រាជធានីភ្នំពេញ ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេ ដោយមិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះបាត់បង់ជីវិតដោយសារមូលហេតុអ្វីឡើយ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង ៤៥នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេខាងជើងភោជនីយដ្ឋានទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ភិនភាគសពបុរសរងគ្រោះខាងលើមានពាក់អាវដៃខ្លីពងជីងចក់ ពណ៌ទឹកប៊ិច ស្លៀកខោជើងខ្លីត្រឹមក្បាលជង្គង់ ពណ៌ស និងមានសាក់ពេញខ្នងផងដែរ ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកនេសាទកំពុងចែវទូករកត្រី ស្រាប់តែប្រទះឃើញសពបុរសម្នាក់ខាងលើមានសភាពហើម និងជះក្លិនស្អុយទៅហើយបានអណ្តែតតាមទឹកពីត្បូងទៅជើង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលប្រទះឃើញសពបុរសម្នាក់អណ្តែតតាមទឹកទន្លេបែបនេះ ពួកគាត់ក៏បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ ។ លុះពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានសហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ជើងទឹកដែលប្រចាំការក្បែរនោះក៏បើកអូប័រមួយគ្រឿងអូសសពមកដាក់ខាង ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ