រាជធានីភ្នំពេញ ៖លោកបណ្ឌិតផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងជាប្រធានគម្រោង «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» បានទទួលឯកសាររូបថតចម្លាក់លើថែវទាំងអស់ (ថែវខាងក្នុង និងខាងក្រៅ) នៅប្រាសាទបាយ័នដែលបានថតដោយអ្នកជំនាញជប៉ុន និងអាជ្ញាធរជាតិអប្សរា ។ ការទទួលនេះពីលោកបណ្ឌិតទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ។
ការផ្សាយដោយរាជបណ្ឌិត្យសភាឲ្យដឹងថាបន្ទាប់ពីទទួលបានការឯកភាពពីឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក្នុងការផ្ដល់ឯកសាររូបថតចម្លាក់លើថែវទាំងអស់នៅប្រាសាទបាយ័ន លោកបណ្ឌិតទិន ទីណា បានរៀបចំឯកសាររូបថតដាក់ជាបណ្ដុំតាមថែវខាងក្នុង និងថែវខាងក្រៅ ។ ចំណែកនៅតាមថែវ នីមួយៗ លោកបណ្ឌិតទិន ទីណា ក៏បានរៀបចំជាបណ្ដុំតាមទិស និងស្លាបនៃថែវ ។ ការរៀបចំបែបនេះជួយសម្រួលដល់ការបែងចែង និងសិក្សាតាមផ្នែក នីមួយៗ ។

លោកបណ្ឌិតផុន កសិកា ក៏បានជម្រាបដល់លោកបណ្ឌិតទិន ទីណា ដែរថា បន្ទាប់ពីទទួលបានរូបថតទាំងអស់នេះហើយ ហើយនៅពេលរាជបណ្ឌិត្យសភាកម្ពុជាយករូបថតទៅប្រើប្រាស់ជាឯកសារបោះពុម្ពផ្សាយ រាជបណ្ឌិត្យសភាកម្ពុជានឹងរក្សាសិទ្ធិជូនដល់អាជ្ញាធរជាតិអប្សរា និង Japan-Apsara for Safeguarding Angkor។
បន្ទាប់ពីចុះហត្ថលេខាទទួលរូបថត លោកបណ្ឌិតផុន កសិកា បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ជាពិសេសឯកឧត្តមបណ្ឌិត ហង់ ពៅ ដែលបានជួយសម្របសម្រួលអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវគម្រោងស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅក្នុងតំបន់អង្គរ ខេត្តសៀមរាប និងបានអនុញ្ញាតឱ្យក្រុមស្រាវជ្រាវផលិតបទយកការណ៍ តាមរយៈទូរទស្សន៍ PNN ព្រមទាំងផ្ដល់រូបថតនៅតាមថែវប្រាសាទបាយ័នថែមទៀត ។
នេះស្ដែងឱ្យឃើញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតអគ្គនាយក ក្នុងកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដែលជាការចូលរួមចំណែកការពារ ថែរក្សា អភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ។
ជាមួយគ្នានេះដែរលោកបណ្ឌិត ផុន កសិកា ក៏បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតទិន ទីណា, លោកអ៊ឹម សុខរិទ្ធី និង លោកឡេង សត្យា ដែលបានចូលរួមសហការជាមួយក្រុមការងារស្រាវជ្រាវគម្រោង «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា ។
លោកបណ្ឌិតទិន ទីណា បានបង្ហាញសមុច្ច័យបុរាណវត្ថុដែលប្រមូលបានពីកំណាយស្រាវជ្រាវនៅស្ថានីយបុរាណនានាក្នុងតំបន់អង្គរ មានដូចជា កុលាលភាជន៍ បុរាណវត្ថុធ្វើពីថ្ម វត្ថុធ្វើពីដែកមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ