រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញតឱ្យធនាគារ វឌ្ឍនៈ ដាក់ឱ្យដំណើរការសេវាធនាគារចល័ត (Mobile Banking) ដែលជាសេវាហិរញ្ញវត្ថុឌីជីថលដែលធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទឆ្លាតវៃ (Smart Phone) ជូនអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដែលនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ធនាគារ វឌ្ឍនៈ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ វឌ្ឍនៈ ។
ប្រភពដដែលបានបញ្ជាក់ថា «ការដាក់ឱ្យដំណើរការនៃ សេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ នាពេលនេះ គឺជាការបោះជំហានថ្មីមួយទៀតប្រកបដោយភាពជោគជ័យរបស់ ធនាគារ វឌ្ឍនៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍ លើកស្ទួយការធ្វើទំនើបកម្មសេវាកម្មតាមបែបឌីជីថល ក្នុងវិស័យធនាគារ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់អតិថិជនលើសេវាហិរញ្ញវត្ថុមួយប្រកបដោយភាពទំនើប ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ដែលស្របតាមចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ក្នុងការធ្វើឌីជីថលរូបនីយកម្មលើប្រតិបត្តិការរបស់ធនាគារ» ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ វឌ្ឍនៈ ចុះថ្ងៃទី ២៩ កក្កដា នេះក៏បានបញ្ជាក់ផងដែរថា កម្មវិធីសេវាធនាគារចល័តនេះ ផ្តល់ជូនអតិថិជននូវមុខងាជាច្រើនដែលមានភាពទំនើបទាន់សម័យក្នុងការប្រើប្រាស់ សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនរួមមាន៖
-ការពិនិត្យមើលសមតុល្យគណនី (រួមទាំងប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន)
-ការផ្ទេរប្រាក់ក្នុងធនាគារ (គណនីរបស់ខ្លួន និងគណនីដទៃ)
-ការទូទាត់វិក្កយបត្រទឹក-ភ្លើង
-ការទូទាត់ប័ណ្ណឥណទាន
-ការបញ្ចូលប្រាក់ទូរស័ព្ទ
-ការគ្រប់គ្រងការប្រើប្រាស់លើប័ណ្ណ ការផ្តល់ដំណឹងភ្លាមៗ
-ការពិនិត្យមើលប្រតិបត្តិការលម្អិត ព្រមទាំងកម្មវិធីផ្សេងៗទៀតជាច្រើន ៕ ដោយសហការ



ចែករំលែកព័តមាននេះ