រាជធានីភ្នំពេញ ៖ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល សូមចម្រើនពរ លោកជំទាវ ជោតិវតីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិន ផាន្នី ថុងអ៊ុយប៉ាង ។

អាត្មាភាពសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេគា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការ វគ្គព្រះឥន្ទសាមគ្គីធម៌ ព្រមទាំងព្រះមន្ត្រីសង្ឃសហការីនៃសាលាគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ព្រះអនុគណ ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ គ្រប់វត្តនៃគណៈធម្មយុត្តខេត្តកណ្តាល សូមសម្តែងនូវមុទិតាចិត្តត្រេកអររីករាយអនុមោទនា នៅក្នុងឱកាសដ៏វិសេសវិសាលឧត្តុងឧត្តមថ្លៃថ្លាជាទីបំផុត លោកជំទាវត្រូវបានគណៈសង្ឃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និកាយធម្មយុត្តខ្មែរ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បញ្ញត្តិនាម ជោតិវតីមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ។

ការទទួលបាននូវគោរមងារនេះ ពិតជាបុណ្យកុសលដ៏ធំធេងបំផុតសាងឡើងតាំងពីអតីតជាតិ និងបច្ចុប្បន្នជាតិដែលលោកជំទាវ បានលះបង់ទាំងកម្លាំងកាយ កម្លាំងបញ្ញាស្មារតី និងទ្រព្យធនច្រើនជាអនេកជួយទ្រទ្រង់ និងឧបត្ថម្ភទំនុកបម្រុងថែរក្សាការពារព្រះពុទ្ធសាសនា សំណង់ប្រាសាទបុរាណនានា សិល្បៈវប្បធម៌ នៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

អាត្មាភាព សូមសូត្រព្រះបរិត្តពុទ្ធមន្តប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន លោកជំទាវជោតិវតីមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ យិន ផាន្នី ថុងអ៊ុយប៉ាង ព្រមទាំងបុត្រា បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រាសចាកនូវរោគាពាធ មានសុខភាពល្អបរិបូរណ៍ កាលពលមាំមួន ជន្មាយុយឺនយូរ ពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចជោគជ័យ សមតាមបំណងប្រាថ្នាជានិច្ចនិរន្តរ៍តរៀងទៅ ។

សូម លោកជំទាវជោតិវតីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិន ផាន្នី ថុងអ៊ុយប៉ាង មេត្តាទទួលនូវសេចក្តីរាប់អានក្នុងធម៌ដ៏ខ្ពង់ខ្ពស់ពីអាត្មាភាព ៕
ចែករំលែកព័តមាននេះ