ។

ប្រភព​បន្ត​ថា បុរស​ដែល​ដក​កាំភ្លើងខ្លី​គំរាម ត្រូវ​បានឱ្យ​ដឹង​មានឈ្មោះ ជិន សាមី​ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់​សន្តិសុខ​ឯកជន មាន​ឋានន្តរស័ក្ដិ​ជា​ឧត្ដមសេនីយ៍ត្រី​ពាក់​ផ្កាយ​១ សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ម៉ាក​CF 98 មួយ​ដើម និង​រថយន្ត​ឡិច​ស៊ី​ស RX400h ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2-7119 មួយ​គ្រឿង​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​បុរស​ខាងលើ​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន «​វិមាន​ព្រិល​» ដែល​ជា​ភោជនីយដ្ឋាន​ទើបនឹង​បើក​សម្ភោ​ធ​នៅ​យប់​នេះ (​ថ្ងៃ​កើតហេតុ​) ខណៈ​ពេល​អង្គុយ​ផឹកស៊ី​បាន​បន្តិច ស្រាប់តែ​ឌឺដង​ដាក់​គ្នា​ជាមួយនឹង​មិត្ត​ស្រី​(​អតីត​សង្សារ​ចាស់ ដែល​មក​ជា​មនុស្ស​ប្រុស​ថ្មី​) ដែល​អង្គុយ​ផឹកស៊ី​នៅ​តុ​ក្បែរ​នោះ ដែល​គេ​ដឹង​ថា ជា​សមត្ថកិច្ច​ដូច​គ្នា​ដែរ​ភ្លាម​ៗ​នោះ ត្រូវ​បាន​ស្ត្រី​ម្ចាស់​ហាង​ឈ្មោះ​លី​លី នាំ​គ្នា​ឃាត់ ទើប​បុរស​ផ្កាយ​១ បាន​បើករថយន្ត​ចេញ​ទៅ​ក្រៅ​បាត់ ។ (នារី​ជា​អតីត​សង្សារ​ចាស់​របស់​លោក​ផ្កាយ​១ ត្រូវជា​មិត្តភក្តិ​របស់​ស្ត្រី​ម្ចាស់​ហាង​ វិមាន​ព្រិល​)

ប្រភព​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក បុរស​ផ្កាយ​១​បាន​បើករថយន្ត​ឡិច​ស៊ី​ស របស់​ខ្លួន​ត្រលប់​មក​វិញ បាន​មក​ឈប់​នៅ​ខាង​មុខ​ហាង រួច​ហើយ​ក៏​បាន​ដក​កាំភ្លើងខ្លី អា​មេ​គំរាម អ្នក​នៅ​ក្នុង​ហាង​ផឹកស៊ី គាប់​ជួន​ពេល​នោះ​ដែរ មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​នៅ​ទីនោះ​ឃើញ ស្រាប់តែ​បុរស​ខាងលើ​បាន​ព្យាយាម​បើករថយន្ត​ដើម្បី​រត់គេច តែ​ពេល​នោះ​ដែរ ។

កម្លាំង​សមត្ថកិច្ច​បាន​បោះដៃ​តាម​វិទ្យុទាក់ទង អោយ​គ្រប់​បណ្ដា​ខណ្ឌ​ជួយ​ឃាត់​តាម​ភិនភាគ​រថយន្ត​រហូត​ដល់​ចំនុច​ផ្លូវជាតិ​លេខ​១ ជិត​សាលា​អន្តរជាតិ​ប៊ែ​ល​ធី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ទើប​ឃាត់​រថយន្ដ និង​អ្នកបើកបរ ព្រមទាំង​ដកហូត អាវុធ​ខ្លី ម៉ាក CF98 ពណ៌​ខ្មៅ មួយ​ដើម ទើប​កម្លាំង​សមត្ថកិច្ច នាំ​ខ្លួន​បុរស​ខាងលើ ទៅ​ធ្វើការ​សាកសួរ​នៅ អធិការ​នគរបាល​ខណ្ឌចំការមន​តែ​ម្ដង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ