រាជធានីភ្នំពេញ ៖ បុរសជាជាងផ្សាដែកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលគាត់ឈរទប់ ជណ្ដើរដែកឲ្យជាង២នាក់ទៀតឡើងទៅផ្សារដែកនៅលើដំបូល លុះអ្នកទាំង២នាក់នោះឡើងផុត គាត់បានដកជណ្ដើរចេញដើម្បីផ្ដេក តែធ្ងន់ពេកទប់ម្នាក់ឯងអត់ឈ្នះក៏ដួលរលំទៅលើខ្សែភ្លើង នៅលើធ្នឹមរបងបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឃ្លាំងកំពុងសាងសង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសដែលស្លាប់ខាងលើនោះឈ្មោះ ម៉ូ រ៉ារដ្ឋា អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រើយត្រឹង ឃុំព្រៃកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងស្នាក់នៅក្នុងការដ្ឋានឃ្លាំងកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានឈរកាន់ទប់ជណ្តើរដែក១ដើម ប្រវែង៧,២០ម៉ែត្រ ដើម្បីឲ្យបុរស២នាក់ទៀតដែលជាជាងផ្សាដែកដូចគ្នាឡើងទៅផ្សាដែកនៅលើដំបូលឃ្លាំងដែលកំពុងសាងសង់។លុះពេលជាង២នាក់នោះឡើងផុតក៏បានដកជណ្ដើរចេញដើម្បីផ្ដេក ប៉ុន្តែដោយសារតែជណ្ដើរវែង និងធ្ងន់ទប់មិនជាប់បណ្ដាលឲ្យដួលលើខ្សែភ្លើងនៅលើឆ្នឹមរបង ដែលស្ថិតនៅក្បែរនោះ បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ និងប៉ុស្តិ៍ព្រៃវែង ដឹកនាំដោយលោក អធិការ ជឹម ស៊ីថា បានចុះទៅពិនិត្យជាក់ស្ដែង ហើយដោយសារជនរងគ្រោះ និងម្ចាស់ឃ្លាំងត្រូវជា បងប្អូននឹងគ្នាផងទើបក្រុមគ្រួសារមិនបានប្ដឹងផ្ដល់ឡើយ។ បន្ទាប់មកបានសុំយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ហើយម្ចាស់ឃ្លាំងក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន នៅក្នុងកម្មវិធីបុណ្យសពផងដែរ៕ ដោយ ៖ យន់ ស៊ីថា
ចែករំលែកព័តមាននេះ