រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិចកាំងម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តមែសឺដែសស៊េរីទំនើបមួយគ្រឿង ទៅបុករឺុម៉កម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្រ្ចាស់គ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ចំណែករឺុម៉កម៉ូតូខូចខាតស្ទើរទាំងស្រុង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ មករា ២០១៥ នៅចំណុចមុខព្រះអង្គដងកើ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរឺុម៉កម៉ូតូមួយគ្រឿងមានដឹកភ្ញៀវនារីខ្មែរម្នាក់ និងបុរសនារីជាជនបរទេស២នាក់ទៀត ដោយបើកបរធ្វើដំណើរតាមផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខព្រះអង្គដងកើ រឺុម៉កម៉ូតូបានបន្ថយល្បឿនដើម្បីដាក់ភ្ញៀវចុះ ខណៈនោះក៏មានរថយន្តមែសឺដែសស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-6661 បើកបរដោយបុរសជនជាតិអាមេរិចកាំងម្នាក់ក្នុងសភាពស្រវឹងស្រាជោកជាំ និងរួមដំណើរជាមួយនារីម្នាក់ បានបើកបរធ្វើដំណើរតាមផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូងបានមកបុករឺុម៉កម៉ូតូពេញទំហឹងក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ចំណែករឺុម៉កម៉ូតូខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីបើករថយន្តបុករឺុម៉កម៉ូតូហើយនោះរថយន្តបង្កខាងលើបានបើករថយន្តគេចដល់ចំណុចផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញដេញទាន់ និងបានឃាត់បានទាំងរថយន្ត និង ម្ចាស់រថយន្ត។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកបុរសអាមេរិចកាំង និង រថយន្តបង្កត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ