រាជធានីភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកនៅកណ្តាលទន្លេ ត្រូវបានគេសង្ស័យថា ជនរងគ្រោះបានលោតទឹកពីលើស្ពានជ្រោយចង្វារ ហើយមិនដឹងថា ជនរងគ្រោះមានវិបត្តិអ្វីនោះទេ ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៩នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចខាងត្បូងស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សពបុរសម្នាក់ខាងលើពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជិត៣០ឆ្នាំ ស្លៀកខោពណ៌ពងមាន់រហែកក្បាលជង្គង់ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកនោះ គេឃើញសពបុរសម្នាក់បានផុសអណ្តែតឡើងក្នុងទឹកទន្លេក្បែរស្ពានជ្រោយចង្វារ ហើយក៍រសាត់តាមខ្យល់ទៅទិសខាងត្បូង បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកព័ត៌មានមួយចំនួនបានចុះទៅឡាយនៅកណ្តាលទន្លេនិងឡាយនៅលើច្រាំងទន្លេត្រើយខាងកើត ព្រមទាំងមានប្រជាពលរដ្ឋនាំគ្នាឈរមើលពីច្រាំងទន្លេ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា សពជនរងគ្រោះចេះតែរសាត់តាមខ្យល់អស់រយះពេលប្រមាណជាង១ម៉ោងទៅហើយ លុះនៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ទៅហើយ ពុំទាន់ឃើញមានសមត្ថកិច្ចខាងណាចាត់ចែងអូសសពចូលខាងដើម្បីអោយនគរបាលជំនាញចុះមកត្រួតពិនិត្យនៅឡើយទេ ។

ទន្ទឹមនឹងមានការភ្ញាក់ផ្អើលករណីខាងលើនេះដែរ ក៏មានប្រជាពលរដ្ឋជាច្រើនមានការសង្ស័យថា បុរសរងគ្រោះបានលោតទឹកពីលើស្ពានជ្រោយចង្វា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែកក្កដា ។ ទោះបីជាយ៉ាងណា មានតែនគរបាលជំនាញនិងគ្រូពេទ្យតុលាការចុះមកពិនិត្យទេ ទើបដឹងពីមូលហេតុនៃការបាត់បង់ជីវិតរបស់បុរសរងគ្រោះខាងលើនោះ ។

គិតមកត្រឹមវេលាម៉ោង១និង៥៨នាទីរសៀលថ្ងៃដដែល គេសង្កេតឃើញមាននារីម្នាក់អះអាងថាជាបងស្រីរបស់ជនរងគ្រោះខាងលើបានមកដល់កន្លែងកើតហេតុ ហើយសពបុរសរងគ្រោះខាងលើត្រូវបានអូសចូលខាងផងដែរ ។

បើតាមការអះអាងពីបងស្រីរបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប្រាក់ រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់ផលិតផលតាមអនឡាញ ស្នាក់នៅម្តុំគិរីរម្យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិយាមខៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពដដែលបានអះអាងប្រាប់សមត្ថកិច្ចថា ជនរងគ្រោះជាភេទទី៣ ជាបុរសស្រឡាញ់បុរស មូលហេតុដែលជនរងគ្រោះគិតខ្លី ហើយសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតបែបនេះ គឺដោយសារមានវិបត្តិស្នេហា ត្រូវសង្សារបោកប្រាស់យកអស់ប្រមាណជា១ម៉ឺនដុល្លារ ហើយកន្លងមកជនរងគ្រោះក៏បានព្យាយាមលេបថ្នាំ ប៉ងបញ្ចប់ជីវិតចំនួន៣ដងផងដែរ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ