រាជធានីភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងទៅកាន់ផ្ទះលក់ដូរមួយកន្លែង ហើយបានជួបក្មេងស្រីអាយុ១៥ឆ្នាំម្នាក់កំពុងលក់ដូរតែម្នាក់ឯង ខណៈឪពុកម្ដាយនិងជីដូនជាប់រវល់ទៅផ្សារ ពេលនោះស្ត្រីជាជនសង្ស័យបានប្រើល្បិចប្រមូលទិញភេសជ្ជៈទាំងអស់ដែលដាក់ក្លាស្សេក្នុងធុងទឹកកកធំមួយ ហើយឆ្លៀតពេលក្មេងស្រីជាប់រវល់រៀបចំភេសជ្ជៈឲ្យ ស្រាប់តែស្ត្រីជាជនសង្ស័យនោះបន្លំលួចយកលុយជាង១០ម៉ឺនរៀល។បន្ទាប់មកបានយកភេសជ្ជៈដាក់លើម៉ូតូ ព្រមទាំងហៅក្មេងស្រីជាអ្នកលក់ម្នាក់នោះឲ្យជិះម៉ូតូជាមួយ ដោយប្រាប់ក្មេងស្រីថា ទៅយកលុយនៅផ្ទះរបស់ខ្លួន ពេលនោះនាងក៏ឡើងជិះម៉ូតូទៅជាមួយ លុះដល់ពាក់កណ្ដាលផ្លូវជាកន្លែងស្ងាត់ ក៏ទម្លាក់ក្មេងស្រីនោះចុះ រួចជិះគេចខ្លួនទៅបាត់ស្រមោល។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ដូរ ដែលមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សីមុខសាលាសង្កាត់កាកាបទី១ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះមិនបានប្រាប់ឲ្យដឹងថានាងឈ្មោះអ្វីនោះទេ ដោយបានបាត់បង់លុយជាង១០ម៉ឺនរៀល រួមនឹងភេសជ្ជៈ១ធុងទឹកកកធំ ចំណែកស្ត្រីជាជនសង្ស័យម្នាក់នោះក៏មិនស្គាល់អត្តសញ្ញាណដែរ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធូដេ ពណ៍ក្រហម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ ស្ត្រីជាជនសង្ស័យបានជិះម៉ូតូមួយគ្រឿងទៅកាន់ផ្ទះកើតហេតុខាងលើ ហើយក៏បានជួបនឹងក្មេងស្រីរងគ្រោះកំពុងនៅលក់ដូម្នាក់ឯង ដោយឪពុកម្ដាយ និងជីដូនមិននៅ ជាប់រវល់ទៅទិញអីវាន់នៅផ្សារ។ ខណៈនោះស្ត្រីជាជនសង្ស័យក៏បានប្រើល្បិចប្រមូលទិញភេសជ្ជៈគ្រឿងកំប៉ុងទាំងអស់នៅក្នុងធុងទឹកក ហើយក្មេរងស្រីរងគ្រោះក៏បានរៀបចំច្រកគ្រឿងកំប៉ុងឲ្យ ចំណែកស្ត្រីជាជនសង្ស័យពេលឃើញក្មេងស្រីនោះរវល់ក៏បានបន្លំលួចយកលុយអស់ចំនួនជាង១០ម៉ឺនរៀល។

តាមប្រភពព័ត៌មានបានបន្តថា បន្ទាប់មកស្ត្រីជាជនសង្ស័យក៏បានលើកយកភេសជ្ជៈដាក់លើម៉ូតូ និងហៅក្មេងស្រីរងគ្រោះឲ្យឡើងជិះម៉ូតូជាមួយខ្លួន ដោយប្រាប់ថាទៅយកលុយនៅផ្ទះរបស់ខ្លួន ពេលនោះក្មេងស្រីបានឡើងជិះទៅជាមួយ លុះពេលទៅដល់ពាក់កណ្ដាលផ្លូវក្បែរអាងទឹក ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ក៏ទម្លាក់ក្មេងស្រីរងគ្រោះចុះរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានបានបន្តទៀតថា ចំណែកឪពុកម្ដាយនិងជីដូន ក្រោយពេលត្រឡប់មកពីផ្សារដល់ផ្ទះវិញ មិនឃើញនាងក៏មានការភ្ញាក់ផ្អើល និងប្ដឹងសុំឲ្យនគរបាលជួយតាមរក ក្រោយមកក៏បានប្រទះឃើញនាងកំពុងឈរយំស្ថិតនៅក្បែរអាងទឹក ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ទើបនាំយកត្រឡប់ទៅផ្ទះវិញរួចសួរនាំ ទើបដឹងថាមានរឿងហេតុខាងលើកើតឡើង ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ