រមណីយដ្ឋានទន្លេបាទី និងការអភិវឌ្ឍន៍ហាក់ដើរថយក្រោយ (វីដេអូ)
- កណ្តាល
ខេត្តតាកែវ ៖ ទឹកដីខេត្តតាកែវ មានតំបន់ទេសចរណ៍ជាច្រើនកន្លែង ក្នុងនោះមានរមណីយដ្ឋានទន្លេបាទី ជាតំបន់ទេសចរណ៍អច្ឆរិយៈ និងធម្មជាតិ ព្រោះមានប្រាងប្រាសាទ មានវាលបឹង និងផ្ទៃទឹកថ្លាឈ្វេងគួរជាទីគយគន់ និងកំសាន្តសប្បាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។

បើយើងធ្វើដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ២ មានចំងាយប្រហែល៣០គីឡូម៉ែត្រនោះ និងឃើញក្លោងទ្វារប្រាសាទមួយនៅខាងលិចផ្លូវជាតិ កាត់លើដងផ្លូវកៅស៊ូខ្មៅក្រឹប ចម្ងាយជាង១គីឡូម៉ែត្រ ឃើញផ្ទាំងបាណូមួយយ៉ាងធំមានរូបប្រាសាទ ដោយរំលេចអក្សរថា «ប្រាសាទតាព្រហ្មរមណីយដ្ឋានទន្លេបាទី» ។ ទីនេះហើយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមានប្រាសាទមានទីអារាម សាលារៀន និងមានផ្ទៃបឹងទឹកថ្លាឈ្វេងធំល្វឹងល្វើយលាតសន្ធឹងជាប់ព្រំប្រទល់២ស្រុក គឺខាងត្បូងដីស្រុកបាទី ខេត្តតាកែវ និងខាងជើង ដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រមណីយដ្ឋានទន្លេបាទី មិនត្រឹមជាទីដើរលំហែកាយរបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នោះទេ គឺជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ និងជំនឿសាសនាសំរាប់ការសិក្សា និងគោរពបូជាទៀតផង។
ពេលមុន និងពេលនេះនៅរមណីយដ្ឋានទន្លេបាទី ហាក់ខុសគ្នាយ៉ាងដាច់ស្រឡះតែម្តង មានសភាពស្ងាត់ជ្រងំនិយាយអោយខ្លីខ្សត់ភ្ញៀវមកដើរលេង តើមកពីមូលហេតុអ្វី? អសន្តិសុខ មុខម្ហូបថ្លៃ ឬបរិស្ថានមិនល្អ…?
អ្នកទេសចរណ៍ទៅដើរលេងនៅរមណីយដ្ឋានទន្លេបាទី ក្រៅពីទស្សនាប្រាង្គប្រាសាទតាព្រហ្ម គឺសំដៅទៅអង្គុយលេងគ្រែទឹកលំហែកាយ និងកម្មង់ម្ហូបអាហារ ឬភេសជ្ជៈហូបមុនត្រឡប់មកលំនៅដ្ឋានវិញ ចុះហេតុអីពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែខ្សត់ភ្ញៀវទៅវិញ?

បើតាមអ្នកមីង រុំ មានគ្រែទឹកជិតកន្លែងលក់មុខម្ហូបអាហារក្នុងរមណីយដ្ឋានទន្លេបាទី បានរៀបរាប់អោយដឹងថា រមណីយដ្ឋានទន្លេបាទី បច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់ប្រជាសហគមន៍ មិនមែនការគ្រប់គ្រងរបស់ក្រុមហ៊ុនដូចលើកមុនទេ។ ចំពោះបញ្ហាភ្ញៀវមានការថយចុះ ដោយសារមួយរយៈនេះមានជំងឺកូវីដ១៩ចូលមក ធ្វើអោយអ្នកមកទស្សនាមានការថយចុះ ពួកគាត់ក៏ស្ទើរដាច់ខ្យល់ដែរ ពោលគឺ១ថ្ងៃស្ទើរមិនមានភ្ញៀវមួយនាក់មកអង្គុយគ្រែគាត់ផង។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)











































ចែករំលែកព័តមាននេះ