រាជធានីភ្នំពេញ ៖ មានករណីបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទាប្រាក់ក្នុងវីឡាមួយកន្លែង ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការឡោមព័ទ្ធនិងចុះឆែកឆេរទាំងយប់ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ និងរំដោះជនរងគ្រោះជាជនជាតិចិនចំនួន៣នាក់ ព្រមទាំងដកហូតសម្ភារៈបានមួយចំនួនទៀត។

ប្រតិបត្តិការចុះបង្ក្រាបក្រុមចាប់ជំរិតខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចក្នុងផ្ទះវីឡាលេខ១០០៧ ក្នុងបុរីមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកវរៈសេនីយ៍ ឯកហូរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ JIANG LIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EB4811177 និងម្នាក់ទៀតឈ្មោះ DENG ZHONGHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មានកាន់លិខិតឆ្លងដែនលេខ EE3692595 ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅក្នុងផ្ទះវីឡា ក្នុងភូមិសង្កាត់កើតហេតុខាងលើ ។

ចំណែកជនរងគ្រោះទាំង៣នាក់ រួមមាន ១-ឈ្មោះ HE LANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ២-ឈ្មោះ YANG XUELIN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន និង៣-ឈ្មោះ LISHIJIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន ។ អ្នកទាំង៣នាក់ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ ខេត្តព្រះសីហនុ ។

តាមលោកវរះសេនីយ៍ ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា នៅមុនពេលចុះបង្ក្រាបករណីខាងលើ គឺមានជនរងគ្រោះម្នាក់បានរត់រួចពីការឃុំឃាំង ទៅផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយអ្នកជិតខាងក៍បានប្តឹងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងរំដោះជនរងគ្រោះ២នាក់ទៀត ដែលជនជនសង្ស័យបានចាប់វាយខ្មោះ ដាក់ក្នុងអាងងូតទឹក។

តាមលោកអធិការ បានអោយដឹងទៀតថា តាមការសាកសួរ ជនសង្ស័យបានធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះចំនួន៣នាក់ខាងលើ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ នៅខេត្ត ព្រះស៊ីហនុ ហើយក៍បាននាំជនរងគ្រោះ មកបង្ខាំងទុកនៅក្នុងផ្ទះវិឡាក្នុងភូមិសង្កាត់កើតហេតុខាងលើ ដើម្បីទាកទងជំរិតទារប្រាក់ពីក្រុមគ្រួសារនៅប្រទេសចិន។ នៅក្នុងសកម្មភាពចាប់ជំរិតនោះដែរ ជនសង្ស័យបានជំរិតទាប្រាក់ម្នាក់ៗ ចំនួន ២០ម៉ឺនយ័ន ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះម្នាក់បានផ្ញើប្រាក់មកអោយ ចំណែកជនរងគ្រោះ២នាក់ទៀតក្រុមគ្រួសារមិនទាន់បានផ្ញើរប្រាក់មកឱ្យនៅឡើយទេ ។

តាមព័ត៌មានអោយដឹងទៀតថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើ សមត្ថកិច្ច ដកហូតបានសម្ភារៈបន្សល់ទុករួមមាន ខ្នោះដៃចំនួន៥គូ , ម៉ាស់បិទមុខ២, ដំបងឆក់ចំនួន២ , កាំបិតចុងស្រួច១, ដំបងរលាស់១ , ស្កុត១ដុំ , លិខិតឆ្លងដែន៤ក្បាល , ទូរស្ទ័ដៃ១០គ្រឿង និងឧបករណ៍កោរពុកម៉ាត់២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរនិងចាត់ការតតាមនិតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ