រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានជួលរថយន្តមួយគ្រឿងម៉ាកព្រូសពីស្ត្រីជនជាតិខ្មែរម្នាក់យកទៅជិះធ្វើការងាររកស៊ី បន្ទាប់មកគាត់បានបើករថយន្តនេះយកទៅចតទុកនៅមុខសណ្ឋាគារមួយកន្លែងនាវេលាយប់រំលងអាធ្រាត្រ រួចហើយបានចូលទៅដេកលង់លក់ដោយមិនដឹងខ្លួននៅក្នុងសណ្ឋាគារនោះ ។

បន្ទាប់មកក៏ត្រូវបានជនសង្ស័យចូលទៅលួចបើករថយន្តនោះយកទៅបាត់ស្រមោល ហើយគាត់មិនបានដឹងឡើយ លុះក្រោយភ្ញាក់ពីដេកវិញទើបដឹងបាត់រថយន្ត ហើយបុរសជនជាតិចិននោះក៏បានប្រាប់ទៅម្ចាស់រថយន្តឱ្យបានដឹង ព្រមទាំងប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ផងដែរ ។ ក្រោយពីទទួលបានដំណឹងនេះ នគរបាលបានធ្វើការស្រាវជ្រាវតាមប្រព័ន្ធGPS ដែលភ្ជាប់នៅក្នុងរថយន្តនោះទើបរកឃើញមកវិញប៉ុន្តែជនសង្ស័យបានដោះស្លាកលេខរថយន្តនោះចោលបាត់ទៅហើយ។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមស្ត្រីដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យនគរបាលដឹងថា រថយន្តមួយគ្រឿងដែលត្រូវចោរលួច នោះម៉ាកព្រូស ពណ៍ក្រហម ពាក់ស្លាកលេខ2AE-1623 គឺជាកម្មសិទ្ធិរបស់គាត់ដែលបានទិញតាមរយៈការបង់រំលស់ពីក្រុមហ៊ុន ក្នុង១ខែជាង២០០ដុល្លារ ។ បន្ទាប់មកគាត់បានជួលទៅឲ្យបុរសជនជាតិចិនម្នាក់ឈ្មោះLong Yueshan អាយុ៥៧ឆ្នាំ មុខរបរជាជាងជួសជុលម៉ាស៊ីន និងគ្រឿងចក្រក្នុង១ខែ៤០០ដុល្លារដើម្បីយកប្រាក់ចំណេញ ។ ស្រាប់តែពេលនេះត្រូវបានចោរលួច ប៉ុន្តែដោយសារតែនៅក្នុងរថយន្តនេះមានភ្ជាប់ប្រព័ន្ធ GPS ទើបអាចរកឃើញវិញបែបនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែកក្កដា បុរសជនជាតិចិនខាងលើបានបើករថយន្តទៅជួសជុលម៉ាស៊ីននិងគ្រឿងចក្រឲ្យគេនៅម្ដុំស្ពានទី១៤ ស្ថិតក្នុងភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ លុះដល់វេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ទើបបើករថយន្តទៅឈប់នៅសណ្ឋាគារមួយកន្លែងស្ថិតក្នុងភូមិឃុំកើតហេតុខាងលើវិញ។

តាមប្រភពដដែលបានបន្តថា ក្រោយពីទុករថយន្តរួចរាល់ បុរសជនជាតិចិននោះបានចូលទៅដេកនៅក្នុងសណ្ឋាគារនោះ ហើយលង់លក់មិនដឹងខ្លួន រហូតដល់ព្រឹកឡើង ទើបដឹងថាបាត់រថយន្ត ហើយក៏បានប្រាប់ទៅស្ត្រីជាម្ចាស់រថយន្តឲ្យដឹង រួចហើយប្ដឹងសុំអន្តរាគមន៍ពីសំណាក់កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះនគរបាលបានធ្វើការស្រាជ្រាវតាមរយៈប្រព័ន្ធGPSដែលភ្ជាប់នៅក្នុងរថយន្តនោះ ទើបរកឃើញរថយន្តនោះដែលត្រូវជនសង្ស័យដោះស្លាកលេខចោលនិងគ្របទុកនៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែរកជនសង្ស័យអត់ឃើញ មិនដឹងថាគេចខ្លួនទៅដល់ទីណាឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ