រាជធានីភ្នំពេញ ៖ ស្ត្រីជាប្រពន្ធអត់ស្រួលខ្លួនមិនបានដើរសុំម្ហូបដែលភ្ញៀវហូបសល់នៅតាមសួនច្បារអោយប្តីហូប ធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹងក៏បានប្រើអំពើហិង្សា ដោយយកដុំថ្មវាយដើមចំទ្រូងនិងក្បាលស្ត្រីជាប្រពន្ធ រហូតក្អួតឈាមតាមមាត់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកបុរសជាប្តីបានគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចសួនច្បារក្បែរស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្តីប្រពន្ធទាំងពីរនាក់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីស្ត្រីម្នាក់ជាអាជីវករលក់ភេសជ្ជៈនៅសួនច្បារក្បែរកន្លែងកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានជិះម៉ូតូកង់បីមកចុះនៅក្បែរចំណុចកើតហេតុ ។ មួយស្ទុះក្រោយមក បុរសជាប្តីក៏បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុប មិនចាំស្លាកលេខ មកតាមក្រោយ លុះចុះពីលើម៉ូតូ ក៏ដើរសំដៅទៅរកស្ត្រីរងគ្រោះជាប្រពន្ធ ហើយពួកគេទាំង២នាក់ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈនោះដែរក៏មានមនុស្សជាច្រើនកំពុងមកអង្គុយលេងលំហែនៅត្រង់សួនច្បារកើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តថា ពេលនោះបុរសជាប្តីក៏បានប្រើអំពើហិង្សាវាយដំទៅលើប្រពន្ធ បណ្តាលឲ្យទ្រមខ្លួនដើរមិនចង់រួច បន្ទាប់មកមកបុរសជាប្តីរូបនោះក៏ព្យាយាមអូសស្ត្រីរងគ្រោះដើរសំដៅទៅរកម៉ូតូ រហូតស្ត្រីរងគ្រោះអស់កម្លាំងក៏បានដួលទៅលើដី។ ខណៈនោះស្រាប់តែបុរសជាប្តីបានរើសដុំថ្មយកទៅវាយដើមទ្រូងនិងក្បាលរបស់ស្ត្រីរងគ្រោះ បណ្តាលឲ្យស្ត្រីរងគ្រោះក្អួតឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់មកបុរសជាប្តីក៏បានរត់ឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង ។ ក្រោយមកក៏មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
តាមប្រភពដដែលបានបន្តថា កន្លងមក គេឧស្សាហ៍ឃើញប្តីប្រពន្ធទាំងពីរនាក់ខាងលើជិះម៉ូតូឌុបគ្នាមកសួនច្បារកើតហេតុខាងលើជាញឹកញាប់ ដើម្បីឱ្យស្ត្រីរងគ្រោះដើរសុំម្ហូបអាហារនៅសល់ពីប្រជាពលរដ្ឋដែលមកលេងនៅសួនច្បារខាងលើយកទៅឲ្យបុរសប្តីហូប។
តាមប្រភពដដែលបានបន្តទៀតថា កន្លងមកបុរសជាប្តីខាងលើក៏ធ្លាប់ប្រើអំពើហិង្សាទៅលើស្ត្រីរងគ្រោះជាច្រើនដងរួចមកហើយដែរ នៅពេលដែលស្ត្រីរងគ្រោះមិនបានដើរសុំម្ហូបអាហារពីគេយកមកឲ្យខ្លួនហូប ប៉ុន្តែក៏មិនដល់ថ្នាក់វាយដំបណ្តាលឱ្យរងរបួសធ្ងន់ដូចថ្ងៃកើតហេតុនោះទេ។ នៅថ្ងៃកើតហេតុ ដោយសារតែស្ត្រីរងគ្រោះមិនសូវស្រួលខ្លួន ទើបមិនបានដើរសុំម្ហូបអាហារពីគេ ជាហេតុធ្វើឲ្យបុរសជាប្តីខឹងក៏កើតជាហិង្សាតែម្តង។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តរបស់គ្លីនិកឯកជនចុះមកដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗតែម្ដង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ