រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់បានជួបគ្រោះថ្នាក់តាមផ្លូវ បណ្តាលឱ្យបាត់បង់ជីវិត បន្ទាប់ពីជនរងគ្រោះចេញពីផឹកស៊ីនៅផ្ទះបងប្អូនហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះសង្ស័យថា មានរថយន្តបុកម៉ូតូពីក្រោយ ទើបបណ្តាលឲ្យបុរសរងគ្រោះដួលបាក់កបាត់បង់ជីវិតភ្លាមៗនៅកន្លែងបែបនេះ ហើយក៏សូមអំពាវនាវដល់សមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់រថយន្តបង្កផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះសុខ លាង អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះបានទៅផឹកស៊ីជាមួយនឹងបងប្អូននៅផ្ទះស្ថិតក្នុងភូមិកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះក៏បានជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CN-៧៥៣២ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។
តាមប្រភពព័ត៌មានបានបន្តទៀតថា លុះនៅពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ សង្ស័យថាមានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ ទើបបណ្ដាលឱ្យជនរងគ្រោះដួលបាក់កបាត់បង់ជីវិតភ្លាមៗបែបនេះ ។ ដោយក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ដោយសារតែឃើញម៉ូតូរបស់ជនរងគ្រោះមានស្នាមបែកបាក់នៅផ្នែកខាងក្រោយ ដូច្នេះហើយពួកគាត់សង្ស័យថា ជនរងគ្រោះមិនមែនបាត់បង់ជីវិតដោយសារតែដួលដោយខ្លួនឯងនោះទេ ពិតជាមានរថយន្តបុកហើយ ទើបពួកគាត់បានសំណូមពរទៅដល់សមត្ថកិច្ចខណ្ឌច្បាអំពៅមេត្តាជួយស្រាវជ្រាវតាមរកចាប់រថយន្តបង្កផង។
ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បាអំពៅធ្វើបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពនិងម៉ូតូទៅឲ្យក្រុមគ្រួសារយកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមរកចាប់អ្នកបើករថយន្តបង្ក ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ