ខេត្តបន្ទាយមានជ័យ ៖ ជនជាតិបង់ក្លាដែស និងឥណ្ឌាសរុបចំនួន៦នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃចាប់ខ្លួនជាប់បន្ទាត់ព្រំដែនជិតច្រកទ្វារអន្តរជាតិខ្លងលឹកប៉ោយប៉ែត ដោយចោទថា ទើបចេញពីកម្ពុជាដោយខុសច្បាប់។

ករណីខាងលើនេះកើតឡើងកាលពីយប់ថ្ងៃទី២៤ កក្កដា និងរសៀលថ្ងៃទី២៥ កក្កដា ឆ្នាំ២០២០ នេះបើយោងតាមកាចុះផ្សាយរបស់គេហទំព័រនិងកាសែតក្នុងស្រុកថៃមួយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនជាតិឥណ្ឌា៣នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី២៤ កក្កដា និងជនជាតិបង់ក្លាដែស៣នាក់ទៀតត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនថ្ងៃទី២៥ កក្កដា ។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនជាតិឥណ្ឌា គេហទំព័រថៃខាងលើមិនបានធ្វើការៀបរាប់លម្អិតទេដោយចោទថាលួចឆ្លងដែនដោយខុសច្បាប់ ប៉ុន្តែករណីជនជាតិបង់ក្លាដែសតាមប្រភពព័ត៌មានថា ដំបូងធ្វើដំណើរតាមជើងយន្តហោះចេញពីប្រទេសឥណ្ទាចូលព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ កាលពីថ្ងៃទី១៦ មិនា ឆ្នាំ២០២០ និងផ្ទេរជើងយន្តហោះមកប្រទេសកម្ពុជាក្នុងថ្ងៃដដែលក្នុងនាមជាអ្នកទេសចរប្រើប្រាស់លិខិតឆ្លងដែនត្រឹមត្រូវ ។

ជនជាតិបង់ក្លាដែសខាងលើបន្តថា ដោយសារស្ថានការណ៍កូវីដ១៩ ចេះតែអូសបន្លាយពេល ទើបពួកគេស្នាក់នៅស្រុកខ្មែរ៤ខែមិនអាចវិលត្រឡប់ទៅប្រទេសខ្លួនបាន ។ ពួកគេប្រាប់ពីមូលហេតុចូលទៅដីថៃថា បំណងទាក់ទងរកស្ថានទូតរបស់ខ្លួន ទើបសម្រេចចិត្តធ្វើដំណើរពីភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតថ្ងៃទី២៤ កក្កដា ២០២០ និងរកមេខ្យល់ជូនឆ្លងព្រំដែនអស់ប្រាក់ម្នាក់២០០ដុល្លារ តែមិនទាន់សម្រេចបំណងផងក៍ត្រូវគេចាប់ខ្លួនតែម្តង ។
ជនសង្ស័យជាជនជាតិបង់ក្លាដែសនិងឥណ្ឌាខាងលើត្រូវបានសមត្ថកិច្ចថៃយកទៅពិនិត្យកំដៅក្រែងមានបញ្ហាសុខភាពនិងសាកសួរបន្តមុនបញ្ជូនទៅស្ថានីយតម្រួតខេត្តស្រះកែវ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ