រាជធានីភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា នាថ្ងៃទី១២ សីហានេះ បានចេញសេចក្តីណែនាំបញ្ឈប់ជាបន្ទាន់ ចំពោះការលក់ និងចែកចាយស៊ីមកាត ដោយមិនយកឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកជួលជាវសេវា ដែលជាហេតុនាំឲ្យប៉ះពាល់ដល់កិច្ចការសន្តិសុខសាធារណៈ និងសន្តិសុខជាតិ ។
យោងតាមសេចក្តីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថា ក្រោយពីពិនិត្យឃើញថា កន្លងមកមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួនពុំទាន់បានអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការបណ្តាញ និងសេវាកម្មទូរគមនាគមន៍បានល្អនៅឡើយ ។
ដូច្នេះ និយ័តករទូរគមនាគមន៍កម្ពុជា (ទ.ទ.ក) បានណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវ ក៏ «ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការប្រកួតប្រជែងមិនស្របច្បាប់ និងការផ្តល់សេវាទូរគមនាគមន៍ដោយពុំមានគុណភាព ឬពុំមានសុចរិតតាមរយៈការបង្កើតឲ្យមានកញ្ចប់សេវាច្រើនប្រភេទដែលធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ ហើយហាមដាច់ខាតរាល់ការកាត់បណ្តាញ ឬរាំងខ្ទប់ចរនត្រាហ្វិករបស់បណ្តាប្រតិបត្តិករទូរគមនាគមនា៍នា។ រាល់ការផ្សព្វផ្សាយជម្រុញការលក់ (Promotion) ឬកាត់ផ្តាច់បណ្តាញរបស់ប្រតិបត្តិករទូរគមនាគមន៍ណាមួយ ត្រូវសុំការអនុញាតជាមុនពី ទ.ទ.ក ស្របតាមបទប្បញ្ញាត្តិជាធរមាន ។
ក្នុងនោះផងដែរ សេចក្តីណែនាំក៏បានព្រមានថា «ក្នុងករណី ប្រតិបត្តិករទូរគមនាគមន៍ណាមួយមិនអនុវត្តតាមសេចក្តីណែនាំនេះ បប្រតិបត្តិករទូរគមនាគមន៍នោះនឹងប្រឈមមុខចំពោះច្បាប់» ៕
ចែករំលែកព័តមាននេះ