រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានចេញល្បាតទប់ស្កាត់បទល្មើស និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ដោយនគរបាលបានអះអាងថា ជននេះគឺបានប្រកបរបរសង្គមងងឹតបែបនេះដុះស្លែទៅហើយ ។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលបានតាមអស់រយៈពេល២ខែមកហើយ ទំរាំតែទាន់ជាក់ស្ដែង និងឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនបាននេះ ។

ទោះជាយ៉ាងណា ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពជួយផ្ដល់ព័ត៌មានរាល់សកម្មភាពជនសង្ស័យរូបនេះរហូតកម្លាំងឃាត់ខ្លួនបានបែបនេះ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងដីឡូត៌ទំនេរមួយកន្លែង មានទីតាំងស្ថិតនៅតាមផ្លូវលេខ២០៥ ក្នុងក្រុមទី៣ ភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះសាន់ រ៉ៃយ៉ា ហៅយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ គឺជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនម្នាក់យ៉ាងសកម្មបំផុតនៅក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំងដែលអាចនិយាយបានថាដុះស្លែទៅហើយ ។ ហើយក្រោយពេលឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់តូចដែលជននេះបានមូរលាក់ទុកនៅក្នុងក្រដាស់ប្រាក់១០០រៀលរួចទុកនៅក្នុងអាវភ្លៀង។
តាមប្រភពដដែលបានបន្តទៀតថា កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងដឹកនាំដោយលោកអនុសេនីយ៍ឯក នាង ឧត្តម នាយនគរបាលប៉ុស្តិ៍ បានសង្ស័យនិងធ្វើការតាមដានជននេះរយៈពេល២ខែកន្លងមកហើយ ប៉ុន្តែពុំមានឱកាសដើម្បីបង្ក្រាបទាល់តែសោះ ព្រោះនេះគឺជាមុខសញ្ញាចាស់ដែលមានល្បិចកលច្រើន ។ លុះរហូតមកដល់ពេលនេះ ខណៈកម្លាំងចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានក៏បានទទួលដំណឹងពីប្រជាពលរដ្ឋប្រាប់មកថា ជនសង្ស័យខាងលើបានចេញធ្វើសកម្មភាពជួញដូរនិងចែកចាយគ្រឿងញៀន ទើបចុះទៅធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាននៅក្នុងដីឡូត៌ទំនេរខាងលើ។
ក្នុងការបង្ក្រាបជាក់ស្តែងខាងលើនេះ ក៏បានរកឃើញថ្នាំញៀនចំនួន៨កញ្ចប់ រួចក៏នាំជនសង្ស័យទៅកាន់ប៉ុស្តិ៍ត្រពាំងក្រសាំងដើម្បីសាកសួរ ទើបបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ