ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​កូវីដ​! យក្ស​ធ្លាប់តែ​មាន​មាឌធំ ​​ពោះ​ប៉ោង​ ស្រែក​រង្គើឆាក ត្រូវ​ស្វិត​ពោះ​អស់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ពិភពលោក​នោះ សកម្មភាព​សម្តែង​សិល្បៈ នានា​ក្នុង​នោះ​ទាំង​ការ​ចេញ​សម្តែង​ល្ខោនបាសាក់​ផង​បាន​ផ្អាក​សកម្មភាព​ស្ទើរ​ទាំងស្រុង ។ ក្នុង​ស្ថានភាព​បែប​នេះ​យក្ស​ដែល​ធ្លាប់តែ​មាន​មាឌធំ ក្បាលពោះ​ប៉ោង​ធំ ស្រែក​រង្គើ​ឆាក ត្រូវ​ស្វិត​ពោះ​ដោយសារ​ជំងឺ​មួយ​នេះ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ពិភពលោក​នោះ សកម្មភាព​សម្តែង​សិល្បៈ នានា​ក្នុង​នោះ​ទាំង​ការ​ចេញ​សម្តែង​ល្ខោនបាសាក់​ផង​បាន​ផ្អាក​សកម្មភាព​ស្ទើរ​ទាំងស្រុង ។ ក្នុង​ស្ថានភាព​បែប​នេះ​យក្ស​ដែល​ធ្លាប់តែ​មាន​មាឌធំ ក្បាលពោះ​ប៉ោង​ធំ ស្រែក​រង្គើ​ឆាក ត្រូវ​ស្វិត​ពោះ​ដោយសារ​ជំងឺ​មួយ​នេះ​ផង​ដែរ ។ អាច​ថា​វា​ជា​រឿង​អស់សំណើច ប្រសិនបើ​គេ​ប្រៀបធៀប​ទៅ​លើ​តួអង្គ​យក្ស ដែល​តំណាង​ឲ្យ​សភាវៈ​អាក្រក់ មិន​ខ្លាច​នរណា​ទាំង​អស់នោះ បែរជា​ចាញ់​ឥទ្ធិពល​ជំងឺ​កូ​វី​ដ ។ ជំងឺ​កូ​វី​ដ​មិន​ខ្លាច​អ្នក​ណា​ម្នាក់​ឡើយ សូ​ម្បី​តែ​យក្ស​ក៏​វា​អាច​ចម្លង​បាន​ដែរ ដែល​នាំ​ឲ្យ​យក្ស​មិន​អាច​ចេញ​ទៅ​ណា សម្ងំ​តែ​នៅ​ក្នុងផ្ទះ មិន​បាន​សម្ដែង បាត់​ចំណូល ប៉ះពាល់​ជីវភាព​រស់នៅ ។

ជា​តួអង្គ​យក្ស​ម្នាក់​ក្នុង​វង់​ល្ខោន​របស់​លោក​អុល សំអាង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺ​កូ​វី​ដ​វង់​ល្ខោន​មិន​បាន​ចេញ​សម្តែង​មួយ​រោង​ណា​ឡើយ ពោល​គឺ​ផ្អាក និង​លើក​ចោលការ​សម្តែង​ប្រមាណ​ជា​២០​ទៅ​៣០​រោង​មក​ហើយ បើ​គិត​រយៈពេល​ជាង​២​ខែ​ចុង​ក្រោយ​នេះ ។ មុន​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​នេះ​វង់​ល្ខោន​របស់​លោក​បាន​ចេញ​សម្តែង​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​តួអង្គ​យក្ស​ដូច​ជា​រូប​លោក​នោះ​គឺ​ទទួល​បាន​កម្រៃ​ក្នុង​មួយ​រោង​ចាប់ពី​ជាង​១០​មុ​ឺ​ន​រៀល​ឡើង​ទៅ ដោយ​គិត​តាម​ទី​ជិត និង​ឆ្ងាយ ។

តួយក្ស​រូប​នេះ​និយាយ​ថា «​តម្លៃ​នេះ​គឺ​អាច​ជួយ​សម្រាល​ជីវភាព​របស់ខ្ញុំ​បាន​មួយ​ផ្នែក​ផង​ដែរ ហើយ​វា​អាច​ទទួល​បាន​ច្រើន​នៅ​ពេល​ដែល​យើង​ទទួល​បានការ​សម្តែង​ច្រើន ។ មក​ទល់​សម័យ​កូ​វី​ដ​នេះ​ខ្ញុំ​ក៏​បាន​ជួប​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​មិន​មាន​រោង​ចេញ​សម្តែង ពោល​ខ្ញុំ​ទ​ទួ​ួ​ល​បានការ​ហៅ​ថត​តិចតួច​តាម​កម្មវិធី​មួយ​ចំនួន ខណៈ​ក្រៅពី​នោះ​គឺ​មិន​មាន​អ្វី​ទាំងអស់ វា​ហាក់ដូច​ស្លាប់​ទីផ្សារ​សម្តែង​តែ​ម្តង ។

ទោះជា​យ៉ាងណា​ក្ដី​ខ្ញុំ​រំពឹង​ថា ក្រោយ​ពី​ជំងឺ​កូ​វី​ដ​ថមថយ ឬ​ការ​បាត់​ទៅ​វិញ​នោះ ខ្ញុំ​អាច​នឹង​មាន​រោង​សម្តែង​ឡើង​វិញ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​បច្ចុប្បន្ន​ការ​សម្តែង​ល្ខោន​នេះ​គឺជា​ផ្នែក​សំខាន់​ផង​ដែរ ក្នុង​ការ​ដោះស្រាយ​ជ​វិភាព​គ្រួសារ​»​។

លោក​អុល សំអាង ប្រធាន​ក្រុម​ល្ខោនបាសាក់​មហាជន​អុល សំអាង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 វង់​ល្ខោន​របស់​លោក​ត្រូវ​បាន​គេ​លើក​ពេល​នៃ​ការ​សម្តែង​ប្រមាណ​ជិត​៣០​រោង ខណៈ​ពេល​ដែល​ចំនួន​ដែល​នៅ​សេសសល់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅឡើយ​ពី​ម្ចាស់​កម្មវិធី ។

យ៉ាងណា​ចំពោះ​ការ​អាក់ខាន​នៃ​ការ​សម្តែង​នា​ពេល​នេះ លោក​មិន​មានចិត្ត​ទោមនស្ស និង​ខឹង ឬ​ត្អូញត្អែរ​អ្វី​នោះ​ឡើយ ដោយសារ​តែ​នេះ​ជា​ការ​សម្រេចចិត្ត​ពី​ម្ចាស់​កម្មវិធី ហើយ​នេះ​ជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បន្ត​ថា «​យើង​បាន​គិត​ពី​សុខភាព​អ្នកសិល្បៈ​យើង បើ​ទោះបី​យើង​ដឹង​ថា ពួក​គាត់​មាន​ជីវ ភាព​ខ្វះខាត ហើយ​មិន​បាន​សម្តែង​រក​កម្រៃ តែបើ​យោង​ទៅ​តាម​ស្ថាន​ការ​របស់​សង្គម និង​វិធាន ការ​របស់​រដ្ឋាភិបាល គឺ​យើង​ត្រូវ​តែ​អនុវត្ត ព្រោះ​វិធានការ​នេះ​មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​ទូ​ទាំង​ពិភពលោក ដែល​មាន​មេរោគ​កូ​វី​ដ​១៩ រីក​រាលដាល​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ