ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានបាត់បង់ជីវិត ចំណែក៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តបែនដឹកដីបុកជាមួយគោយន្តកន្ត្រៃក្នុងទិសដៅបញ្ច្រាសគ្នា ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧ និង៣៨ ចំណុចភូមិចាស់ស្ថិតក្នុងភូមិបឹងចែង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

តាមសេចក្តីរាយការណ៍ពីស្រុកទឹកផុសបានអោយដឹងថា ភាគីខាងរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង ៣A-០៩០៥ បើកបរដោយឈ្មោះវង្ស វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ចំណែកភាគីខាងគោយន្តកន្ត្រៃមួយគ្រឿង មានដឹកមនុស្សចំនួន៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់ដែលបាត់បង់ជីវិត ម្នាក់ឈ្មោះលីន ភេទស្រី អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះអឿន ស្រីម៉ាច ភេទស្រី អាយុ៣៣ឆ្នាំ ជនរងគ្រោះទាំង២នាក់ រស់នៅក្នុងភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រីឯជនរងគ្រោះចំនួន៥នាក់ផ្សេងទៀតដែលរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមសេចក្តីរាយការណ៍ពីស្រុកទឹកផុសបានអោយដឹងបន្តថា មុនពេលកើតហេតុ រថយន្តបែនដឹកដីបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសគ្នាជាមួយនឹងគោយន្តកន្ត្រៃដែលមានដឹកមនុស្សសរុបចំនួន៧នាក់ ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តដឹកដីបុកចំពីមុខគោយន្តកន្ត្រៃ បណ្ដាលឱ្យអ្នករួមដំណើរលើគោយន្តបាត់បង់ជីវិតចំនួន២នាក់ និងរបួសធ្ងន់ចំនួន៥នាក់ ។

ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ចំនួន៥នាក់ត្រូវបានសមត្ថកិច្ចនិងគ្រួសារហៅរថយន្តមន្ទីរពេទ្យស្រុកមកដឹកយកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តដោយឡែកអ្នកបាត់បង់ជីវិត២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែ ។ ចំណែកអ្នកបើកបររថយន្តបែនដឹកដីរួមទាំងវត្ថុតាងរថយន្តបែនដឹកដី និងគោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការខេត្តនគរបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ