រាជធានីភ្នំពេញ ៖ អ្នករត់កង់បី និងសន្តិសុខយាមនៅផ្សារទំនើបអ៊ីអន១បានឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ករណីជនសង្ស័យខាងលើ ឆបោកយកទូរស័ព្ទមួយគ្រឿងពីម្ចាស់កង់បីបានសម្រេចតែរត់គេចខ្លួនមិនរួច ក៏ត្រូវជាប់ខ្នោះសមត្ថកិច្ចតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្សារទំនើបអ៊ីអន១ ផ្លូវសុធារស ភូមិ៨ ក្រុម៤៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យដែលជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចនោះ មានឈ្មោះ សេង អ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះលេខ៣៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ សៀន កុមារ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ១០ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមប្រភព័ត៌មានពីជនរងគ្រោះឈ្មោះ សៀន កុមារ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺ រូបគាត់បានដឹកជនរងគ្រោះឈ្មោះ សេន អ៊ី ចេញពីផ្សារបាយ័ន នៅជិតស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ មកឈប់នៅម្តុំកៅដាយ សង្កាត់ទួលស្វាយព្រៃ១ ហើយក៏បន្តមកផ្សារទំនើបអ៊ីអន១ ខណៈពេលដែល ជិះម៉ូតូកង់បី ជនសង្ស័យបានប្រើល្បិចធ្វើជាខ្ចីទូរស័ព្ទដៃពីជនរងគ្រោះប្រាប់ថា ខ្ចី តម្លើងកម្មវិធីវេលុយមួយភ្លែតដោយជឿជាក់រូបគាត់ក៏បានឲ្យខ្ចីទូរស័ព្ទ។
ប្រភពដដែលបានបន្តទៀតថា ពេលជិះមកដល់ផ្សារទំនើបអ៊ីអន១ ជនសង្ស័យបានឲ្យរូបគាត់ចាំមួយភ្លែត ហើយក៏កាន់ទូរស័ព្ទគាត់ ដើរចូលទៅក្នុងផ្សារទំនើបអ៊ីអនបាត់តែម្តង ដោយមានការសង្ស័យរូបគាត់បានខលទៅលេខទូរស័ព្ទ គាត់ដែលជនសង្ស័យខ្ចី តែទាក់ទងមិនចូលក៏ដើរចូលទៅតាមរកមើលរហូតដល់ជាន់ទី២ កន្លែងលក់ម្ហូបអាហារក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងអង្គុយចុចទូរស័ព្ទខ្លួន ក៏រាយការណ៍ប្រាប់សន្តិសុខយាមនៅក្នុងផ្សារទំនើបអ៊ីអនឲ្យជួយឃាត់ខ្លួន រួមនឹងវត្ថុតាង យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ និងក៏សាងសុំណុំរឿងបញ្ជូនទៅកាន់ អធិកាដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី ចំណែកទូរស័ព្ទដៃជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ៕ ដោយ ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ